ការកកស្ទះ​ចរាចរណ៍​ដោយសារ​អ្នកបើកបរ​គ្មាន​សុជីវធម៌ ឬ​សមត្ថកិច្ច​មិន​ជួយ​អន្តរាគមន៍​

, , Leave a comment

​រាជធានី​ភ្នំពេញ : ម្នាក់ៗ​ឲ្យ​តែ​ឡើង​បើក​យានយន្ត​ភ្លាម គឺ​សុទ្ធតែ​អ្នក​ប្រញាប់​មានការ​ហើយ បើទោះបីជា​មិន​ប្រញាប់​ណាស់ណា ក៏​ខំ​ធ្វើ​ដែរ​ដើម្បី​ជ្រែ​គេ ជ្រែ​ឯង ខំ​រុលទៅមុខ ទោះជា​ឆ្លងកាត់​ភ្លើងស្តុប​ឲ្យ​ឈប់​ក៏ដោយ​។ នៅពេល​រុលទៅមុខ​ម្នាក់​បន្តិចៗ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ភ្លាម តែបើ​ក្រឡេកមើល​សងខាង​មាន​ប៉ូលិស​ចរាចរណ៍ ឬ​កូនសិស្ស​សាលា​មកជួយ​ធ្វើ​ចរាចរណ៍​ដែលមាន​មេក្រូ​ផង​នោះ ឥរិយាបថ​អ្នកបើកបរ​ប្រភេទ​នោះ​ធ្វើ​ហាក់ដូចជា​ដឹងខ្លួន​បន្តិច​ទៅវិញ​។​

 

​ម្យ៉ាង​មួយវិញទៀត ជាទូទៅ​នៅពេល​ស្ទះចរាចរណ៍​ម្តងៗ ម្នាក់​ចាប់ផ្តើម​ស្រែក​សួរថា រួច​ចុះ​ប៉ូលិស​ទៅណា​បាត់​ហើយ​? ជួនកាល​ក៏​ឃើញ​សន្តិសុខ​តាម​ហាង ឬក៏​អ្នកយាម​សាលារៀន ឬ​មន្ទីរពេទ្យ​ឯកជន មាន​កញ្ចែ​មួយ​មកជួយ​ផ្លុំ​ឆ្វាត់ឆ្វែង​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​។ តែ​នៅពេលដែល​អត់​មាន​ប៉ូលិស ឬក៏​សមត្ថកិច្ច​ទេ គឺ​ស្ទះ​រាប់​ម៉ោង ខណៈ​ចំពេល​ម៉ោង​ចេញពី​ធ្វើការ​ពេល​ល្ងាច តែ​បែរជា​ទៅ​ឃើញ​មាន​ប៉ូលិស​មួយចំនួន​នៅ​ជួយ​ធ្វើ​ចរាចរណ៍​តាម​រោងការ​ឬ រោងបុណ្យ​ទៅវិញ​។​

 

​តើ​គួរតែ​ដំឡើង​ចំនួន​ប៉ូលិស​ចរាចរណ៍​បន្ថែម​ដែរឬទេ​? បើ​រាជធានី​ភ្នំពេញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​ប្រជាពលរដ្ឋ​កើនឡើង​ឥតឈប់ឈរ​។ បើ​គិត​ត្រឹម​នៅ​ឆ្នាំ ២០១៥ នេះ តាម​ទិន្នន័យ​សាលា​រាជធានី​ភ្នំពេញ​ថា​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២ លាន​នាក់​ទៅហើយ​។ រីឯ​ចំនួន​យានយន្ត​ទូទាំងប្រទេស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រួច គិត​មក​ត្រឹម​ឆ្នាំ ២០១៤ មាន​ដល់​ទៅ ២,៧៨ លាន ក្នុងនោះ​គ្រាន់តែ​ម៉ូតូ​មាន​ចំនួន ២,៣៥ លាន​គ្រឿង​ទៅហើយ​។​

 

​ជាងនេះទៅទៀត​អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម​មាន ដល់​៦​នាក់​ក្នុង​១​ថ្ងៃ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​ចរាចរណ៍​ថ្មីៗ​នេះ​។ តែ​ផ្លូវ​នៅ​ភ្នំពេញ​ដែល​ត្រូវ​ពង្រីក​តាម​តំបន់​មាន​ចំនួន​តិចតួច​ចំណែក​ផ្លូវ​ដែល​បាន​បង្រួម​មាន​ច្រើន​សឹងតែ​គ្រប់កន្លែង​តាមរយៈ​ឥរិយាបថ លោភលន់ របស់​ពលរដ្ឋ​ខ្លះ​យក​ចំណីផ្លូវ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឬក៏​ធ្វើ​អាជីវកម្ម​ដែល​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​គឺ មិនមែន​សុទ្ធតែជា​កំហុស​មកពី​ប៉ូលិស​នោះទេ​គឺ ៖

 

១-​ផ្ទះ​សង់​បន្ថែម​នៅលើ​ផ្លូវ​ដើរ​សាធារណៈ ដើម្បី​ធ្វើ​រោង​ដាក់​ឡាន​។ អ្នក​ថ្មើរជើង​អស់​កន្លែង​ដើរ​នាំគ្នា​ដើរ​លើផ្លូវ​ថ្នល់​ទាំង​ទើសទាល់ ឯ​អ្នកបើកបរ​ម្នាក់ៗ​នាំគ្នា​ជិះ​គេច​អ្នកដើរ​ម្នាក់​បន្តិចៗ យូរ​ទៅ​រួម​ចូលទៅ​តែ​កណ្តាល​ថ្នល់​តែម្តង​។​

 

២-​ការយក​ចិញ្ចើមផ្លូវ​សាងសង់​ស្លាក​យីហោ​រកស៊ី​របស់​ក្រុមហ៊ុន​មាន​ធំ​មាន​តូច នៅលើ​ផ្លូវ​ដើរ​ដែរ​។ អ្នក​ថ្មើរជើង​ចេះតែ​នាំគ្នា​ដើរគេច​ចុះទៅ​លើ​ថ្នល់​។​

 

៣-​ការបើក​ហាង សណ្ឋាគារ ឬក៏​ភោជនីយដ្ឋាន នៅលើ​ផ្លូវ​ដើរ​សាធារណៈ ហើយ​យក​ផ្លូវ​ធ្វើជា​កន្លែង​ចំណត​តែម្តង​។ ទំហំ​ផ្លូវ​សម្រាប់​ការបើកបរ​តាមផ្លូវ​សាធារណៈ​ចេះតែ​រួម​តូច​ទៅៗ​ផងដែរ​។ ករណីនេះ​ទីណា​ក៏មានដែរ ចំពោះ​ការរំលោភ​យក​ផ្លូវ​សាធារណៈ​នេះ​។​

 

៤-​ចំនួន​រ៉ឺម៉ក​កង់​បី សព្វថ្ងៃនេះ ក៏​ចេះតែមាន​កំណើន​កើនឡើង​ដែរ កង់​បី​នេះ​មាន​ទំហំ​ប៉ុន​ឡានតូច រីឯ​ការបើកបរ​រប​ស់​ពួកគាត់​នៅតាម​ដង​វិថី​ហាក់បីដូចជា​គ្មាន​សណ្តាប់ធ្នាប់​ទេ ចង់​បត់​គឺ​បត់​ភ្លាម​ធ្វើ​ដូច​កាលពី​គាត់​បើក​ម៉ូតូឌុប​អ៊ីចឹង​។ តែ​កន្ទុយ​រ៉ឺម៉ក​វែង​សុទ្ធតែ​ដែក​ជុំវិញ ពុំបាន​គិតគូរ​អ្នកបើកបរ​នៅ​ជុំវិញ​គាត់​ទេ​។ ម្យ៉ាងវិញទៀត​ការចត​របស់​ពួកគេ​ជាទូទៅ​ពុំ​សូវ​មាន​សណ្តាប់ធ្នាប់​ឡើយ​គឺ​ចត​ឲ្យ​តែ​បាន ជួនកាល​ដាក់​ទទឹងផ្លូវ​ក៏មានដែរ ហើយ​គាត់​រត់ទៅរក​ចាប់​ម៉ូយ​បាត់ ចង់​អ្នកធ្វើដំណើរ​ដទៃទៀត​ស្ទះ​អី ស្ទះ​ទៅ ប៉ះពារ​គ្នា​ក៏​ប៉ះ​ទៅ ដូចជា​ផ្លូវ​នៅមុខ​ព្រះបរមរាជវាំង ផ្លូវ​មុខ​ភោជនីយដ្ឋាន​បារាំងៗ និង​ផ្លូវ​មុខ​ផ្សារ​រាត្រី​ជាដើម​។​

 

៥-​ការយក​ចំណីផ្លូវ ជុំវិញ​ផ្សារ​ធ្វើ​កន្លែង​ចំណត ធ្វើ​ឲ្យ​អ្នកបើកបរ​សល់​កន្លែង​តូច​ទៅ ដូចជា នៅ​ជុំវិញ​ផ្សារ​ថ្មី ផ្សារ​អូរឫស្សី ផ្សារ​អូឡាំពិក​ជាដើម​។​

 

៦-​ការចត​ឡានក្រុង និង​តាក់ស៊ី គឺ​ចត​នៅលើ​ផ្លូវ​សាធារណៈ​តែម្តង​។ ជាងនេះទៅទៀត​នោះ​គឺ​អ្នក​ហៅ​ម៉ូយ​តាមផ្លូវ​ក៏​ចេញ​មកឈរ​ចាំ​ចាប់​ម៉ូយ អ្នកធ្វើដំណើរ​ចូលក្នុង​សាច់​ផ្លូវ​២​ម៉ែត្រ​ទៀត​។ រីឯ​អ្នកបើកបរ​ចេះតែ​នាំគ្នា​គេច​ពួកគាត់​ចូល​បើក​កណ្តាលផ្លូវ​ទាំងអស់គ្នា ធ្វើ​ឲ្យ​កកស្ទះ និង​ងាយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​អ្នកបើកបរ​មិនដឹង​គេច​ទៅណា​។ ឧទាហរណ៍ ផ្លូវ​ចុះ​ពី​ស្ពាន​ក្បាលថ្នល់ គឺ​ស្ទះ​រាល់ថ្ងៃ​ដោយសារតែ​ការចត​របស់ រថយន្ត​តួ​រី​សដឹក​អ្នកដំណើរ តាក់ស៊ី និង​រ៉ឺម៉ក និង​ការហៅ​ម៉ូយ​ចូល​ផ្លូវ​បន្ថែមទៀត​ដោយ​អ្នកបើក​ចេះតែ​ចូល​ផ្លូវកណ្តាល​ទាំងអស់គ្នា​។​

 

​ជា​រើ​យៗ​នៅ​ទីនោះ​គឺជា​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​ផងដែរ នៅពេលដែល​រថយន្ត​ដាច់ ហ្វ្រាំង​ពីលើ​ស្ពាន​ម្តងៗ មិនដឹង​ជា​គេច​ទៅ​ទីណា​ទេ ហើយ​អ្នក​ងាយ​រងគ្រោះ​ជាងគេ​នោះ​អ្នកបើកបរ​ម៉ូតូ​ដែល​គេច​ចេញពី​អ្នក​ហៅ ម៉ូយ​ទៅ​ចូល​ផ្លូវ​ឡាន​នោះ ហើយ​បើទោះបីជា អាជ្ញាធរ​បានផ្តល់​ទីតាំង​ចំណតរថយន្ត​ត្រឹមត្រូវ​នៅមុខ​អតីត​រោងកុន​នៅក្បែរ ផ្លូវ​និង​នៅមុខ​ផ្សារ​ច្បារអំពៅ​ក៏ដោយ ក៏​ពួកគេ​មិន​អនុវត្តតាម​ដែរ​។ ចំណែកឯ​គល់ស្ពាន​ជ្រោយចង្វារ​ក៏មាន​ភាព​រញ៉េរញ៉ៃ​ដូច​ស្ពាន​ក្បាលថ្នល់ នេះដែរ​។​

 

៧-​ការលក់​បន្លែ​មួយ​យប់​ទល់​ភ្លឺ​នៅលើ​ផ្លូវ​ក្បែរ​ផ្សារ​ដើម​គ​។ ការលក់​បែប​នោះ​គឺ​យក​ចិញ្ចើមផ្លូវ និង​លើផ្លូវ​ជា​កន្លែង​រកស៊ី​តែម្តង ទាំង​ចត​ទាំង​ទម្លាក់​អីវ៉ាន់​ស៊ីដាច់​ផ្លូវ​អស់​មួយ​ចំហៀង​។ ផ្លូវ​នោះ​គឺ​ងាយ​ស្ទះចរាចរណ៍ និង​គ្រោះថ្នាក់​ពេលយប់​អ្នកបើកបរ​ភាគច្រើន​សុទ្ធតែ​ស្រវឹង​។​

 

៨-​ការយក​ចំណីផ្លូវ​សង់រោង​ការ រោងបុណ្យ មួយ​ចំហៀង ឬក៏​មួយ​ដាច់​តែម្តង​ធ្វើ​ឲ្យ​អ្នកបើក​គេច​ពី​ផ្លូវ​នោះ​ហើយ​មន្ត្រីប៉ូលិស និង​ប៉េអឹម​នៅ​ទីនោះ​អស់ ធ្វើ​ឲ្យ​ស្ទះផ្លូវ​ផ្សេងៗ​ទៀត​ដែល​នៅ​ជុំវិញ​នោះ​៕

07-9-2016

 

Leave a Reply

(*) Required, Your email will not be published