រាជធានីភ្នំពេញ : បុរសអ្នករកស៊ីលក់គ្រឿងបន្លាស់រថយន្តម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនដោយចោទប្រកាន់ថាបានបោកលុយគេជិត៧លានដុល្លារ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ និង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឆបោកលើទឹកប្រាក់ចំនួន៦.២០០.០០០ដុល្លារ និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់៨០០.០០ដុល្លារអាមេរិក។
ថៅកែទិញ-លក់គ្រឿងបន្លាស់នោះ ឈ្មោះ អឿ អឿន ភេទប្រុស អាយុ៥៨ឆ្នាំ អាសយដ្ឋានស្នាក់នៅផ្ទះយីហោ (សំ អឿន)ទិញ-លក់គ្រឿងបន្លាស់រថយន្ត នៅមហាវិថីកម្ពុជា ក្រោយសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដើមបណ្ដឹង គឺលោកមេធាវី សេង សុវីណា និងលោក ហេ វ៉ាន់ថន ជាមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុនចិនមួយឈ្មោះ SHAO JIANFAN រកស៊ីនាំឈើចេញទៅក្រៅប្រទេស។
ទាក់ទិននឹងការឃាត់ខ្លួនថៅកែទិញ-លក់គ្រឿងបន្លាស់រថយន្តខាងលើនេះ ត្រូវបានលោក សេង សុវីណា មេធាវីការពារឲ្យដើមបណ្ដឹងប្រាប់តាមទូរស័ព្ទថា នៅដើមឆ្នាំ២០១៣ កូនក្តីរបស់លោក SHAO JIANFAN បានបោះទុនរាប់សិបលានដុល្លារឲ្យទៅឈ្មោះ អឿ អឿន ហៅ សំអឿន ប្រមូលទិញឈើ។
លោកមេធាវីបន្តថា កិច្ចព្រមព្រៀង កូនក្តីរបស់លោកបានដាក់ទុនចំនួន៤០លានដុល្លារអាមេរិក ដើម្បីឲ្យឈ្មោះ សំអឿន យកទៅទិញឈើ ប៉ុន្តែលុយនោះមិនបានឲ្យទៅ អឿ អឿន ទាំងដុលទេឲ្យតាមដំណាក់កាល។ ចុងក្រោយនេះនៅសល់ទឹកប្រាក់៦លាន២សែនដុល្លារទៀត ដែលឈ្មោះ សំអឿន មិនមានឈើឲ្យកូនក្តីរបស់លោកដោយសម្អាងថា រាជរដ្ឋាភិបាលបានផ្អាកការនាំឈើមួយរយៈ ដូច្នោះហើយបានកូនក្តីលោកត្រូវការទាមទារប្រាក់ជាង៦លាននោះមកវិញ។ ឈ្មោះ សំ អឿន បានធ្វើលិខិត២លើកដោយសន្យាថា នឹងប្រគល់ឈើឲ្យកូនក្តីលោកទៀត ស្មើនឹងទឹកប្រាក់៦លាន២សែនដុល្លារ បើសិនមិនបានឈើទេ ឲ្យពិន័យទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារពីលើនេះទៀត។
ដើម្បីធានាលើកិច្ចសន្យាមួយលើកជាពីរលើកនៅតែមិនមានឈើឲ្យកូនក្តី និងដើម្បីផ្តល់ការកក់ក្តៅឲ្យកូនក្តី លោកបានបង្ខំចិត្តឲ្យឈ្មោះ សំអឿន ចេញសែកមួយសន្លឹក ដែលមានទឹកប្រាក់ចំនួន៨សែនដុល្លារអាមេរិក។ លុះពេលយកសែកនោះទៅបើកប្រាក់ ខាងធនាគារគេបញ្ជាក់ថា ជាមូលប្បទានប័ត្រគ្មានសាច់ប្រាក់ជា(សែកស្អុយ) ទើបបានកូនក្តីសម្រេចចិត្តប្តឹងឈ្មោះ អឿ អឿន ពីបទឆបោក និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ រឿងនឹងហើយបានជាសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ប៉ុន្តែទោះបីជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់ប្រាប់ពីព័ត៌មានលំអិតយ៉ាងណានៅឡើយទេ៕