យុវវ័យ​គួរ​និយាយ​ពី​រឿង​ផ្លូវភេទ​

, , Leave a comment

31-8-2016 (3)

​គំនិត​គួរ​ពិចារណា : ទោះជា​នៅ​សម័យនេះ​ក៏ដោយ នៅក្នុង​សង្គម​មួយចំនួន ក៏ដូចជា​សង្គម​ខ្មែរ រឿង​ផ្លូវភេទ​ជា​រឿង​មួយ​ដែល​គេ​ចាត់ទុកថា​ជា​រឿង​មួយ​កខ្វក់ និង​មិនគួរ​និយាយ​។ ជាពិសេស​ដោយ​ខ្ញុំ​នៅ​ក្មេង ហើយ​ជាម​នុស្ស​ស្រី​ទៀត ពេលណា​ដែល​ខ្ញុំ​និយាយ​ពី​បញ្ហា​ផ្លូវភេទ​ហ្នឹង ច្បាស់​ជាមាន​គេ​និយាយ​ហើយ​ថា ខ្ញុំ​ជាម​នុស្ស​មិនល្អ មនុស្ស «​អាស​» ឬ​មិន​គោរព​តាម​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ​យើង​។ ប៉ុន្តែ​បើ​គិត​មកវិញ វា​គួរតែ​ជា​ពេល​មួយ​ដែល​ក្មេងៗ យុវវ័យ​គួរតែ​ចាប់ផ្តើម​បើកចំហ និង​និយាយ​ពី​រឿង​ផ្លូវភេទ​នេះហើយ​។​

31-8-2016 (4)

​ចាស់ៗ​ជាច្រើន មិនដែល​ចង់​និយាយ​រឿងនេះ​ទេ​។ ឲ្យ​តែ​គាត់​លឺ​ក្មេងៗ​និយាយ​ពី​រឿងនេះ​គាត់​ថា​ក្មេងៗ ឥឡូវ​ឈាមរាវ​។ ការ​ឆ្ងល់ ចង់ដឹង ចង់​សាក ចង់​លឺ គឺជា​ធម្មជាតិ​របស់​ម​នុស្ស​។ ព្រោះតែ​ចំណង់​នេះហើយ ទើប​ធ្វើ​ឲ្យ​មនុស្ស​ជឿនលឿន​ដល់​សម័យនេះ​។ សួរថា ពេលដែល​ម៉ាក់​ប៉ា​ហាមឃាត់​រឿង​អ្វីមួយ មានកូន​ប៉ុន្មាន​នាក់​ដែល​ស្តាប់​តាម​? ពេលដែល​ម៉ាក់​ប៉ា​កាន់តែ​តឹងរឹង តើ​មានកូន​ប៉ុន្មាន​នាក់​ដែល​រៀន​ចេះ​កុហក​? សង្គម​យើង​ដាក់​គំនាប​ណាស់ រឿង​ផ្លូវភេទ​នេះ​។ ឲ្យ​តែ​អ្នកណា​ធ្វើ​អ្វីដែល​ពាក់ព័ន្ធ​ជាមួយនឹង​ប្រធានបទ​នេះ គឺមាន​គេ​រិះគន់ វាយតម្លៃ​ហើយ​។​

 

​គេ​ថា បើ​និយាយ​រឿងនេះ គឺ​ដូច​លើកទឹកចិត្ត​ឲ្យ​យុវវ័យ​ប្រឡូក​រឿង​ផ្លូវភេទ​នេះហើយ​។ ដាក់​គំនាប​ណាស់ ប៉ុន្តែ​តើ​ក្មេងៗ​នៅតែ​សាក​ដែរ ឬ​អត់​? តើ​ក្មេងៗ​នៅតែ​រួមភេទ​ឬ​អត់​? បើ​ខំ​ហាម​ហើយ គេ​នៅតែ​រួមភេទ តើ​ការដាក់​គំនាប ការមិន​និយាយ​រឿងនេះ មាន​ប្រសិទ្ធិភាព​ឬ​អត់​? បើ​អត់​មាន​ប្រសិទ្ធិភាព តើ​ប្រឹង​ធ្វើ​វា​ធ្វើ​អី​?

 

​ពេលដែល​មនុស្ស​ម្នាក់​ពេញវ័យ ទាំង​គេ ទាំង​យើង គឺ​ចាប់ផ្តើម​មាន​អារម្មណ៍​ផ្លូវភេទ​ហើយ​។ វា​ជា​ធម្មជាតិ មិនមែនជា​រឿង​អ្វី​អាក្រក់​ទេ​។ បើ​មិន​មានការ​រួមភេទ​ក៏​មិនមាន​ពួកយើង​កើតមក ហើយ​អង្គុយ​អាន​នៅ​កន្លែង​នេះដែរ​។ អ្នកណា​ក៏​រួមភេទ​ដែរ​។​

 

​អ្នក​ដែល​រិះគន់​អ្នក​ដែល​និយាយ​រឿង​ផ្លូវភេទ​ដោយ​បើកចំហ ក៏​ចេះ​មាន​អារម្មណ៍​ផ្លូវភេទ ធ្លាប់​សម្រេច​កាម​ដោយ​ខ្លួនឯង ហើយក៏​ធ្លាប់​រួមភេទ​ដែរ​។ បើ​អ៊ីចឹង​ហើយ ជាជាង​បិទបាំង​រឿងនេះ យើង​គួរតែ​បើកចំហ អប់រំ និយាយ​ពិភាក្សា​អំពី​រឿងនេះ​។ ក្មេងៗ មុន និង​ក្រោយ គង់តែ​រួមភេទ​ជាមួយគ្នា​ទេ តែ​អ្វីដែល​យើង​អាច​ធ្វើបាន គឺ​យើង​អាច​បង្ហាញផ្លូវ​ដែល​ពួកគេ​អាច​ជ្រើសរើស។​

31-8-2016 (1)

​ជាងនេះទៅទៀត​ការហាមឃាត់ យើង​គួរ​និយាយ​ពី​ការរួម​ភេទ​ដោយ​សុវត្ថិភាព ការ​មាន​ផ្ទៃពោះ និង​ការ​ពន្យារកំណើត​។ ដោយ​មិនមាន​អ្នកណា​និយាយ​រឿងនេះ ក្មេង​ខ្លះ​រួមភេទ​ទាំង​មិនដឹង​ពី​ការការពារ អ្នកខ្លះ​គិតថា បើ​មនុស្ស​ប្រុស​មិន​បញ្ចេញ​ទឹកកាម​ក្នុង​ប្រដាប់​ភេទស្ត្រី ស្ត្រី​នោះ​នឹង​មិនមាន​ផ្ទៃពោះ ហើយ​អ្នកខ្លះ​ថែមទាំង​គិតថា ការរួម​ភេទ​ម្តង​មិនអាច​ឲ្យ​មាន​ផ្ទៃពោះ​ទៀត​។ ព្រោះតែ​ការគិត​ខុស​ទាំងនោះ​ហើយ ទើប​ធ្វើ​ឲ្យ​យុវវ័យ​មាន​ផ្ទៃពោះ ហើយដោយ​ខ្លាច​ម៉ាក់​ប៉ា​ស្តីបន្ទោស សុខចិត្ត​ទៅ​រំលូតកូន​ដោយ​មិនមាន​សុវត្ថិភាព​។​

 

​ប៉ុន្តែ​ប្រសិនបើ​យើង​អប់រំ​យុវវ័យ​ក្មេងៗ ពី​រឿងនេះ យ៉ាងហោចណាស់ ក៏​គេ​ដឹង​ពី​លទ្ធផល​នៃ​ការរួម​ភេទ និង​អាច​ការពារ​ខ្លួនឯង​បានដែរ​។ វា​ជា​ជម្រើស​របស់​ពួកគេ​។ យើង​មិនអាច​ឃ្លាំមើល​គេ​២៤​ម៉ោង​បានទេ តែ​យ៉ាងហោចណាស់ ក៏​យើង​អាច​ផ្តល់​ចំណេះដឹង​ដើម្បី​ឲ្យ​ពួកគេ​អាចធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង​បានដែរ​។​

 

​អ្នកខ្លះ​ច្បាស់​ជា​និយាយថា នៅ​សាលា គេ​បង្រៀន​រឿង​ហ្នឹងហើយ ចាំបាច់​និយាយ​ធ្វើ​អី​។ តើ​គេ​បង្រៀន​អ្វីខ្លះ​នៅ​សាលា​? បើតាម​ខ្ញុំ​ចាំ គ្រូ​ខ្ញុំ​រំលង​មេរៀន​ទាំងនោះ​ចោល ហើយ​បើ​និយាយ​ពី​រឿង​ផ្លូវភេទ ម្នាក់ៗ​នាំគ្នា​សើច​។ ខ្ញុំ​ចាំ​ថា ពេល​ខ្ញុំ​នៅ​រៀន​អនុវិទ្យាល័យ ខ្ញុំ​មាន​អ្នកគ្រូ​ម្នាក់​ដែល​ប្រៀបធៀប​ការបង្កើត​កូន និង​ការ​បន្ទោ​របង់ ព្រោះ​គាត់​គិតថា កូន​គឺ​កើត​មកពី​រន្ធ​តែមួយ​។ សម​អត់​ដែល​មនុស្ស​ស្រី​អាយុ​ជិត​៣០​ឆ្នាំ មិនដឹង​ពី​ប្រដាប់ភេទ​ខ្លួនឯង​? តើ​មាន​អ្នកណាខ្លះ ដែល​ដឹងថា មនុស្ស​ស្រី​មាន​រន្ធ​គូទ រន្ធ​បង្ហួរនោម និង​រន្ធ​ប្រដាប់ភេទ​?

31-8-2016 (2)

​មាន​យុវវ័យ [​និង​ចាស់ៗ​] ជាច្រើន​ណាស់ ដែល​មិន​យល់ច្បាស់​ពី​បញ្ហា​ផ្លូវភេទ ព្រោះតែ​មិនសូវមាន​អ្នកណា​និយាយ​បើកចំហ​រឿងនេះ​។ ម្នាក់ៗ​ចាត់ទុក​រឿងនេះ ថា​ជា​រឿង​មួយ​ដែល​គួរតែ​ខ្មាស់អៀន​។ តើ​ធ្វើ​អ៊ីចឹង​បាន​អី​មកវិញ​? កុំថាឡើយ​រឿង​រួមភេទ សូម្បីតែ​រដូវ​របស់​ស្ត្រី​ក៏​ខ្មាស់​ដែរ​។ ទិញ​សំឡី​អនាម័យ​ម្តងៗ ច្រក​ថង់​ខ្មៅ ព្រោះ​មិន​ចង់​ឲ្យ​គេ​ឃើញ​។ មិន​ហ៊ាន​និយាយ​ពាក្យ «​រដូវ​» ទេ សុទ្ធតែ «​បងប្អូន​មកលេង​»​។​

 

​តើ​រដូវ​របស់​ស្ត្រី​ជា​រឿង​កំបាំង​របស់​ពិភពលោក​ឬ​? អ្នកណា​ក៏​ដឹងថា​ស្ត្រី​មក​រដូវ​ដែរ​។ ស្ត្រី​មាន​ប្រដាប់ភេទ នេះ​ជា​រឿង​ទូទៅ​ទៅហើយ​។ តើ​ចាំបាច់​ខ្មាស់​ធ្វើ​អី​? ប្រដាប់ភេទ​មិនមែនជា​កន្លែង​ដែល​ត្រូវ​ខ្មាស់អៀន ឬ​ខ្ពើម​ទេ​។ កុំភ្លេចថា យើងទាំងអស់គ្នា​កើតចេញពី​ប្រដាប់ភេទ​នោះ​។ ព្រោះតែ​បែបនេះហើយ ទើបបានជា​មនុស្ស​មួយចំនួន ទោះ​ជាមាន​បញ្ហា​ប្រដាប់ភេទ ឬ​រាំងរដូវ ក៏​សុខចិត្ត​ទ្រាំ មិន​ហ៊ាន​ទៅ​ពេទ្យ​ទេ ព្រោះ​ខ្មាស់​គេ​។ ទាល់តែ​ធ្ងន់ បាននាំគ្នា​ភ័យ​។ ល្អ​តើ​។​

 

​ម្យ៉ាង​មិនមែន​សុទ្ធតែ​មនុស្ស​ទាំងអស់គ្នា កើតមក គឺ​សុទ្ធតែ​ចេះ​រួមភេទ​ទេ​។ បើតាម​ស្ថិតិ មានតែ​ស្ត្រី​ចំនួន​១​ភាគ​៣​តែប៉ុណ្ណោះ ដែល​អាច​ដល់​ចំណុចកំពូល​តាមរយៈ​ការរួម​ភេទ​តាម​ប្រដាប់ភេទ​។ ការរួម​ភេទ​ជា​រឿង​មួយ​សំខាន់​ណាស់​ក្នុង​ទំនាក់ទំនង​ស្នេហា ឬ​រៀបការ​។ បើ​មិនមាន​អ្នកណា​និយាយ​ពី​រឿងនេះ ស្ត្រី​២​ភាគ​៣​ទៀត​នោះ នឹង​នៅតែ​មិន​ដល់​ចំណុចកំពូល​។ ក្នុងពេល​ណាមួយ​នៅក្នុង​ទំនាក់ទំនង​របស់​មនុស្ស​ពីរ​នាក់ នៅពេលដែល​ពួកគេ​បាន​នៅ​ជាមួយគ្នា​យូរហើយ ជីវិត​ផ្លូវភេទ​នេះហើយ ដែលជា​ចំណង​ជួយ​ដល់​ទំនាក់ទំនង​របស់​ពួកគេ​។ ចាស មិនមែន​ផ្កាស្លា​ទេ​។ តើ​មាន​ដៃគូ​ប៉ុន្មាន​នាក់​ដែល​លួច​មាន​អ្នកផ្សេង ព្រោះ​គេ​មិន​ពេញ​ចិត្តនឹង​ជីវិត​ផ្លូវភេទ​របស់គេ​? តើ​មាន​ប្តី​ប្រពន្ធ​ប៉ុន្មាន​នាក់​ដែល​លែងលះ​ដោយ​បញ្ហា​នេះ​?

 

​មាន​គេ​សួរ​ខ្ញុំ​ថា ហេតុអ្វី​ខ្ញុំ​ហ៊ាន​និយាយ​បើកចំហ​រឿង​ផ្លូវភេទ​នេះ​ម្ល៉េះ​? ខ្ញុំ​សួរ​ទៅវិញ​ថា ហេតុអ្វី​បានជា​មិន​ហ៊ាន​? ត្រូវ​ចាំ​ថា ការរួម​ភេទ​ជា​ធម្មជាតិ​។ យើង​កើតមក ដើម្បី​បន្ត​ពូជ ហើយ​ដើម្បី​បន្ត​ពូជ យើង​ត្រូវតែ​រួមភេទ​។ ម៉ាក់​ប៉ា មិនអាច​កំណត់​ផ្លូវ​ថា តើ​យុវវ័យ​ម្នាក់​គួរ​ដើរទៅ​ផ្លូវ​ណា​ទេ​។ តែ​យ៉ាងហោចណាស់ ក៏​យើង​អាច​បំភ្លឺ​ផ្លូវ​ទាំងនោះ ដើម្បី​ឲ្យ​គេ​យល់ថា តើ​ការសម្រេចចិត្ត​នេះ អាចមាន​លទ្ធផល​យ៉ាងណា ដើម្បី​ឲ្យ​ពួកគេ​ដឹង និង​យល់​មុនពេល​ជ្រើសរើស​ផ្លុ​វ​ណាមួយ​។ Love, Catherine / XOXO

31-8-2016

ឯកសារយោង

http://edition.cnn.com/2008/LIVING/personal/03/03/sexless.marriage/index.html?iref=hpmostpop

http://www.advocatesforyouth.org/sex-education-home

http://www.advocatesforyouth.org/publications/publications-a-z/2390-sexuality-education

https://www.plannedparenthood.org/educators/implementing-sex-education

http://www.unfpa.org/comprehensive-sexuality-education

 

Leave a Reply

(*) Required, Your email will not be published