ដើម្បី​ព្រមាន​នៃ​លំហូរ​ពលរដ្ឋ​ខ្មែរ​ខុសច្បាប់ មេព្រៃ​វៀតណាម​ចាប់​ដុត​កម្ទេចចោល​

, , Leave a comment

ខេត្ត​ត្បូងឃ្មុំ : ពលរដ្ឋ​កម្ពុជា​ចំនួន​១១​នាក់ រស់នៅ​ជាប់​ព្រំដែន​វៀតណាម ដែល​នាំគ្នា​ជិះ​ម៉ូតូ​ចូលទៅ​បេះ​ផ្លែ​មៀនព្រៃ​នៅក្នុង​ទឹកដី​វៀតណាម ដោយ​ចូល​ជ្រៅ​ក្នុង​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​ព្រំដែន ក៏ត្រូវ​បាន​មេព្រៃ​វៀតណាម ឃើញ​និង​ដេញចាប់​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ភិតភ័យ​រត់ចោល​ម៉ូតូ​យកតែ​ប្រាស​អាយុ​ដោយ​បន្សល់ទុក​ម៉ូតូ ត្រូវ​មេព្រៃ​វៀតណាម​ដ៏​កំណាច​ឃោរឃៅ​ដុតចោល​ឆេះ​អស់​៣​គ្រឿង​។ ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា នៅ​ភូមិ​ខាន​ខាយ ឃុំ​ទិន​ឡិ​ប ស្រុក​តិ​ន​បៀ​ន ខេត្ត​តៃនិញ ហើយ​នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា លោកស្នងការ​នគរបាល​ខេត្ត នឹង​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះទៅ​ជួបប្រជុំ​ជាមួយនឹង​ភាគី​វៀតណាម ដើម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​គ្នា​លើ​ករណីនេះ​។​

 

​មន្ត្រីនគរបាល​ព្រំដែន​វរ​សេនា​តូច​លេខ​៦១៥ បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ ជា ឆូ​យ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ពញាក្រែក បានមក​រាយការណ៍​ប្រាប់​ដល់​សមត្ថកិច្ច​ថា ក្រុម​មេព្រៃ​វៀតណាម បាន​ចាប់យក​ម៉ូតូ​ពលរដ្ឋ​ខ្មែរ ដុត​ឆេះ​រង​ការខូចខាត​រហូតដល់​ទៅ​៣​គ្រឿង ដោយសារតែ​ពលរដ្ឋ​ខ្មែរ​យើង បាន​ចូលទៅ​បេះ​ផ្លែ​មៀនព្រៃ​នៅក្នុង​ដី​ប្រទេស​គេ ជាប់​ព្រំដែន ដោយ​ខុសច្បាប់​។​

 

​មន្ត្រី​ដដែល​នោះបាន​បន្តទៀតថា ក្រោយពី​ទទួលបាន​នូវ​ដំណឹង​នេះ​ភ្លាមនោះ ប៉ុស្ដិ៍​ព្រំដែន​ស្អំ​បាន​ប្រញាប់​ទំនាក់ទំនង​ទៅ​ប៉ុស្ដិ៍​យោធា​វៀតណាម លេខ​៨២៣ ព្រមទាំង​ប៉ុស្ដិ៍​ផ្សេងទៀត ដោយបាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ក្នុងព្រៃ​ដែល​ត្រូវបាន​គេ​អភិរក្ស​នោះ មិនបាន​ឃើញ​ម៉ូតូ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​គេ​ដុត​នោះទេ គឺ​មានតែ​ស្នាម​ឆេះ​ខ្លោច​រោល​គល់ឈើ​ឡើង​ខ្មៅ​ដី​។ ចំណែក​ម៉ូតូ​ត្រូវបាន​ពលរដ្ឋ​កម្ពុជា​នាំគ្នា​សែង​ត្រឡប់មក​លំនៅឋាន​វិញ រៀងខ្លួន​អស់ហើយ​។ កន្លងមក​កម្លាំង​មេព្រៃ​វៀតណាម ធ្លាប់បាន​ណែនាំ​ជាច្រើនលើក​ច្រើនសារ​មិន​ឲ្យ​ពលរដ្ឋ​កម្ពុជា ចូលទៅ​បេះ​ភោគផល​ក្នុងព្រៃ​ដី​វៀតណាម ដែល​ត្រូវបាន​អភិរក្ស​ដោយ​មេព្រៃ​ទេ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នូវតែ​ផ្គើន​ចូលទៅ​លួច​បេះ​ផ្លែ​មៀនព្រៃ​ជា​ដដែលៗ​។

 

​លុះ​មកដល់​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ស្រប​ពេលដែល​ពួកគាត់​កំពុងតែ​បេះ​ផ្លែ​មៀនព្រៃ ពេល​ឃើញ​មេព្រៃ​វៀតណាម​មក​ជិត​ដល់ ទើប​នាំគ្នា​រត់គេចខ្លួន ហើយ​ម៉ូតូ​ចាស់ៗ​៣​គ្រឿង ដែល​ម្ចាស់​រត់ចោល​ត្រូវបាន​ដុត​ខ្លោច​ម៉ាស៊ីន​អស់​។ កាយវិការ​មេព្រៃ​វៀតណាម​នេះ បញ្ជាក់​ពី​អំពើ​សាហាវ​របស់​ពួកគេ​ដែល​គួរឱ្យខ្លាច​។ ប្រសិនបើ​ធ្វើការ​អប់រំ​តាមផ្លូវ​ច្បាប់​វិញ​ល្អ​ជាង​។​

 

​មន្ត្រីនគរបាល​វរ​សេនា​តូច​លេខ​៦១៥​បញ្ជាក់ថា ប្រសិនណាបើ​សំណាងល្អ​មិន​ជួប​អ្នកណា​ទេ ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ អាច​បេះ​មៀនព្រៃ​បាន​ពី​១០​ទៅ​២០​គីឡូក្រាម ពេលដែល​យកមក​លក់​នៅ​កម្ពុជា​បាន​កម្រៃ​ពី​២.០០០​រៀល​ទៅ​២.៥០០​រៀល​ប៉ុណ្ណោះ ហើយ​ជីវភាព​ពួកគាត់​ច្រើនតែ​ខ្វះខាត​រកបាន​ព្រឹក​ខ្វះ​ល្ងាច​ក៏មាន​។​

 

​លោក​វរ​សេនី​យ៏​ទោ ទេព សុវណ្ណ មេបញ្ជាការ​វរ​សេនា​តូច​ព្រំដែន​លេខ​៦១៥ បញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត នឹង​ដឹកនាំ​មន្ត្រី​ជាច្រើន​នាក់ ទៅ​ប្រជុំ​ជាមួយនឹង​ភាគី​វៀតណាម ទំនាក់ទំនង​ដោះស្រាយ​ករណី​ខាងលើ​ក្នុង​ស្មារតី​សាមគ្គី​ភាពជា​ប្រទេសជិតខាង​ល្អ​។ កាយវិការ​មេព្រៃ​វៀតណាម​ចាប់​ម៉ូតូ​ដុតចោល​បែបនេះ បានធ្វើ​ឲ្យ​មានការ​នឹកឃើញ​កាលពី​រដូវប្រាំង​កន្លង​ទៅ ដែល​ជនជាតិ​វៀតណាម​ព្យាយាម​ចូល​តាម​ច្រក​ស្រុក​មេមត់ ជិះ​ម៉ូតូ​ឡើង​រក​បេះ​ផ្កា​អរ​គី​ដេ​ព្រៃ រហូតដល់​ខេត្ត​ម​ណ្ឌ​គី​រី ចម្ងាយ​ផ្លូវ​ក្នុង​ដី​ខ្មែរ​រាប់សិប​គីឡូម៉ែត្រ​បោះតង់​ដេក​ក្នុងព្រៃ លួច​បេះ​បាន​ផ្កា​ច្រក​បាវ​ដឹក​តាម​ម៉ូតូ តែ​ពួកគេ​មិនត្រូវ​សមត្ថកិច្ច​ខ្មែរ​ចាប់ ឬ​ដុត​ម៉ូតូ​ចោល​បែបនេះ​ទេ​៕

21-9-2016

 

Leave a Reply

(*) Required, Your email will not be published