ព្រះសង្ឃ​វត្ត​បទុម​វ​តី ជា​មន្ត្រី​គ្មាន​ខន្តី ទាញ​រំពាត់ផ្តៅ ដេញ​វាយ​ព្រះសង្ឃ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​រង​នូវ​រំពា​ត់របស់​គ្រូសូត្រស្តាំ​វត្ត​បទុម​វ​តី​ព្រះនាម ខឹម សន ជា​ព្រះ​មេគណ​រាជធានី ខណៈដែល​ខកខាន​មិនបាន​និមន្ត​ទៅ​ឆាន់ចង្ហាន់​ពេលព្រឹក​នៅ​ម៉ោង​៦ នា​វេន​បិណ្ឌ​ទី​៧ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ បានធ្វើ​ឲ្យ​ព្រះ​គ្រូសូត្រស្តាំ​អង្គ​នោះ​យល់ឃើញថា ជាការ​មិន​គោរព​វិន័យ​សង្ឃ​ពេល​ពុទ្ធបរិស័ទ​យក​ចង្ហាន់​មក​ប្រគេន។​

 

​តាម​ព័ត៌មាន​ពី​ព្រះសង្ឃ​មួយអង្គ​ដែល​សុំ​មិន​បញ្ចេញ​នាម​បាន​មាន​ថេរ​ដីកា​ថា នៅ​វេន​កាន់បិណ្ឌ​ទី​៧​នេះ ពុទ្ធបរិស័ទ​បានធ្វើ​គុយទាវ​ប្រគេន​ព្រះសង្ឃ​ឆាន់​ពេលព្រឹក ហើយ​មាន​ព្រះសង្ឃ​ប្រហែល​១០០​អង្គ​ជាង ប៉ុណ្ណោះ​បាន​និមន្ត​ទៅ​ឆាន់ ខណៈដែល ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​នេះ​មាន​រហូតដល់​ជាង​៤០០​អង្គ​មិនបាន​និមន្ត​ទៅ​ឆាន់​ជាមួយ​នោះទេ​។ ដោយ​ទំនងជា​មើលឃើញថា វត្តមាន​ព្រះសង្ឃ​និមន្ត​ទៅ​ឆាន់​មាន​ចំនួន​តិច​នេះ​ទើប​ព្រះអង្គ ខឹម សន មិន​គោរព​វិន័យ ឬ​ហាក់​មាក់ងាយ​បុ​ទ្ធ​បរិស័ទ​ដែល​យក​ចង្ហាន់​ទៅ​ប្រគេន ជាពិសេស​ធ្វើ​ឲ្យ​បាក់មុខបាក់មាត់​ព្រះអង្គ​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ព្រះ​គ្រូសូត្រស្តាំ​ខ្ញាល់​ក៏​ទាញ​រំពាត់ផ្តៅ​ដេញ​វាយ​ព្រះសង្ឃ​ពេញ​កុដិ​តែម្តង​។​

 

​ប្រភព​ដដែល​បន្តថា បន្ទាប់ពី​មាន​ព្រះទ័យ​ខ្ញាល់​ខ្លាំង​ព្រះតេជព្រះគុណ ខឹម សន បាន​កោះហៅ​មន្ត្រី​សង្ឃ​រួច​កាន់​រំពាត់ផ្តៅ ដើរ​តាម​កុដិ​នានា​ក្នុង​គោលបំណង​វាយ​ព្រះសង្ឃ​អង្គណា​ដែល​មិនបាន​ឡើងទៅ​ឆាន់ចង្ហាន់​ពេលព្រឹក ហើយ​មាន​ព្រះសង្ឃ​រាប់សិប​អង្គ​ដែល​បានទទួល​រងគ្រោះ​ដោយសារ​រំពាត់ផ្តៅ​របស់​ព្រះតេជព្រះគុណ ខឹម សន​។ ក្នុងនោះ​ព្រះសង្ឃ​រងគ្រោះ​មួយអង្គ​ព្រះនាម ហ៊ា ប៊ុនធឿន ក្នុងចំណោម​ព្រះសង្ឃ​រងគ្រោះ​ជាច្រើន​អង្គ​បាន កំពុង​ព្យាបាល​របួស​ក្នុង​កុដិ​បន្ទាប់ពី​ទទួលបាន​ការ​វាយ​នឹង​រំពាត់ផ្តៅ​ដ​ពី​មន្ត្រី​សង្ឃ​នៃ​វត្ត​បទុម​វ​តី​អង្គ​នោះ​។​

 

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​នគរវត្ត​មិនអាច​សុំ​ការបំភ្លឺ​ពី​ព្រះ​គ្រូសូត្រស្តាំ និង​ជា​ព្រះ​មេគណ​រាជធានី​ព្រះនាម ខឹម សន បានទេ ដោយ​សម្ងំ​លាក់ខ្លួន ពួន​អាត្មា​៕

ses-1-19

 

Leave a Reply

(*) Required, Your email will not be published