ខេត្តកំពត : មន្ត្រីនគរបាលម្នាក់ខណៈប្រពន្ធរបស់ខ្លួនមិននៅផ្ទះបានហៅប្អូនថ្លៃស្រីមកកោសខ្យល់ឲ្យ ប៉ុន្តែបែរជាធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចដល់ទៅ៤ដង។ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីមានពាក្យបណ្ដឹងពីឪពុកម្តាយនារីរងគ្រោះ។
នគរបាលស្រុកទឹកឈូបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន សុភារ៉ា ហៅ ង៉ោល ភេទប្រុស អាយុ២៨ឆ្នាំ ជានគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មី បច្ចុប្បន្នរស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ត្រូវជាបងថ្លៃរបស់នារីរងគ្រោះ ដែលទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ។
ប្រភពពីនារីរងគ្រោះបានរៀបរាប់សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ខណៈបងស្រីខ្លួន(ប្រពន្ធជនសង្ស័យ)មិននៅផ្ទះ ជនសង្ស័យជាបងថ្លៃ បានប្រើល្បិចជាមិនស្រួលខ្លួន ហើយហៅនារីរងគ្រោះជាប្អូនថ្លៃឲ្យមកកោសខ្យល់ឲ្យ ប៉ុន្តែបែរជាធ្វើសកម្មភាពចាប់រំលោភបានសម្រេចរហូតដល់ទៅ៤ដងនៅលើផ្ទះរបស់ជនសង្ស័យ។
លុះនៅព្រឹកថ្ងៃទី១១កញ្ញា ទើបឪពុកម្តាយនារីរងគ្រោះដឹងក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃថ្នង ទើបឈានទៅចាប់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តែម្តង៕