ធ្វើជា​នារី​កំដរ​ភ្ញៀវ​តាម បៀរ​ហ្កា​ឌិន ខារ៉ាអូខេ ព្រោះ​…?

, , Leave a comment

03-2-2016 (1)

​ពេល​ព្រះអាទិត្យ​អស្ដង្គត រាត្រីកាល​រំកិល​ខ្លួន​ចូលមក​ប្រលោម​ដំណេក​មនុស្ស​សត្វ គេ​ឃើញ​មាន​ស្រីក្មេង​ស្អាតៗ សាច់​សខ្ចី​កំពុង​អង្គុយចាំ​ភ្ញៀវ​រហង់​ក្រោយ​ពន្លឺ​ភ្លើងពណ៌​ខ្វាត់ខ្វែង តាម​កន្លែង​សប្បាយ​ដូចជា ហាង​បៀរហ្គាឌិន និង​ខារ៉ាអូខេ ជាដើម ដែល​កន្លែង​បុរស​អ្នកមាន យកលុយ​ទៅ​ដូរ​ការសប្បាយ​។​

 

​មិនមែន​នារី​ទាំងអស់ សុទ្ធតែ​ចង់​ធ្វើការ​កន្លែង​នេះ​ទេ តែ​អាច​បណ្ដាលមកពី​កត្តា​មួយចំនួន​បង្ខំ​ឲ្យ​ពួកនាង​ចាប់​របរ​នេះ​។ ស្ដាប់​ការរៀបរាប់​ខ្លះៗ​របស់​នារី​ដែល​ប្រលូក​ក្នុង​ជីវិត​អាជីព​ពេល​រាត្រី ដើម្បី​ដឹង​ពី​ហេតុផល ដែល​សារព័ត៌​មានកំណើត​ថ្មី​បានធ្វើ​បទសម្ភាសន៍ ៖

 

​សម្បុរ​ស្រអែម រាង​ស្វែ​ល តូច​ច្រឡឹង រី​យ៉ា [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] វ័យ ២០​ឆ្នាំ ជា​អ្នកធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​មួយ ម្ដុំ​ទួលគោក​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​កញ្ញា​ជា​កម្មការិនី​រោងចក្រ​មួយរូប ព្រោះ​ត្រូវការ​លុយ​បន្ថែម​កញ្ញា​ក៏​សម្រេចចិត្ត​មក​ធ្វើ​នៅ​កន្លែង​សប្បាយ​នេះ​។​

 

​រី​យ៉ា បាន​បង្ហើប​សម្តី​មួយៗ ជាមួយ​ទឹកមុខ​បែប អៀនប្រៀន​ថា ៖ “​មិត្ត​ភ័ក្ដិ​ឲ្យ​យោបល់​ថា បើ​ត្រូវការ​លុយ​មែន​ឲ្យ​ខ្ញុំ​ទៅធ្វើ​ការ​ហាង​ខារ៉ាអូខេ​ជាមួយ​គេ​ទៅ គ្រាន់​បាន​លុយ​ធីប​បន្តិចបន្តួច​។ ហើយ​ខ្ញុំ​ក៏​មក​ធ្វើ​។ វា​មិនល្អ​ទេ​ដែល​ខ្លួន​ស្រី មក​ធ្វើជា​នារី​កំដរ​ភ្ញៀវ​នោះ តែបើ​យើង​ត្រឹមត្រូវ​ក៏​គ្មាន​នរណា​ហ៊ាន​ថា​អី​យើង​ដែរ​។ ខ្ញុំ​ជួន​មក​ធ្វើ​ជួន​អត់​”​។​

 

​មាន​ប្រវត្តិ​ជា​កម្មការិនី រោងចក្រ​ដូចគ្នា ស្រី​ល័ក្ខណ៍ បាន​ចូលធ្វើការ​នៅ​ហាង​បៀរហ្គាឌិន​មួយ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​។ កញ្ញា​បាន​និយាយថា ពីមុន​នាង​មិនដែល​គិត​ចង់​ធ្វើការ​នឹង​ឡើយ ព្រោះ​យល់ថា​ជា​ការងារ​មិនសូវ​ល្អ ប៉ុន្តែ​ដោយ​ចង់​សាកល្បង កញ្ញា​បានសម្រេច​ចិត្ត​ចូលធ្វើការ​។ “​ទោះ​ដឹងថា​មិនល្អ តែ​ខ្ញុំ​នៅតែ​ចង់​ប្រលូក​។ ពេល​ខ្ញុំ​ចេញពី​ធ្វើការ ខ្ញុំ​ឃើញ​តាម​ហាង​នារីៗ​ស្លៀកពាក់​ធ្វើ​មុខ​ស្អាតៗ ណាមួយ​ខ្ញុំ​មាន​បងស្រី​ជីដូនមួយ​ធ្វើការ​នឹង​ដែរ ក៏​ធ្វើ​នឹង​គេ​ទៅ​”​។​

 

​ចំណែក​កញ្ញា លីដា ជានា​រី​នៅ​ហាង​បៀរហ្គាឌិន ម្ដុំ​ក្បាលថ្នល់​បាន​ឲ្យ​ដឹងថា កញ្ញា​បានទទួល​ការស្នើសុំ​ឲ្យ​ជួយ​ពី​ម្ចាស់​ហាង ដែលមាន​ស្រុកភូមិ​ជាមួយគ្នា​។ “​បច្ចុប្បន្ន​ខ្ញុំ​កំពុង​រៀន​ដេរ​ម៉ូត​សំលៀកបំពាក់ ហើយ​ខ្ញុំ​មក​ធ្វើការ​នៅទីនេះ ក្នុងនាម​ជា​អ្នក​ជួយ​មើល​ការខុសត្រូវ​ភ្ញៀវ​។ តែ​ពេលខ្លះ​ខ្ញុំ​ក៏​ជួយ​កំដរ​ភ្ញៀវ​ដែរ​”​។​

 

​ដោយឡែក អា​នី ធ្វើការ​នៅ​ហាង​ម្ដុំ​សែន​សុខ និយាយថា កញ្ញា​មក​ធ្វើ​ការងារ​កំដរ​ភ្ញៀវ ដោយសារ​ពិបាក​រក​ការងារ​ធ្វើ ហើយ​បើ​រកបាន​នោះ កញ្ញា​នឹង​ឈប់​ធ្វើ​។ “​ដោយសារ ការងារ​មុន​ប្រាក់ខែ​តិច ខ្ញុំ​សុំ​គេ​ឈប់ ហើយ​នេះ​គ្រាន់តែ​ជាការ​ងារ​ជួយ​រួច​មួយគ្រា​។ ខែក្រោយ​ខ្ញុំ​នឹង​ឈប់ ព្រោះ​ខ្ញុំ​បាន​ជាប់​ជា​បុគ្គលិក​ទីផ្សារ​ចុះ​តាម​ខេត្ត ផ្នែក​ចែកចាយ​ផលិតផល​ឡេ​លាប​ស្បែក​”​។​

 

​មាន កត្តា​ជាច្រើន​ទៀត ដែល​អន្ទង​នារីៗ ឲ្យ​ចូលធ្វើការ​តាម​កន្លែង​កម្សាន្ត​ទាំងនេះ តែ​យ៉ាងណា​ទាំង​ប៉ុន្មាន​ខាងលើ ជាការ​លើកឡើង​ពិត របស់​ពួ​គាត់​៕

03-2-2016

 

Leave a Reply

(*) Required, Your email will not be published