​រឿង​កំប្លែង​ខ្លី ( មាត់​ម៉ែ គ្មាន​សំណាង )

, , Leave a comment

រាជធានី​ភ្នំពេញ : បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​នៃ​ព្រះ​រាជពិធី​ទា្វរ​ទស​មាស​។ នៅក្នុង​រាជ្យ​ព្រះបាទ​អង្គឌួង ទ្រង់​ដើម្បី​លើកទឹកចិត្ត​ដល់​កងទ័ព​ដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់មកវិញ ព្រះអង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យ​នឹង​ប្រវត្តិ​រឿង​ក្នុង​ព្រះពុទ្ធសាសនា​។ ប្រជាជន​កម្ពុជា​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​នេះ​មិនដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថៃ្ង​១​រោច ខែភទ្របទ រហូតដល់​ថៃ្ង​ទី​១៥​រោច មាន​រយៈពេល ១៥​ថៃ្ង ដែល​យើង​ហៅថា​បិណ្ឌ​1, បិណ្ឌ​2 … និង​ថៃ្ង​បញ្ចប់ គឺជា ថៃ្ង "​ភ្ជុំបិណ្ឌ​"​។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន​ធ្វើឡើង​តាមបែប​ព្រះពុទ្ធសាសនា​។ ខាងក្រោម​នេះ គឺជា​រឿង​ខ្លី​ដែល​មិត្ត​ក្នុង​បណ្តាញ​សង្គម​មួយ​ឈ្មោះ “​អ្នកនិពន្ធ សំរែ​” ៖

21-9-2016-2

​រដូវ​ភ្ជុំ​សូម​ជូន​រឿង​ខ្លី សាកល្បង​អាន​បន្តិច​មើល មាត់​ម៉ែ គ្មាន​សំណាង មានន័យ​ដូចម្តេច​?​។​
​រឿង​កំប្លែង​ខ្លី ( មាត់​ម៉ែ គ្មាន​សំណាង )

21-9-2016-1

​យាយ​សួន ជា​ស្ត្រី​មេម៉ាយ រស់នៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ឆ្នាំនេះ យាយ​សួន​មាន​អាយុ​ជាង​៧០​ឆ្នាំ​ហើយ​។ យាយ​សួន​មាន​កូ​ប្រុស​ពីរ​នាក់ ម្នាក់​រស់នៅ​សហរដ្ឋ​អា​មេ​រិច និង​ម្នាក់​រស់នៅ​ភ្នំពេញ​។ កូនប្រុស​ច្បង​ឈ្មោះ​សេរី របស់​យាយ​សួន បាន​ទៅ​រស់នៅ​សហរដ្ឋ​អា​មេ​រិច ក្រោយ​ឆ្នាំ​១៩៧៩ ចំណែក​កូនប្រុស​ទី​ពីរ​ឈ្មោះ សក្តិ​ធំ របស់​យាយ​សួន បាន​ធ្វើជា​មន្ត្រីជាន់ខ្ពស់​មួយរូប​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី យាយ​សួន នៅតែ​ប្រឹង​រស់​តែម្នាក់ឯង ប្រកបរ​បរដក​ស្ទូង ធ្វើ​ក្អមឆ្នាំង​ជាប្រចាំ ដើម្បី​ចិញ្ចឹមជីវិត​ដដែល​។ កូនប្រុស​ទី​ពីរ​របស់​យាយ​សួន យូរៗ​មក​សួរសុខទុក្ខ​យាយ​សួន​ម្តង ឯ​កូន​នៅ​អា​មេ​រិច យូរៗ ក៏​ផ្ញើ​ប្រាក់​បន្តិចបន្តួច​ម​កម្ត​ង​ដែរ​។​

 

​ថ្ងៃមួយ​ខណៈពេល​មីង​សួន កំពុង​រៀបចំ​ដុត​ក្អម ឆ្នាំង​របស់​កាត់ ស្រាប់តែ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រាជការ​បានមក​ឈប់​ចំ​ពីមុខ​ផ្ទះ​គាត់​។ អ្នកបើកបរ​នៅក្នុង​រថយន្ត ចុច​ស៊ី​ផ្លេ​ទីនៗ ដាក់​យាយ​សួន​។ យាយ​សួន​អង់​បន្តិច រួច​ងាកមើល​មក អ្នក​នៅក្នុង​រថយន្ត​។ ភ្លាមនោះ កញ្ចក់​រថយន្ត​ក៏​រអិល​ចុះក្រោម ហើយ​លេចចេញ​នូវ​រូបរាង​បុរស វ័យ​កណ្តាល​ម្នាក់​សើច​ស្ញាញ​ដាក់​យាយ​សួន​។ សំលេង​ស្រែកហៅ​មីង​សួន​ក៏​ព្រម​ជាមួយគ្នា​ដែរ ម៉ែ …​បើកទ្វារ​របង បន្តិច ខ្ញុំ​ចូល​ឡាន​។​

 

​យាយ​សួន ដែល​ស្តាប់​សំឡេង​បាន​ថា ជា​កូនប្រុស​របស់ខ្លួន បាន​ស្ទុះ​យ៉ាង​ប្រញាប់ប្រញាល់​មក​បើកទ្វារ​របង​ធ្វើ​ពី​ឫស្សី ដើម្បី​ឲ្យ​ឡាន​ចូល​។ កូនប្រុស​យាយ​សួន ក៏​បរ​ឡាន​ចូលក្នុង​ទីធ្លា​ផ្ទះ ដែលមាន​ស្មៅ​លំ​ង​ជា​សួនផ្កា​ដុះ​ជុំវិញ​។ លុះ​រថយន្ត​ចូល​ផុត​ហើយ យាយ​សួន ក៏​ទាញ​ទ្វាររបង​បិទ​វិញ​។ រថយន្ត​ឈប់​ភ្លាម ចៅៗ និង​កូនប្រសា​រយាយ​សួន ចេញពី​ក្នុង​រថយន្ត​មក​ភ្លាមៗ​ដែរ​។ យាយ​រត់​វឹង ដោយ​ក្តី​រីករាយ​ទៅរក​កូន និង​ចៅៗ​។ មិន​តាន់​បានដាក់​គូទ អង្គុយ​ផង កូនប្រុស​របស់​យាយ​សួន បាន​ហុច​នំប៉័ង​ស្វតៗ​ចំនួន​១០ មក​ឲ្យ​យាយ​សួន​។​

 

​យាយ​សួន​ទទួលយក​ពី​កូន​ដោយ​ទឹកមុខ​ស្រេកឃ្លាន និង​ស្រងាកចិត្ត​បន្តិចបន្តួច​ផង ព្រោះ​យាយ​សួន​គិតថា នំប៉័ង​ពិតជា​ឆ្ងាញ​មែនហើយ សម្រាប់​អ្នកមាន​ធ្មេញ​។ តែ​ចំពោះ​គាត់ ដែល ធ្មេញ​រង្គោះ​អស់​គ្មាន​សល់​មួយ​នេះ បាន​អី​នឹង​ទំពារ​ទៅ​?​។ តែ​មិន​ថ្វី​ទេ បើ​ធ្មេញ​ទំពារ​មិន​ដាច់ បន្តិចទៀត យ៉ាងហោច​កូន ទិញ​សាច់ ឬ​ត្រី​ធំៗ មក​ធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចាំ​ហូប​សម្ល​វិញ​។ កំពុងតែ​នឹក​ក្នុង​ចិត្ត ស្រាប់តែ​កូនប្រុស​របស់​យាយ​សួន​បន្លឺឡើង​ទៀតថា ម៉ែ …​ថ្ងៃនេះ កូនប្រសារ​ម៉ែ ចង់​ហូប​សម្លកកូរ​ត្នោត​។ ម៉ែ ជួយ​ទៅរក​គេ ឲ្យ​មក​កាវ​ត្នោត​អ​ន្តិ​ចមក​ម៉ែ​។ យាយ​សួន ដែល​កំពុង សង្ឃឹមលើ​ម្ហូបអាហារ ដែល​កូន​យក​មកពី​ភ្នំពេញ ក៏​ធ្លាក់​ទឹកចិត្ត​ក្តុក​ម្តងទៀត តែ​យាយ​សួន​នៅតែ​ឆ្លើយ​ទៅ​កូន​ដោយ​ញញឹម​។ មិន​អី​ទេ​កូន ចាំ​ម៉ែ​ទៅប្រាប់​គេ​ឲ្យ​។ និយាយ​ចប់​យាយ​សួន ក៏​ដើរ​ទៅរក​អ្នកភូមិ ឲ្យ​ឡើង​កាប់​ផ្លែង​ត្នោត​ខ្ចី​ល្មម​ស្ល​ឲ្យ​។ លុះ​កាប់​ហើយ យាយ​សួន ក៏​ឲ្យ​គេ​ជួយ​លី យកមក​ផ្ទះ​។ ពេល​យកមក​ដល់ផ្ទះ យាយ​សួន ក៏​ចាប់ផ្តើម ចិត​ផ្លែ​ត្នោត​ស្តើងៗ សម្រាប់​ស្ល​។ ចិត្ត​ត្នោត​បណ្តើរ យាយ​សួន​លេបទឹកមាត់​បណ្តើរ ព្រោះ​គាត់​នៅតែ​នឹកឃើញ ជើង​ជ្រូក​ខ ឬ​សម្ល​ស្ងោរជ្រក់​បង្គង​ជាដើម​។ ចិត​រួច​យាយ​សួន​ក៏​ដើរ​បេះ​បន្លែ​ធម្មជាតិ ដែល​ដុះ​តាម​របង​ផ្ទះ​មក​លាយ​បន្ថែម ដើម្បី​ស្ល​ឲ្យ​កូន កូនប្រសារ និង​ចៅ​សំណព្វ​របស់គាត់​ហូប​។ ក្រោយពី​ទទួលទាន​បាយ​ហើយ ពួកគេ ក៏​ប្រះ​ខ្លួន​សម្រាក​ក្រោម​ដើមឈើ​មុខផ្ទះ​លង់លក់​យ៉ាង​ស្កប់ស្កល់​។ ប្រហែល​ពីរ​ម៉ោង ក្រោយមក​ពួកគេ​ក៏​ក្រោក​វិញ ហើយ​ធ្វើដំណើរ​មក​ភ្នំពេញ​វិញ​។​

 

​យាយ​សួន ដែល​ស្រលាញ់​កូនចៅ និង​ដោយ​គិត​ឃើញថា កូនៗ ចូលចិត្ត​សម្ល​ត្នោត គាត់​ក៏​យក​ផ្លែ​ត្នោត ដែល​សល់​ពី​ស្ល​ទាំងអស់​ដាក់​គូទ​ឡាន​ឲ្យ​កូន​យកមក​គ្រាន់​ស្ល​នៅ​ភ្នំពេញ​។ ពេល​ឡាន​ចេញផុត យាយ​សួន នឹកគិត​ក្នុង​ពោះ​ម្នាក់ឯង​ថា កូន​អើយ …​មាត់​ម៉ែ គ្មាន​សំណាង​ទេ​។ គិត​ហើយ យាយ​សួន ក៏​ដើរ​ត្រឡប់មក​ក្នុងផ្ទះ​វិញ​។ ពីរ​ថ្ងៃ​ក្រោយមក យាយ​សួន​ទទួលដំណឹង​ថា ចៅប្រុស​របស់គាត់ កើត​ជំងឺ​គ្រុនក្តៅ​។ គាត់​ក៏​ប្រញាប់​ធ្វើដំណើរ ឡើងមក​ភ្នំពេញ​ជាបន្ទាន់​។ សោយ​សារ​មិន​ចង់​ឲ្យ​កូនប្រុស​ពិបាក យាយ​សួន​បាន​ឡើង​ជិះ​រថយន្តឈ្នួល អង្គុយ​ប្រជ្រៀត ជាមួយ​អ្នកដំណើរ​ដទៃទៀត ដែល​ចង្អៀត​ណែន​ប៉ែះ​ស្ទើរ​រកខ្យល់​ដកដង្ហើម​មិនបាន​។ ពេលមកដល់​ផ្ទះ​កូន​នៅ​ភ្នំពេញ យាយ​សួន នៅ​អង្គុយ​មើលថែ​ចៅ ជាង​កូនៗ គាត់ បង្កើត​ទៅទៀត​។ ខណៈពេល​កំពុង​យក​ក្រមារ​សើម​ជូត​ខ្លួន​ឲ្យ​ចៅ យាយ​សួន​នឹក​គិតក្នុងចិត្ត​បណ្តើ​រថា ពេលនេះ ថ្ងៃនេះ មាត់​របស់គាត់​នឹង​លែង​ស៊យ​ទៀតហើយ ព្រោះ​យ៉ាងហោចណាស់ ក៏​កូនប្រុស​របស់គាត់ ទិញ​ម្ហូប​ឆ្ងាញ់ សម្រាប់​គាត់​ពិសា​រដែរ​។ បន្តិចក្រោយមក កូនប្រុស និង​កូនប្រសារ​គាត់​ក៏​មកដល់​។ គាត់​ប្រុស​របស់​យាយ​សួន បាន​បញ្ចេញ​ស្នាមញញឹម​យ៉ាង​ពព្រាយ​ដាក់​យាយ​សួន យាយ​សួន​ក៏​បង្ហាញ​ស្នាម​សើច​ឥត​លាក់លៀម​ទៅ​កូន​វិញ​ដែរ​។ មិន​បង្អង់​យូរ កូនប្រុស​យាយ​សួន បាន​និយាយ​មកកាន់​យាយ​សួន​មុន​ថា ម៉ែ​…​ម៉ែ​ស្ល​កកូរ​ថ្ងៃមុន​ឆ្ងាញ់​ណាស់​។ ត្នោត​ខ្ចី ដែល​ម៉ែ​ឲ្យ​កូន​នោះ មិនទាន់​អស់​ទេ កូន​ចង់​ឲ្យ​ម៉ែ ស្ល​ម្តងទៀត​។ ឮ​សម្តី​កូន​ដូច្នេះ យាយ​សួន ស្រងាកចិត្ត​ម្តងទៀត តែ​នៅតែ​ញញឹម និង​ឆ្លើយ​ទៅ​កូន​ថា មិន​អី​ទេ កូន ឲ្យ​តែ​កូន​ត្រូវការ ម៉ែ​បំពេញ​បំណង​កូន​បាន​ទាំងអស់​។ ឆ្លើយ​ហើយ យាយ​សួន នឹក​ក្នុង​ចិត្ត​ទៀតថា កូន​អើយ មាត់​ម៉ែ គ្មាន​សំណាង​ទេ​។ គិត​ហើយ យាយ​សួន​ក៏​ក្រោក​ទៅយក​ត្នោត​មកចិត្ត ដើម្បី​ស្ល សម្រាប់​កូន កូនប្រសារ និង​ចៅ​សំណព្វ​។ យាយ​សួន បាន​បំពេញ​តួនាទី​ជា ម្តាយ ជា​ម្តាយក្មេក និង​ជា​ជីដូន​ដ៏​ល្អ​សម្រាប់​ពួកគេ​។ បន្ទាប់មក ក្រោយពី​ចៅប្រុស​របស់ គាត់ បានជា​សះស្បើយ​ហើយ យាយ​សួន ក៏​លា​កូនប្រុស កូនប្រសារ និង​ចៅ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ បី​ខែ​ក្រោយមក កូនប្រុស​ច្បង​របស់​យាយ​សួន ឈ្មោះ​លោក​សេរី ក៏​ធ្វើដំណើរ មកលេង​ស្រុក​ខ្មែរ តែ​លោក​សេរី មិន​បានមក​ស្នាក់នៅ​ជាមួយ​យាយ​សួន​ទេ ព្រោះ​គេ​មិនចេះ​រស់នៅ​ទីជនបទ ដែល​ងងឹត​គ្មាន​អគ្គិសនី គ្មាន​ម៉ាស៊ីនត្រជាក់​។ លោក​សេរី បាន​ជួល​រថយន្តឈ្នួល​បែប​ទំនើប​មួយគ្រឿង ឲ្យ​មក​ដឹក​យាយ​សួន​យកទៅ​ភ្នំពេញ​។ លោក​សេរី ជួល​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ សម្រាប់​ស្នាក់នៅ​ម្នាក់ឯង​។

 

​យាយ​សួន ពេល​ទទួលដំណឹង​នេះ នឹក​អរ​ក្នុង​ចិត្ត​ព្រួច​ថា កូនប្រុស​ច្បង​នេះ នឹងមិន​ធ្វើ​ឲ្យ​មាត់​របស់គាត់​គ្មាន​សំណាង​ទៀត​ទេ​។ យាយ​សួន បានរៀបចំ​ខ្លួន ធ្វើដំណើរ​មក​ភ្នំពេញ​យ៉ាង​ប្រញាប់​។ ពេល​ឡើងដល់​សណ្ឋាគារ យាយ​សួន ត្រូវបាន​លោក​សេរី ជូនទៅ​បន្ទប់​មួយ ដាច់ដោយឡែក​ទៀត និង​បាន​ជម្រាប​យាយ​សួន ឲ្យ​ងូតទឹក រៀបចំខ្លួន ដើម្បី​ចេញទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច នៅ​ភោជនីយដ្ឋាន​ដ៏​ទំនើប មួយកន្លែង​នៅ​ព្រែក​លាភ​។ មិនយូរប៉ុន្មាន តាម​មធ្យោបាយ​រថយន្ត​តាក់ស៊ី លោក​សេរី ក៏​នាំ​យាយ​សួន​មកដល់​ភោជនីយដ្ឋាន ដែល​គាត់​កុម្ម៉ង់​ទុក​។ ក្នុង​ភោជនីយដ្ឋាន ដែល​ពាក់កណ្តាល​អឺរ៉ុប ពាក់កណ្តាល​អាស៊ី យាយ​សួន​អង្គុយ​យ៉ាង​ស្ងប់ស្ងាត់​នៅ​តុ ដែល​លម្អ​ដោយ​ដើម​ផ្កា​ចម្រុះ​ពណ៌ រួមទាំង​មាន​នារី​ក្មេងៗ ស្លៀកពាក់​ស្អាតៗ ឈរ​រហង់​រង់ចាំ​បម្រើ​ផងដែរ​។ ឃើញ​យាយ​សួន​នៅ​ស្ងៀម លោក​សេរី ប្រាប់​យាយ​សួន​ថា ម៉ែ …​សូម​ចាំ​បន្តិច ម្ហូប កូន​កុម្មម៉ង់​រួចហើយ ប​ន្ហ​តិច​ទៀត គេ​លើ​កមក​ជូន​ម៉ែ​ពិសា​រហើយ​។ យាយ​សួន​ក៏​តប​វិញ មិន​អី​ទេ​កូន ម៉ែ មិនទាន់​ឃ្លាន​ប៉ុន្មាន​ទេ​។ ភ្លាមនោះ ម្ហូប​បី​មុខ ក្តៅ​ហុយៗ​បាន​ចេញមក​ព្រម​គ្នា​។ ដោយសារ ភ្នែក​មើល​មិនសូវ​ច្បាស់ យាយ​សួន បាន​សួរ​ទៅ​កូនប្រុស​ថា កូន​អានេះ ម្ហូប​អី​គេ ម៉ែ​ដូចជា​មើល​មិន​ច្បាស់​?​។ លោក​សេរី តប​ទៅ​យាយ​សួន​វិញ​យ៉ាង​ប្រញាប់​ថា អូ​ហ៍​ម៉ែ​…​អានេះ គឺ​តុម​យ៉ុំ​ា​ខ្យង អានេះ ឆារ​ក្តៅ​ខ្យង ហើយ​អា​មួយ​មុខ​នេះ គឺ​ខ្យង​ចំហុយ​គ្រឿង​។ ម្ហូប​ទាំងនេះ ឆ្ងាញ់​ណាស់ កូន​ទៅ​នៅ​ស្រុក​គេ កូន​ខាន​ហូប​វា​យូរហើយ​ម៉ែ​។ កូន​ចង់​ហូប​វា​។ ឃឹ​ស​…​យាយ​សួន ឈ្លក់​ទឹកមាត់ ដោយ​នឹក​អស់សំណើច​ផង ហួសចិត្ត និង​មាត់​គ្មាន​សំណាង​របស់ខ្លួន​ផង​។ យាយ​សួន​ឆ្លើយ​ទៅវិញ អូ​ហូ​…​ម៉ែ​ស្គា​ល់ហើយ​។ ឆ្លើយ​ហើយ យាយ​សួន​នឹក​ក្នុង​ចិត្ត​ទៀត សង្ស័យ មាត់​ម៉ែ គ្មាន​សំណាង​ទេ​កូន​។ យាយ​សួន​ទ្រាំ​លេបបាយ​លាយ​សម្ល ដែល​ស្ទើរ ពេញ​មួយជីវិត​របស់ គឺ​ម្ហូប​ខ្យង​ស្ងោរ​នេះហើយ​។ លុះ​ក្រោយ​ពេលបាយ​រួចហើយ លោក​សេរី បាន​ហៅ​អ្នក​លើក​ម្ហូប​ឲ្យ​មក​ក្បែរ រួច​ប្រាប់ថា យក​បង្អែម​ជាតិ​ឲ្យ​ខ្ញុំ​។ ឮថា​បង្អែម​ជាតិ យាយ សួន​លួច​ញញឹម និង​អរ​ព្រួច​ក្នុង​ចិត្ត​ម្នាក់ឯង​។ ឯ​អ្នក​លើក​ម្ហូប ក៏​ដើរ​ចេញទៅ​។ បន្តិចក្រោយមក ពួកគេ​ក៏​លើក​បង្អែម​ពីរ​ចាន​តូចៗ​ចូលមក​។

 

​យាយ​សួន ធ្លាក់​ទឹកមុខ ធ្វើ​មុខជូរ​ហួញ ពេល​ឃើញ​បង្អែម​ក្នុង​ចាន​ទាំងពីរ​មាន​ចេកទុំ និង​មាន​ឪឡឹក​។ យាយ​សួន​នឹក​ក្នុង​ចិត្ត​ថា បង្អែម​ទាំងនេះ ក៏​ម៉ែ ហូប​សឹងតែ​មិន​លោះ​ថ្ងៃ​ទេ​។ មាន​ថ្ងៃ​ខ្លះ ម៉ែ​ហូប​វា​ជំនួស​បាយ​ផង​។ ចែំ​ណែ​កលោក​សេរី ដែល​មិន​បានដឹង និង​យល់​ពី​អារម្មណ៍​យាយ​សួន ក៏​គិតតែ​ពី​ពម​ឃ្មមៗ រួច​និយាយ​អួតថា ម៉ែ​…​ចេកទុំ និង​ឪឡឹក​នៅ​អា​មេ​រិច ថ្លៃ​ណាស់ ហើយ​ច្រើនតែ​ជា​ផ្លែឈើ​ក្លាសេ​ទុក​ទៀត​។ មិនមែន​ធម្មជាតិ​ដូច​នៅ​ស្រុក​យើង​ទេ​។ យាយ​សួន​ងក់ក្បាល​យល់ស្រប​តាម​កូន​។ ស្អែក​ឡើង ម៉ោង​ប្រមាណ​ជា​១០ ព្រឹក លោក​សេរី បាន​នាំ​យាយ​សួន​ធ្វើដំណើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន ជាយក្រុង​ភ្នំពេញ​។ នៅតាម​ផ្លូវ រទេះរុញ​លក់​លៀស​ហាល​ជាច្រើន បានធ្វើ​ដំណើរ​បន្តកន្ទុយ គ្នា​ពី​ចម្ងាយ​។ ឃើញ​ដូច្នេះ លោក​សេរី សួរ​យាយ​សួន​ថា ម៉ែ នេះ​ជា​ក្បួន​អី​ទៅ​?​។ យាយ​សួន អស់សំណើច ហើយ​ប្រាប់ថា​នេះ ជា​ក្បួន​របស់​អ្នកលក់​លៀស​ហាល​ណា​កូនប្រុស​។ នៅ​ស្រុក យើង មិន​ខ្វះ​ទេ រូបភាព​ប្លែកៗ មិនមែន​មាននៅ​តែ​អា​មេ​រិច​ទេ​។ ឮ​ម្តាយ​ពោល​ដូច្នេះ លោក​សេរី ក៏​ឲ្យ​អ្នកបើក​តាក់ស៊ី​អែប​ទៅ​ក្បែរ​អ្នកលក់​លៀស​ហាល ហើយ​ទិញ​លៀស​ហាល​បី​កំប៉ុង​សម្រាប់​ហូប​ជាមួយ​បាយ​។ លោក​សេរី​អួត​ទៀតថា នៅ​អា​មេ​រិច គ្មាន​លៀស​ហាល​ទេ​ម៉ែ ហើយ​បើទោះជា​មាន​ក៏​ពិបាក​រក​ទិញ​ដែរ ព្រោះ​ត្រូវ​ជិះ​រថយន្ត​រាប់គីឡូម៉ែត្រ​ទើប​ដល់​។ យាយ​សួន លាន់មាត់​បន្ទរ អូ​ហ៍ អញ្ចឹង​ឬ​កូនប្រុស​ម៉ែ​?​។

 

​នៅពេល​ទិញ​លៀស​ហាល​ហើយ ពួកគេ​ក៏ បន្តដំណើរ​ទៅមុខទៀត​។ ពួកគេ បាន​ចូលទៅ​កម្សាន្ត នៅ​រមណីយ​ដ្ឋា​មួយកន្លែង ហើយ​នៅទីនេះ លោក​សេរី​បាន​កុម្ម៉ង់ ម្ហូប​មានដូចជា​កំពឹស​លីង​មួយ​ចាន ខ្ចៅ​ស្ងោរ​មួយ​ចាន​ធំ និង​គ្រុំ​ស្ងោរ ជ្រលក់​ទឹកប្រហុក​មួយ​ចាប​ដែរ​។ ដោយ​អត់ទ្រាំ​នឹង​មុខម្ហូប​មិនបាន យាយ​សួន​ក៏​នឹក​ក្នុង​ចិត្ត​ទៀតថា កូន​អើយ ពេលនេះ មាត់​ម៉ែ ពិតជា​គ្មាន​សំណាង​មែនហើយ ដួលសន្លប់ រកកល​ដាច់ខ្យល់​ស្លាប់​។ ឃើញ​យាយ​សួន​បែបនេះ លោក​សេរី ក៏​ប្រញាប់​នាំ​យាយ​សួន​មក​មន្ទីរពេទ្យ នៅ​ភ្នំពេញ​។ នៅក្នុង​បន្ទប់​ពេទ្យ លោក​សេរី និង​លោក​ស័ក្តិធំ បាន​ទិញ​ផ្លែង​ឈើ ទឹក​ផ្លែឈើ និង​របស់របរ​ម្ហូប​អាហារ​ឆ្ងាញ់ៗ​ជាច្រើន​ទៀត​មក​ឲ្យ​។ យាយ​សួន ដែល​ដៃ​ជាប់​ស៊េ​រ៉ូម បាន​និយាយ​ខ្សឹបៗ ប្រាប់​កូនប្រុស​ទាំងពីរ​ថា កូន​អើយ​…​មាត់​ម៉ែ​គ្មាន​សំណាង​ទេ​។ និយាយ​ហើយ យាយ​សួន ដ៏​អស់​ដង្ហើម បាត់​សំឡេង លែង​កម្រើក​ទៅ​។ ចំណែក លោក​សេរី និង​លោក​ស័ក្តិធំ បាន​ទ្រហោ​រយំ​ចំពោះមុខ​ម្តាយ ដែល​បាត់បង់​ជីវិត​ទៅដោយ​សោកស្តាយ​។​

 

​ចប់​

 

(​សំរែ )

21-9-2016

 

Leave a Reply

(*) Required, Your email will not be published