ឈើ​ប្រណីត​ដែល​បម្រុង​នាំចេញ​ទៅ​ប្រទេស​វៀត​ណា មេព្រៃ​អះអាងថា ជា​ឈើ​មានច្បាប់​

, , Leave a comment

​ខេត្តព្រៃវែង : ឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ និង​បេង រាប់សិប​ម៉ែត្រគូប​ដែល​ឈ្មួញ​បម្រុង​នាំចេញ​ទៅ​ប្រទេស​វៀតណាម តែ​បែរជា​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់ចាក់​ឈើ​សង្កត់​ផ្ទះ​អ្នកស្រុក​។ ឈើ​ប្រណីត​ទាំងនោះ​ត្រូវបាន គេ​ដឹក​តាម​រថយន្ត​យី​ឌុប ១​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-7768​។​

 

​បើតាម​ការអះអាង​រប​ស់​អ្នកបើកបរ​រថយន្ត​នេះ​បាន​ប្រាប់ថា ឈើ​ទាំងនេះ​គឺ​ដឹក​ចេញពី​ខេត្តពោធិ៍សាត់​គោលដៅ​ឆ្ពោះទៅកាន់​ខេត្តស្វាយរៀង ប៉ុន្តែ​ពេល​បើក​មកដល់​ចំណុច​ភូមិ​ថ្នល់កែង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ នៅវេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃទី​១៦​កញ្ញា ដោយសារតែ​បើក​ជៀស​រថយន្ត​ដែល​វ៉ា​គ្នា​មកពី​មុខ ទើប​ធ្វើអោយ​ធ្លាក់​ផ្លូវ​ក្រឡាប់​សង្កត់​ផ្ទះ​អ្នកស្រុក​តែម្តងទៅ​។​

 

​ប្រភពពី​មេព្រៃ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា ឈើ​ទាំងអស់នេះ​គឺមាន​ច្បាប់ (PC) ដែល​ចេញ​ដោយ​លោក ជា ហួត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វាលវែង ជា​ឈើ​ប្រភេទ​លេខ​២ និង​លេខ​៣ មាន​ចំនួន​១៧​ម៉ែត្រគូប​ជា​ឈើ​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ហើយ​គោលដៅ គឺ​ដឹក​យកទៅដាក់​នៅ​ភូមិ​ពោន ឃុំ​រំដួល ស្រុក​សង្កែ ខេត្តស្វាយរៀង តែ​មិនបាន​បញ្ជាក់ថា ដាក់​នៅក្នុង​ដេប៉ូ ឬ​រោង​សិប្បកម្ម​ឈ្មោះ​អ្វី​នោះទេ​។​

 

​ពាក់ព័ន្ធ​និង​រឿង​ឯកសារ​ច្បាប់​(PC)​នេះ គេ​សង្កេតឃើញថា ហាក់​មាន​ភាពមិនប្រក្រតី​ជាច្រើន​ចំណុច​ដូចជា ឈ្មោះ​ឃុំ និង​ស្រុក បញ្ច្រាស់​គ្នា ក្នុង​(PC)​ដាក់ថា​ឃុំ​រំដួល ស្រុក​សង្កែ ប៉ុន្តែ​ខេត្តស្វាយរៀង ពុំមាន​ឃុំ​រំដួល ស្រុក​សង្កែ ទេ គឺមាន​តែ​ឃុំ​សង្កែ ស្រុក​រំដួល​។​

 

​ម្យ៉ាងទៀត​ក្នុង​(PC) ក៏​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ទីតាំង​ដេប៉ូ ឬ​រោង​សិប្បកម្ម​អ្វី​ដែរ ហើយ​ជាក់ស្តែង​នៅ​ភូមិ​ពោន ឃុំ​សង្កែ ស្រុក​រំដួល ពុំមាន​ដេប៉ូ​លក់​ឈើ ឬក៏​រោង​សិប្បកម្ម​អ្វី​ទាំងអស់ ដូច្នេះ​តើ​ឈើ​ទាំងនេះ​គេ​យក​ទៅណា​? យកទៅ​ធ្វើ​អ្វី​?

 

ដោយឡែក​ប្រភពពី​មន្ត្រី​ជំនាញ​បាន​លួច​បង្ហើប​ប្រាប់ថា តាម​ការពិនិត្យ​លើ​ប្រភេទ​ឈើ ខ្នាត​ឈើ ពេលវេលា​ដឹកជញ្ជូន ផ្លូវ​ដឹកជញ្ជូន និង​គោលដៅ​ដែល​ត្រូវ​ទៅ គេ​សន្និដ្ឋានថា ឈើ​ទាំងនេះ​គេ​មានបំណង​នាំ​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ណាមួយ​ក្នុងស្រុក​រំដួល ខេត្តស្វាយរៀង ដូចជា​ច្រក​បូស​មន​ជាដើម ដែល​នៅ​ជិត​នឹង​ភូមិ​ពោន នោះ​ស្រាប់ ហើយ​ច្រក​បូស​មន​នេះ ថ្មីៗ​នេះ​អ្នកស្រុក​បាន​អះអាងថា ឧស្សាហ៍​មាន​រថយន្ត​យី​ឌុប​បើក​ឆ្លងដែន​ចូលទៅ​ប្រទេស​វៀតណាម​ណាស់ នៅក្នុង​ពេលយប់​ចន្លោះ​ពី​ម៉ោង​១​ទៅ​ម៉ោង​២ និង​ម៉ោង​៣​ទាបភ្លឺ​។​

 

​ងាក​ទៅ​មើល​ទីតាំង​ដែល​រថយន្ត​ដឹកឈើ​ក្រឡាប់​វិញ នៅ​កន្លែងកើតហេតុ​អ្នកស្រុក​បាន ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ពេលដែល​រថយន្ត​យី​ឌុប​នោះ​ក្រឡាប់ ចាក់​ឈើ​សង្កត់​ផ្ទះ​អ្នកស្រុក​១​គ្រួសារ​បណ្តាល​ឲ្យ​បាក់​កាំជណ្តើរ និង​សសរផ្ទះ​៣-៤​នោះ គេ​ឃើញ​មាន​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង បាន​ទៅ​ឈប់​ក្បែ​កន្លែងកើតហេតុ និង​បាន​ចូលទៅ​ចរចារ​ជាមួយ​ម្ចាស់ផ្ទះ ដោយ​បានធ្វើ​កិច្ចសន្យា និង​ផ្តិតមេដៃ​ព្រម​សង​ជា​លុយ​ចំនួន​១៧០០​ដុល្លារ​ទៅ​ឲ្យ​ម្ចាស់ផ្ទះ សម្រាប់​ជួសជុលផ្ទះ តែ​មិនបាន​ឲ្យ​លុយ​ទៅ​ម្ចាស់ផ្ទះ​ភ្លាមៗ​នោះទេ ដោយ​ប្រាប់ថា​ចាំ​ព្រឹក តែ​ដល់​ព្រឹក​ឡើង មាន​សមត្ថកិច្ច និង​អ្នកព័ត៌មាន​ទៅដល់​កន្លែងកើតហេតុ​ព្រោងព្រាត​នោះ ក៏​ស្រាប់តែ​បាត់​អ្នក​សន្យា​សងលុយ​នោះ​ឈឹង​តែម្តងទៅ​។ រហូតដល់​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៧ កញ្ញា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង បាន​នាំ​កម្មករ និង​រថយន្តស្ទូច​ទៅ​រើ​ឈើ​ចេញពី​រថយន្ត​បម្រុង​ស្ទូច​ទាំង​រថយន្ត និង​ឈើ​យកទៅ​កន្លែង​របស់ខ្លួន ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​មក​ធ្វើការ​រារាំង​មិន​ឲ្យ​យកចេញ ដោយ​អះអាងថា ទាល់តែ​ម្ចាស់​ឈើ​យកលុយ​មក​សង​ថ្លៃ​ជួសជុលផ្ទះ​សិន ទើប​ឲ្យ​យក​ឈើ និង​រថយន្ត​ចេញទៅ​វិញ​។​

 

​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា រហូតដល់​ម៉ោង​៧​និង​១៥​នាទី​យប់ ម្ចាស់​ឈើ​លាក់​មុខ​បាន​ផ្ញើ​លុយ​តាម​វី​ង​ចំនួន​១៧០០​ដុល្លារ មក​ឲ្យ​អ្នកបើករថយន្ត​យី​ឌុប​ដែល​ក្រឡាប់ ហើយ​បាន​យកលុយ​នោះ​ទៅ​សង​ម្ចាស់ផ្ទះ​រួចហើយ ចំណែក​ម្ចាស់ផ្ទះ​ក៏បាន​ព្រម​ឲ្យ​មន្ត្រី​ជំនាញ​ស្ទូច​យក​ឈើ និង​រថយន្ត​យី​ឌុប​នោះ​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ហើយ ប៉ុន្តែ​គេ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា ឈើ​ទាំងអស់ នោះ​មាន​ចំនួន​សរុប​ប៉ុន្មាន​ម៉ែត្រគូប​នោះទេ​៕

19-9-2016-1 19-9-2016-2 19-9-2016-3 19-9-2016

 

Leave a Reply

(*) Required, Your email will not be published