តាំងខ្លួន​ជា​ប្អូន​ជំទាវ បោក​ទាំង​ខ្លួន និង​របស់ ភ្ញាក់ផ្អើល​មួយ​ភូមិ​

, , Leave a comment

​ខេត្តមណ្ឌលគិរី : រឿងហេតុ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​មិន​ធ្លាប់មាន​មួយ បាន​កើតឡើង​តាំងពី​ថ្ងៃទី​២២ ខែសីហា ប៉ុន្តែ​ទើប​បែកធ្លាយ​ព័ត៌មាន​បង្ក​ឲ្យ​មហាជន​មានការ​ហួសចិត្ត​គ្រប់គ្នាៗ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា​២០១៦ ។ គ្រប់គ្នា​យល់ច្រឡំ ខណៈ​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ម្ចាស់​អំណោយ និង​អួតថា​ជា​តំណាង​ឲ្យ​លោកជំទាវ​ម្នាក់ ដែល​នៅ​មើល​ការទទួលខុសត្រូវ និង​ចាំ​បញ្ជា​ទិញ​គ្រឿងសំណង់ បាន​រត់គេច​បាត់​ពី​វត្ត​គិរី​វនា​រាម កាលពី​ថ្ងៃទី​៤ ខែកញ្ញា ថែមទាំង​លួច​យក​ម៉ូតូ​របស់លោក​តាអាចារ្យ​មួយគ្រឿង និង​នាំ​នារី​ជា​កម្មករ​ដាំបាយ​ឲ្យ​ក្រុម​ជាងសំណង់​ទៅ​បាត់​ម្នាក់​ផងដែរ ។​

 

​ព្រះសង្ឃ​និង​គណៈ កម្ម​ការ​អាចារ្យវត្ត ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​គិរី​វនា​រាម ស្ថិតក្នុង​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា កំពុងមាន​កង្វល់​យ៉ាងខ្លាំង ខណៈ​ម្ចាស់​អំណោយ ដែល​មក​អះអាងថា​ជួយ ឧបត្ថម្ភ​កសាង​របង​វត្ត និង​ចាក់​បំពេញ​ដី​ក្នុង​ទីធ្លា​វត្ត ដែល​បាន​បញ្ជា​ទិញ​សម្ភារ និង​គ្រឿងសំណង់​អស់​ជាច្រើន​លាន​រៀល​យកមក​គរ​ទុក​ត្រៀម​ធ្វើ​របង​វត្ត​មិន ទាន់​ឲ្យ​លុយ​គេ បែរជា​រត់​គេចខ្លួនបាត់​ស្រមោល ធ្វើ​ឲ្យ​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​ត្រូវ​ជំពាក់​លុយ​គេ​វ័ណ្ឌក​ឆាន់ បាយ​លែង​ចូលទៅ​ហើយ​។​

 

​រឿងហេតុ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​មិន​ធ្លាប់មាន​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​២២ ខែសីហា ប៉ុន្តែ​ទើប​បែកធ្លាយ​ព័ត៌មាន​បង្ក​ឲ្យ​មហាជន​មានការ​ហួសចិត្ត​គ្រប់គ្នាៗ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា។ គ្រប់គ្នា​ជ្រួលច្របល់ ខណៈ​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ម្ចាស់​អំណោយ និង​អួតថា​ជា​តំណាង​ឲ្យ​លោកជំទាវ​ម្នាក់ ដែល​នៅ​មើល​ការទទួលខុសត្រូវ និង​ចាំ​បញ្ជា​ទិញ​គ្រឿងសំណង់ បាន​រត់គេច​បាត់​ពី​វត្ត​គិរី​វនា​រាម កាលពី​ថ្ងៃទី​៤ ខែកញ្ញា ថែមទាំង​លួច​យក​ម៉ូតូ​របស់លោក​តាអាចារ្យ​មួយគ្រឿង និង​នាំ​នារី​ជា​កម្មករ​ដាំបាយ​ឲ្យ​ក្រុម​ជាងសំណង់​ទៅ​បាត់​ម្នាក់​ផងដែរ ។​

 

​លោកតា បឿន សំអុល គណៈកម្មការ​វត្តមាន​ប្រសា​ស​ន៏​ថា កាលពី​ថ្ងៃទី​២០ ខែសីហា កន្លងទៅ ព្រះ​មេគណ​ខេត្ត​បាន​នាំ​បុរស​ម្នាក់​ឈ្មោះ លី ឡេ​ក ទៅដល់​វត្ត​គិរី​វនា​រាម ជួប​ព្រះសង្ឃ​គង់នៅ​វត្ត​នេះ និង​គណៈកម្មការ​វត្ត ដើម្បី​សុំ​ជួយ​កសាង​របង និង​ចាក់ដី​បំពេញ​ទីធ្លា​វត្ត​ឲ្យ​ធំ​ទូលាយ ។ លោកតា​បន្តថា ក្រោយពី​បាន​ពិនិត្យ​និង​ព្រមព្រៀងគ្នា​ពី​គំរូ​ប្លង់​រួច គឺ​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​៣០​ម៉ឺន​ដុល្លារ ។ ពេលនោះ​សកម្មភាព​សាងសង់​របង​វត្ត និង​ការចាក់​បំពេញ​ដី​ក៏បាន​ចាប់ផ្តើម​ភ្លាមៗ​នៅ​ថ្ងៃទី​២២ ខែសីហា ដោយ​ឈ្មោះ លី ឡេ​ក បាន​ទាក់ទង​ទិញ​គ្រឿងសំណង់ ខ្សាច់ ថ្ម ស៊ីម៉ង់ត៍ ដែក ឥដ្ឋ ពី​ផ្ទះ​លក់​គ្រឿងសំណង់​មួយកន្លែង​ក្នុង​ឃុំ​ពូ​ជ្រៃ ដោយ​ម្ចាស់​គ្រឿងសំណង់​នោះ​ដឹក​យកទៅ​ទម្លាក់​នៅ​ពេញ​ក្នុង​បរិវេណ​វត្ត ដើម្បី​ឲ្យ​ក្រុម​ជាង​ចាប់ធ្វើ​ការសាងសង់​បណ្តើ​រៗ ដោយ​ជំពាក់​លុយ​ថ្លៃ​គ្រឿងសំណង់​សិន សូម្បី​មួយ​រៀល​មិនទាន់បាន​សង​ផង ។​

 

​ក្រៅពី​ទិញ​គ្រឿងសំណង់​ជំពាក់​គេ​ប្រមាណ​ជាង​៥០​លាន​រៀល ឈ្មោះ លី ឡេ​ក ក៏បាន​ឲ្យ​គណៈកម្មការ​វត្ត​គិរី​វនា​រាម ជួយ​ទាក់ទង​ទៅ​ម្ចាស់​គ្រឿងចក្រ​ឈូសឆាយដី ឲ្យ​មក​កាយ​ដី​ចាក់​បំពេញ​ក្នុង​ទីធ្លា​វត្ត ដោយ​សន្យា​នៅពេល​ចាក់​បាន​ចំនួន​៥០០​រថយន្ត​ចាំ​ទូទាត់​គ្នា​ម្តង ហើយ​តាម​គម្រោង​ត្រូវ​ចាក់​១.៥០០​រថយន្ត ។​

 

​លោក គា អឿង ម្ចាស់​គ្រឿងចក្រ​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ទុកចិត្ត​លើ​លោកតា​គណៈកម្មការ​វត្ត និង​សំអាង​លើ​លិខិត​កិច្ចសន្យា ដែល​ធ្វើ​រួមគ្នា​រវាង​រូបគាត់​(​គា អឿង​)​ជាមួយ​ឈ្មោះ លី ឡេ​ក និង​មាន​ការដឹងឮ​ធានា​ពី​គណៈកម្មការ​វត្ត​គិរី​វនា​រាម​ផង គាត់​ក៏បាន​ដឹក​គ្រឿងចក្រ​សម្រាប់​កាយ​ដី ដឹកជញ្ជូន​ដី និង​ឈូស​ពង្រាបដី​យកទៅដាក់​នៅ​វត្ត​ដើម្បី​ធ្វើ​សកម្មភាព​តាម​កិច្ចសន្យា ។​

 

​ម្ចាស់​គ្រឿងចក្រ​បានបង្ហាញ​នៅក្នុង​កិច្ចសន្យា​ដែល​សរសេរ​ជា លាយលក្ខណ៍អក្សរ​ថា យោងតាម​ម្ចាស់​ថវិកា​ឈ្មោះ​ជំទាវ លី ពា និង​តំណាង​ឈ្មោះ លី ឡេ​ក ព្រមទាំង​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ បានសម្រេច​ឲ្យ​ឈ្មោះ គា អឿង ចាក់ដី​នៅក្នុង​តម្លៃ​មួយ​រថយន្ត​៥​ម៉ឺន​រៀល ។ ការចាក់ដី​ក្នុង​បរិវេណ​ទីធ្លា​វត្ត​ឲ្យ​ស្អាត​បាន​ចំនួន​៥០០​រថយន្ត ទើប​គិត​ប្រាក់​ម្តង ដោយ​ចាប់ផ្តើម​ចាក់​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦ រហូតដល់​គ្រប់​១.៥០០​រថយន្ត ។​

 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​បានឃើញ​ឈ្មោះ លី ឡេ​ក ទាក់ទង​ទៅ​ព្រះ​មេគណ​ខេត្ត ដោយបាន​សួរនាំ​លោក​ពី​បញ្ហា​វត្ត​ដែល​ជួប​ការខ្វះខាត ដើម្បី​នាំយក​អំណោយ​របស់លោក​ជំទាវ ទៅ​សាងសង់​ប្រគេន​លោក​តាម​តម្រូវការ ។ ចំណែក​ព្រះ​មេគណ​ខេត្ត ដោយមាន​សប្បុរសជន​ចង់​ជួយ​កសាង​វត្ត​អារាម​បែបនេះ ក៏បាន​ណែនាំ​ឈ្មោះ លី ឡេ​ក ឲ្យ​ទៅ​ជួយ​កសាង​សមិទ្ធផល​នានា​ដល់​វត្ត​គិរី​វនា​រាម ដែល​កន្លងមក​ធ្លាប់​ជួបប្រទះ​បញ្ហា​ភ្លើង​ឆេះ​សាលាឆាន់​អស់​គ្មាន​សល់ គប្បី​ត្រូវតែ​ជួយ​វត្ត​នោះ​តែ​មិន​នឹកស្មានថា បែរជា​នាំទុក្ខ​ដល់​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​នេះ​ឲ្យ​ជំពាក់​លុយ​គេ​ទៅ វិញ ។​

 

​ជាការ​ហួសចិត្ត បុរស​ឈ្មោះ លី ឡេ​ក ដែល​មិនមាន​អ្នកណា​ស្គាល់​ប្រភព​ថា មកពី​ទីណា​ទេ បានធ្វើ​ឱ្យគេ​ជឿ​ស្លុង ។ មិន​ត្រឹមតែ​បោក​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ​ធ្វើ​សំណង់​ជាង​២០០​រូប​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បោក​បញ្ឆោត​យក​ម៉ូតូ​មួយគ្រឿង​របស់​តាអាចារ្យ រួម​នឹង​ក្មេងស្រី​ក្រមុំ​ម្នាក់​ទៅ​បាត់​ទៀតផង ។​

 

​បើតាម​ម្តាយធំ​របស់​ក្មេងស្រី​ឲ្យ​ដឹងថា នាង​ឈ្មោះ រតនា អាយុ​ជិត​២០​ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានមក​ធ្វើការ​ជា​អ្នកដាំបាយ​ឲ្យ​ឈ្មោះ លី ឡេ​ក និង​ជាង​ធ្វើ​សំណង់ ទើបបាន​ប្រមាណ​៤​ទៅ​៥​ថ្ងៃ​ប៉ុណ្ណោះ ក៏ត្រូវ​ឈ្មោះ លី ឡេ​ក នាំយកទៅ​បាត់ កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកញ្ញា មិនដឹង​សុខទុក្ខ​យ៉ាងណាទេ បាត់​ដំណឹង​ឈឹង ។​

 

​មហាជន​មាន​ចម្ងល់​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ធ្វើ​នំ​អត់​ម្សៅ​របស់ បុគ្គល​ឈ្មោះ លី ឡេ​ក ដែល​បាន​បោកប្រាស់​ព្រះសង្ឃ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដ្បិត​គេ​ពិត​ជាមាន​ជំនាញ​ខ្លាំងណាស់ ព្រោះ​មិនមែន​បោក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទេ គឺ​បោក​ពេញ​មួយ​ឃុំ​តែម្តង ។ រហូតមកដល់​ពេលនេះ គេ​នៅតែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​របស់​ឈ្មោះ លី ឡេ​ក ថា​ជា​ឈ្មោះ​ពិត ឬ​ក្លែងក្លាយ​នៅឡើយ ខណៈ​ឈ្មោះ​របស់លោក​ជំទាវ លី ពា ក៏​មិនដឹងថា ជា​ឈ្មោះ​ក្លែងក្លាយ ឬ​ពិតប្រាកដ​ដែរ ។ ហេតុអ្វី​មិន​ឆ្ងល់​? ឈ្មោះ លី ឡេ​ក សន្យា​ជួយ​កសាង​វត្ត មានតម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ខ្លួនឯង​សូម្បី​កង់​អត់​មាន​ជិះ​ផង ដើរ​ចង់​«​យារ​ពង​»​ទៅហើយ នៅតែ​គេ​ជឿ​ទៀត ពិតជា​អស្ចារ្យ​មែន ។​

 

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សប្បុរស​ជន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក មេត្តាជួយ​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​គិរី​វនា​រាម​ផង ព្រោះថា ករណីនេះ​កំពុង​ធ្វើ​ឲ្យ​ព្រះសង្ឃ​ជាប់បំណុល​ម្ចាស់ផ្ទះ​លក់​គ្រឿងសំណង់​ជាង ៥០​លាន​រៀល និង​ថ្លៃ​ចាក់ដី​៨​លាន​រៀល ។ នេះ​មិនទាន់​រាប់​ថ្លៃ​ពលកម្ម​របស់​ជាង​ធ្វើ​សំណង់​ជាង​១០០​នាក់ ដែល​បាន​ខិតខំ​ធ្វើការ​អស់​ជាង​១០​ថ្ងៃ​មកហើយ មិនទាន់បាន​ប្រាក់កម្រៃ សូម្បី​មួយ​កាក់​មួយ​សេន (​ក្នុង​ម្នាក់​ធ្វើការ​មួយថ្ងៃ​បាន​ថ្លៃ​ឈ្មួ​ល​៣៥.០០០​រៀល ) ។​

 

​ជាងនេះទៀត អ្នកស្រុក​បានស្នើ​ដល់​ក្រសួង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​ខេត្ត ក្រុង ជួយ​ស្វែងរក​ឈ្មោះ លី ឡេ​ក ឲ្យ​ឃើញ​ផង ដើម្បី​ឲ្យ​ច្បាប់​ចាត់ការ​លើ​ជនខិលខូច​នេះ កុំ​ឲ្យ​ដើរ​ធ្វើ​សកម្មភាព​បោកប្រាស់​គេ​តទៅទៀត ។ ជាពិសេស ពួកគាត់​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​តាមរក​ក្មេងស្រី​ដែល​ត្រូវ​ឈ្មោះ​ខាងលើ បោក​យកទៅ​ជាមួយ​ផង ព្រោះ​ពេលនេះ​គ្រួសារ​នាង​បាន​តាមរក​ច្រើន​កន្លែង​ហើយ​មិនទាន់​ឃើញ​ទេ ហើយ​ជីវភាព​គ្រួសារ​របស់​នាង​ក៏មាន​ការខ្វះខាត​ខ្លាំង​ណាស់ដែរ ។​

 

​ព័ត៌មាន​ចុងក្រោយ​ដែល​ទទួលបាន​ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា កាលពី​រសៀល​ថ្ងៃទី​៥ ខែកញ្ញា ថា សមត្ថកិច្ច​មិនទាន់​ទទួលបាន​ពាក្យបណ្តឹង​ពី​ព្រះសង្ឃ ឬ​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅឡើយ​ទេ ។​

 

​ដល់ពេល​ឈ្មោះ លី ឡេ​ក បោក​ស្រស់​បែបនេះ ទើប​គ្រប់គ្នា​ភ្ញាក់ខ្លួន សូម្បី​រូបថត​ឈ្មោះ លី ឡេ​ក ក៏​គ្មាន​អ្នកណា​មាន​ដែរ គឺ​ស្គាល់​តែ​មុខ ស្គាល់​តែ​ឈ្មោះ ប៉ុន្តែ​គ្មាន​រូបថត​អ្នកបោក​នេះ​ទាល់តែសោះ ។ បើ​អត់​រូបថត​បែបនេះ ឱ្យជួយ​រក​ម៉េច​ឃើញ​ទៅ ? សូម្បី​ឈ្មោះ លី ឡេ​ក ក៏​មិន​ប្រាកដថា​ជា​ឈ្មោះ​ពិត​ដែរ ។ បើ​តែ​យ៉ាងហ្នឹង ល្មម​ត្រូវ​ចាញ់បោក​គេ​មែនហើយ ៕

08-9-2016-7 08-9-2016-1 08-9-2016-2 08-9-2016-3 08-9-2016-4 08-9-2016-5 08-9-2016-6

 

Leave a Reply

(*) Required, Your email will not be published