រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​បន្ទាយស្រី រឹបអូស​បាន​ចម្លាក់​ថ្ម​បុរាណ​២​ដុំ តែ​រក​ម្ចាស់​មិនឃើញ​

, , Leave a comment

​ខេត្តសៀមរាប : កម្លាំង​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​បន្ទាយស្រី បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​កា​ររ​ត់ព​ន្ធ ចម្លាក់​ថ្ម​បុរាណ​២​ដុំ ដែលមាន​រូបរាង​ជា​កូន​ប្រាសាទ​ចម្លង​ធ្វើ​ពី​ថ្មភក់​នៅ​ភូមិ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី នា​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦​។​

 

​តាម​ការសន្និដ្ឋាន​បឋម​នៃ​បុរាណ​វិទូ​អាជ្ញាធរ​ជាតិ​អប្សរា ចម្លាក់​នេះ​អាច​ស្ថិតនៅក្នុង​សតវត្ស​ទី​១០  តែ​អ្នកជំនាញ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​ថា​ចម្លាក់​នេះ​ត្រូវ ជនល្មើស​នាំចេញ​ពី​តំបន់​ណា​នៅឡើយ ។ អ្នកជំនាញ​នឹងសិក្សា​លម្អិត​អំពី​ចម្លាក់​នេះ​នៅពេល​ក្រោយ គឺ​នៅពេលដែល​នីតិវិធី​ផ្លូវច្បាប់​បានបញ្ចប់​ជា​ស្ថាពរ ។​

 

​ការរកឃើញ​នេះ​ដឹកនាំ​ដោយ​លោក ម៉ុង ប៊ុន​លីម នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​បន្ទាយស្រី ដែល​ធ្វើ​ការឃាត់​រថយន្ត​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​១៩៩៣ មួយគ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-8316 ។ ជាមួយនឹង​ការរកឃើញ​បទល្មើស​ព្រៃឈើ សមត្ថកិច្ច​ក៏បាន​រកឃើញ​ថ្ម​ចម្លាក់​ជា​កូន​ប្រាសាទ​ចម្លង​ដែលជា​វត្ថុ បុរាណ​ដ៏​មានតម្លៃ​របស់​ជាតិ ។ ថ្ម​ចម្លាក់​ប្រាសាទ​ចម្លង​ទាំង​២​ដុំ រាង​សាជី មាន​ទំហំ​៣៨x៣៨x៩០​សង្ទីម៉ែត្រ និង​៤៥x៤៥x៩០​សង្ទីម៉ែត្រ ។ តាម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​មិនបាន​ចាប់ខ្លួន​ជនល្មើស​ទេ ដោយសារ​ជនល្មើស​បាន​បោះបង់​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់ ។​

 

​បន្ទាប់ពី​ទទួលបាន​ការជូនដំណឹង​ពី​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​បន្ទាយស្រី នៅ​រសៀល​ថ្ងៃទី​២១ ខែកញ្ញា អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួមជាមួយ​នឹង​នគរ​បាល​ការពារ​បេតិកភណ្ឌ បាន​ចុះទៅពិនិត្យ​ដល់ទី​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ដោយ​ធ្វើ​កំណត់ហេតុ​ច្បាស់លាស់ និង​បញ្ជូន​វត្ថុតាង​ទាំងអស់ រួមទាំង​ចម្លាក់​ថ្ម​បុរាណ​២​ដុំ ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​បន្ទាយស្រី​ដើម្បី​ធ្វើជា​វត្ថុតាង​បន្ត​នីតិវិធី ផ្លូវច្បាប់​៕

26-9-2016 26-9-2016-1 26-9-2016-2

 

Leave a Reply

(*) Required, Your email will not be published