រាជធានីភ្នំពេញ : ខ្សែភាពយន្តរឿង «នារីវេទមន្ត» ដែលជាប្រភេទរឿង បែបស្រមើលស្រមៃ អភិនិហា ស្នេហា កំសត់ ស្រើបស្រាល និងព្រាត់ប្រាស់ ដែលបានចាយទុន ក្នុងការផលិតអស់២០ម៉ឺនដុល្លារនោះ ត្រូវបានសម្ពោធចាក់បញ្ចាំង ជាផ្លូវការចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តារោងកុនទំនើបៗ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ស្របពេលដែលទស្សនិកជនជាច្រើន កំពុងតែអន្ទះសារចង់ដឹងចំពោះឈុតឆាកអាក្រាតកាយមួយចំនួន ក្នុងរឿង«នារីវេទមន្ត» របស់តារាសម្ដែង សិចស៊ីមានមុខមាត់កាត់អឺរ៉ុប នាង ឌុច លីដា បានអះអាងថា គឺជាការលះបង់យ៉ាងខ្លាំងក្លា ដើម្បីឲ្យបរទេសមើលមកថា ខ្មែរក៏អាចធ្វើបានដូចគេដែរ ប៉ុន្តែមិនមែននាងស្រាតទាំងស្រុងទេពោល គឺមានការជួយជ្រោមជ្រែងពីខាងក្រុមការងារបច្ចេកទេសថត និងការកាត់តប្លង់ខ្លះៗផងដែរ។
ត្រង់ចំណុចនេះ ឌុច លីដា បកស្រាយថា «ចា៎..បង ក្នុងនាមខ្ញុំជាកូនខ្មែរ នារីខ្មែរ នាងខ្ញុំក៏ស្គាល់ពីវប្បធម៌ខ្មែរយើងដែរ ប៉ុន្តែអ្វីដែលនាងខ្ញុំធ្វើ គឺជាការលះបង់ ដើម្បីតែសិល្បៈ និងដើម្បីធ្វើឲ្យសាច់រឿងទាំងមូលល្អមើល។ ប៉ុន្តែក្នុងការថត គឺមានបច្ចេកទេស របស់អ្នកថត។ និយាយទៅខ្ញុំសូមមិនបញ្ជាក់ឲ្យបានក្បោះក្បាយទេ គ្រាន់តែចង់ឲ្យទស្សនិកជន ពិនិត្យមើលត្រង់ចំណុចហ្នឹងទាំងអស់គ្នា..!»។
ជាការកត់សម្គាល់ សម្រាប់តារាសម្ដែង ឌុច លីដា ត្រូវបានគេមើលឃើញថា គឺជាតារាសម្ដែងម្នាក់ ដែលមានភាពលេចធ្លោ និងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសគឺមហាជន ចាប់អារម្មណ៍នាង ត្រង់នាងជាតារាដែលហ៊ាន ថតឈុតស្រើបស្រាល ឈុតស្រាតជាដើម។ នេះជាលើកទី២ហើយ សម្រាប់ ឌុច លីដា ក្នុងការថតរឿងមានលក្ខណៈអាក្រាតកាយ បន្ទាប់ពីរឿង «ស្បែកគង់» របស់ផលិតកម្ម «អង្គរភិចឈ័រ» របស់លោក ប៉ុល វិបូ៕