ខេត្តមណ្ឌលគីរី : រថយន្តដែលពួកឈ្មួញដឹកឈើ ធ្លាក់ផ្លូវខណៈដែលតៃកុងបើបរខុសបច្ចេកទេស នៅពេលឡើងចំណោទភ្នំអូរងើយមិនរួច ក៏ថយក្រោយមកវិញបណ្តាលឲ្យបាក់បង្គោលចំណាំងផ្លាត១ហើយបន្តធ្លាក់ពីចិញ្ចើមថ្នល់តែដោយសារបានព្រៃឫស្សីទប់កុំអីធ្លាក់ទៅក្នុងជ្រោះបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចគីឡូម៉ែត្រលេខ៩៣ លើដងផ្លូវជាតិលេខ៧៦A ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តយីឌុបមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវពាក់ ស្លាកលេខ តាកែវ3A-0958 ដែលផ្ទុកឈើប្រភេទគ្រឿងផ្ទះចំនួនប្រមាណជា៦០សន្លឹក ជាប្រភេទឈើគរគីមានមុខកាត់៥X១២ មានប្រវែងចាប់ពី៨ម៉ែត្ររហូតដល់ទៅ១២ម៉ែត្រ ពេលមកដល់ចំនុចកើតហេតុខាងលើ រថយន្តក៏ថយក្រោយមកវិញបណ្តាលឲ្យខ្ជាក់ឈើទាំងនេះចេញមកក្រៅ តែមិនបង្កឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ប្រភពបានបន្តទៀតថា រថយន្តយីឌុបនេះបានរត់លើដងផ្លូវនេះជាច្រើនលើកច្រើនសារមកហើយ មិនដែលឃើញសមត្ថកិច្ច និងជំនាញ ឃាត់រថយន្តសួរនាំនោះទេ ទើបតែកើតមានហេតុការណ៍នេះ បានឃើញសមត្ថកិច្ច និងជំនាញចុះទៅបង្ក្រាប ដោយឃាត់រថយន្តយីឌុប និងឈើគ្រឿងផ្ទះខុសច្បាប់នេះ ដើម្បីយកមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចាត់ការទៅតាមផ្លូវច្បាប់។ ពាក់ព័ន្ធទៅនឹងរថយន្តយីឌុបដឹកឈើគ្រឿងផ្ទះនេះមិនមានឯកសារណាមួយបញ្ជាក់ចេញពីសមត្ថកិច្ច និងជំនាញពាក់ព័ន្ធឲ្យដឹកឈើនោះទេ ទាល់តែឃើញនឹងភ្នែកស្រស់ៗអ៊ីចឹងទើបធ្វើការបង្ក្រាប។
ពាក់ព័ន្ធទៅនឹងករណីនេះ ប្រជាពលរដ្ឋចាំមើលចំណាត់ការរបស់សមត្ថកិច្ច និងជំនាញ តើចាត់ការយ៉ាងណាទៅលើរថយន្តយីឌុបមួយនេះ ដែលបានផ្ទុកឈើខុសច្បាប់នៅក្នុងរថយន្ត៕