រាជធានីភ្នំពេញ : តារាសម្តែងសិចស៊ី ស្រស់ស្អាត ត្រូវជាប្អូនស្រីកញ្ញា សុខ មុន្នីរក្សា និងជាបងប្អូនជីដូនមួយ កំពូលតារាចម្រៀងស្រីប្រចាំ ផលិតកម្មថោន នាងមាស សុខសោភា គឺកញ្ញា សុខ មុន្នីពិសី បើសង្កេតមើល ពីការតុបតែងខ្លួន ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ នាងហាក់មានភាពខុសឆ្ងាយ កាលពីគ្រាចូលសិល្បៈដំបូង ខណៈថ្មីៗកន្លងមកនេះ កញ្ញា សុខ មុន្នីពិសី ក៏ទើបរងការរិះគន់ផ្ទួនៗគ្នា ចំនួន២លើករួចមកហើយ ចំពោះការស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុពេក។
ស្របពេលដែល ភាពហ៊ឺហារលេងខ្លួនសិចស៊ី និងប្រើប្រាស់សម្ភារៈសុទ្ធសឹង តែជារបស់ៗថ្លៃៗនេះដែរ កញ្ញា សុខ មុន្នីពិសី ថ្មីៗនេះ ក៏ផ្តើមលេចធ្លាយចំហាយស្នេហ៍ ជាមួយបុរសសម្បូរទ្រព្យស្តុកស្តម្ភ និងមានមុខមាត់ក្នុងសង្គមម្នាក់ ដែលភាគច្រើនពួកគេតែបង្ហាញមុខតាមរយៈសកម្មភាព សប្បុរសធម៌រួមគ្នា។
ប្រភពពីមាត់ចាបមាត់ព្រាប បានខ្សឹបខ្សៀវគ្នាថា មួយរយៈពេលនេះ តារាសម្តែង កញ្ញា សុខ មុន្នីពិសី ទទួលបានការសារភាពស្នេហ៍ដោយត្រង់ៗពីសំណាក់បុរសម្នាក់ ខាងលើនេះ។ ប៉ុន្តែជាការឆ្លើយតប គេពុំទាន់ដឹងថា មុន្នីពិសី យល់ព្រមទទួលយកស្នេហ៍នេះ ឬមួយយ៉ាងណាទេ គ្រាន់តែគេដឹងថា អ្នកទាំងពីហាក់មានភាពស្និទ្ធស្នាលគ្នា ខុសប្លែកពេលមុនៗ។
សូមបញ្ជាក់ថា តារាសម្តែងស្រី កញ្ញា សុខ មុន្នីពិសី កាលពីពេលកន្លងមក ធ្លាប់បែកធ្លាយដំណឹងស្នេហ៍ ជាមួយបុរសម្នាក់មានវ័យ២៨ឆ្នាំ ជាមន្ត្រីប៉ូលិសពាក់ស័ក្តិ២ បម្រើការងារចល័តតាមខេត្តមិនតែប៉ុណ្ណោះកាលនោះ នាងក៏បានទទួលស្គាល់ការពិត និងបង្ហាញឲ្យឃើញពីសកម្មភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នាផងដែរ តែក្រោយមកចំណងស្នេហ៍នេះ ហាក់មានភាពប្រួលប្រែ បញ្ច្រាស់ទិសគ្នាទៅវិញ៕