វប្បធម៌​ពុករលួយ និង​អន្តរា​គម ធ្វើ​ឲ្យ​វិធានការ​បង្ក្រាប​រថយន្ត​ធំ​ចូល​ក្រុង បាន​ត្រឹម​ជា​ក្រដាស​បោះ​ក្នុង​ធុងសំរាម​

, , Leave a comment

​រាជធានី​ភ្នំពេញ : រថយន្ត​ប្រមាណ​ជាង​៤០​ម៉ឺន​គ្រឿង​ដែល​បាន​ចុះបញ្ជី​ផ្លូវការ ក្នុងនោះ​រថយន្ត​ធំ​មាន​ប្រមាណ​៤​ម៉ឺន​គ្រឿង​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ដោយ​បំផ្លាញ​ផ្លូវ ថ្នល់ និង​បង្ក​ការកកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ និង​ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​លំបាក​ក្នុងការ​អនុវត្ត​វិធានការ​បង្ក្រាប​ឬ​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ស្ទើរ​រាល់ថ្ងៃ​ផងដែរ​។​

10-10-2016-7

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​បែបនេះ ខណៈ​លោក និង​មន្ដ្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ផ្លូវជាតិ​លេខ​៤​នៅ​រង្វង់​មូល​ចោមចៅ និង​ពិនិត្យ​បណ្ដាញ​លូ សងខាង​ផ្លូវ មុខ​ផ្សារ​ជម្ពូ​វ័ន​កាលពី​ថ្ងៃទី​៨ តុលា ឆ្នាំ​២០១៦​។ ក្នុងឱកាស​នោះ​លោក ប៉ា សុជាតិ​វង្ស បាន​សម្តែង​នូវ​ការ​ត្អូញត្អែរ​យ៉ាងខ្លាំង​ចំពោះ​វិធានការ​បង្ក្រាប​រថយន្ត​ធំ​ចូលក្នុង​ក្រុង​ដែល​អាជ្ញាធរ​ពិតជា​មានការ​លំបាក​ក្នុងការ​រៀបចំ​ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​នោះ​។​

10-10-2016-1

​លោក ប៉ា សុជាតិ​វង្ស បាន​លើកឡើងថា ៖ បញ្ហា​រថយន្ត​ធំៗ​ចូល​ក្រុង បញ្ហា​អ្នកលក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​រៀងរាល់ថ្ងៃ ពិសេស​ការ​រដ្ឋា​ន​សំណង់ ដាក់​សម្ភារៈ នៅ​នៅលើ​ចិញ្ចើម បញ្ហា​ទាំងអស់​មិនទាន់ អាច​ទប់ស្កាត់បាន​នោះទេ​ដោយសារ ភ្នំពេញ​នូវមាន​តម្រូវការ​ផ្នែក​អភិវឌ្ឍន៍ សំណង់​ទៅ​លក្ខណៈ​ក្រុមហ៊ុន អង្គភាព និង​ឯកជន​របស់​ប្រជាពលរដ្ឋ​។​

10-10-2016-2

​លោក​បាន​លើក​ជា​សំណួរ​ថា ក្នុង​រាជធានី​ភ្នំពេញ មាន​រថយន្ត​ប្រមាណ​៤០​ម៉ឺន​គ្រឿង ដែល​បាន​ចុះបញ្ជី និង​ធ្វើ​ចរាចរណ៍ ក្នុងចំណោម​នេះ​មាន​រថយន្ត​ធុន​ធំ​ប្រមាណ​៤​ម៉ឺន​គ្រឿង ឥឡូវនេះ​យើង​ទប់ស្កាត់បាន ប្រមាណ​៩០​ភាគរយ​នៃ​ឡានធំ​មិន​ឲ្យ​ចូល​ក្រុង ប៉ុន្តែ​នៅសល់​១០​ភាគរយ​ទៀត ដែល​អាជ្ញាធរ​មានការ​លំបាក និង​ចាំបាច់​ត្រូវ​ចូល​ដោយសារ​យើង​ឲ្យ​គេ​សាងសង់​ដូចជា សំណង់​នៅតាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី តើ​ឲ្យ​គេ​ដឹក​ដែក ដឹក​ថ្ម ឬ​ខ្សាច់​ចូល​ទេ​?  ត្រូវតែ​ឲ្យ​គេ​ចូល ជប៉ុន​ធ្វើ​លូ​ជួយ​ឥត​សំណង គេ​សុំ​អាទិភាព​ឡានធំ​ចូល​២០ ឬ​៣០​ឡាន តើ​ឲ្យ​គេ​ចូល​ទេ​? បើ​មិន​ឲ្យ​ចូល​វា​ប៉ះពាល់ គម្រោង​គេ​ចឹ​ង​មានតែ​ឲ្យ​គេ​ចូល និង​បងប្អូន​ប្រជាជន​យើង​ធ្វើ​ផ្ទះ​តើ​ឲ្យ​ដឹក​ចូល​ទេ​? ត្រូវតែ​ឲ្យ​គាត់​ចូល​។​

10-10-2016-3

​ស្ថានទូត​អាមេរិក​ស្នើ សុំ​ដឹក​សាំង​១​ស៊ីទែន​ម្តង​២​ម៉ឺន​លីត្រ ដែល​ខ្នាត​នេះ​ហាម​មិន​ឲ្យ​ចូល​ទេ តែបើ មិន​ឲ្យ​គាត់​ចូល គាត់​ថា នេះ​ជា​គម្រោង​ស្ថានទូត​របស់គាត់ ចឹ​ង​មានតែ​ឲ្យ​ចូល ដែល​មិនអាច​ចៀសផុត តែ​ក្នុងនោះ​ក៏មាន​ការឃុបឃិត​ពី​សមត្ថកិច្ច​មូលដ្ឋាន​យើង​ខ្លះ និង​អ្នករកស៊ី​មួយចំនួន​តូច​ដែល​ឆ្លៀតឱកាស​ផងដែរ​។​

10-10-2016-5

​លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា បងប្អូន​យើង​មួយចំនួន​មិនបាន​យកចិត្តទុកដាក់​អំពី​បញ្ហា​ខាងលើនេះ​ទេ មើល​តែមួយ​ជ្រុង​ថា អាជ្ញាធរ​នេះ​ធូរ​លង់ តែ​តាម​ការពិត​យើង​ធ្វើ​ការងារ​នេះ​យ៉ាង​ម៉ត់ចត់ តែ​មិនអាច​ចៀសផុត តែ​ការដែល​ឲ្យ​គាត់​ចូល​ចឹ​ង​បានធ្វើ​ឲ្យ​ផ្លូវ​៥០+៥០ ឬ​ផ្លូវ​បេតុង​ឆ្អឹង​ឬ​ស្សី​មិនអាច​ទ្រាំទ្រ​បាន​គឺ​ឆាប់​ខូច និង​មានការ​កកស្ទះ​ចរាចរណ៍​បែបនេះ ចឹ​ង​ស្ថានភាព​គ្រប់គ្រង​ឡានធំ​មិនទាន់​បានល្អ​នោះទេ តែ​ពេលនេះ​យើង​បានធ្វើ​ផ្លូវ​ចាក់ បេតុង​ឆ្អឹង​ដែក​ត្រូវ​តាម​ស្តង់ដា​ដែល​មិន​ឲ្យ​ខ្លាច​ឡាន​ដូច​មុន​ទៀត​ទេ​។ ជាក់ស្តែង​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​កន្លងមកនេះ រដ្ឋបាល​រាជធានី​ធ្វើ​ផ្លូវ​បាន​ជាង​៣៨០​គីឡូ  ស្តារ​ប្រឡាយ​ជាង​៣០​គីឡូម៉ែត្រ ដាក់លូ​បាន​ជាង​២៤៦​គីឡូ ម៉ែត្រ និង​ធ្វើ​ការងារ​ជា ច្រើន​ទៀត​។​

10-10-2016-4

​លោក ប៉ា សុជាតិ​វង្ស បានធ្វើការ​អំពាវនាវ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស និង​ឃ្លាំង​ស៊ីម៉ង់ត៍ ឃ្លាំង​ដែក​ជាដើម សូមមេត្តា​អញ្ជើញ​ទៅតាម​ផ្លូវ​ក្រវាត់ក្រុង ហើយ​ត្រូវ​ដឹក​ឡានតូចៗ​ចូល​ក្រុង​វិញ​កុំ​ឲ្យ​ដឹក​ម្តង​រហូតដល់​ជាង​១០០​តោន ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច និង​បង្ក​ការ​កក ស្ទះចរាចរណ៍​ដូច​ពេលកន្លងមក​ទៀត​។​

10-10-2016-8

​សូមបញ្ជាក់ថា កាលពី​២១ កញ្ញា ឆ្នាំ​២០១៦ ថ្មីៗ​នេះ អាជ្ញាធរ រាជធានី ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ជាពិសេស ផ្តោតលើ​រថយន្ត​ធំ​ចូល​ក្រុង​នៅ​រដ្ឋបាល រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ូច សុខុន ស្នងការរង​នគរបាល​រាជធានី ភ្នំពេញ​បានលើកឡើង​ថា នៅ​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ រថយន្ត​កុងតឺន័រ​ស្លាក​លេខខ​.​ម ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ចំណែកឯ​វប្បធម៌​អន្តរាគមន៍​នៅតែ​កើតមាន​ដែល​បញ្ហា​នេះ​បាន​បង្ក​ការលំបាក​ដល់​ផែនការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​។​

10-10-2016-6

​ម្យ៉ាងទៀត​ក្នុងពេល​សមត្ថកិច្ច​នគ​របាល​ចុះ​អនុវត្តន៍​ផែនការ​ឃាត់ ឬ​ចាប់​រថយន្ត​ទាំងនោះ​អាជ្ញាធរ​មូលដ្ឋាន​មិនមាន​ការចូលរួម ឬ​សហការ​ឲ្យ​ស៊ីសង្វាក់ គ្នា​សោះ​ប៉ុន្តែ​ទោះបីយ៉ាងណា​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុងពេលដែល​ច្បាប់​ចរាចរ​ផ្លូវគោក​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១ មករា ឆ្នាំ​២០១៦​កន្លងមក​នោះ​។​

10-10-2016-9

​លោក ប៉ា សុជាតិ​វង្ស បាន បញ្ជាក់ថា ល្មម​ដល់ពេល​ត្រូវ​រៀបចំ​ផែនការ​អនុវត្តតាម​កា​រ​ណែនាំ​ហើយ​ចៀសវាង​ការនិយាយ​ដដែលៗ មិនឃើញ​ចេញ​លទ្ធផល​សោះ ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ រាជធានី​ភ្នំពេញ​បាន​អនុវត្ត​វិធានការ​ជាច្រើន​មកហើយ​ដូចជា ការស្ថាបនា ពង្រីក​ផ្លូវ​,​ដាក់​របាំង​ចែក​ទ្រូងផ្លូវ គំនូស​សញ្ញា ស្លាក​សញ្ញា ភ្លើង​សញ្ញា​ចរាចរ រួមទាំង​វិធានការ​អប់រំ​ច្បាប់​ចរាចរ ដោយមាន​ការចូលរួម​ពី​អង្គការក្រៅរដ្ឋាភិបាល ពិសេស​អង្គការ JICA ជប៉ុន សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​

10-10-2016

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី លោក វុទ្ធី រី​ម  បាន​បញ្ជាក់ថា សព្វថ្ងៃនេះ​នៅ​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ធំ​ដឹក​ធ្ងន់​ចេញ ចូល​ក្រុង​នៅតែមាន​ដដែល​ទោះបី​អាជ្ញាធរ​ភ្នំពេញ​បានធ្វើ ការប្តេជ្ញាចិត្ត ឬ​សន្យាថា លុបបំបាត់​ឲ្យ​អស់​ក្នុង​ឆ្នាំ​២០១៦​នេះ​ក្តី ហើយ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​រាជធានី​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ បាន​តឹងរ៉ឹង​បំផុត​ចំពោះ​រថយន្ត​ធំ និង​ដឹក​ធ្ងន់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ផង ព្រោះនេះ ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ និង​ស្មុគស្មាញ​របស់​អាជ្ញាធរ​ភ្នំពេញ ដែល​បាន​ដឹកនាំ និង​ផ្លាស់ប្តូរ​អភិបាលក្រុង ប្រមាណ​៣ ឬ​៤​ជុំនាន់​មកហើយ គឺ​នៅតែ​ធ្វើ​មិនបាន​នោះទេ ជាពិសេស​ផែនការ​រំដោះ​ចិញ្ចើមផ្លូវ​តែម្តង​៕

 

 

Leave a Reply

(*) Required, Your email will not be published