រាជធានីភ្នំពេញ : ដោយសារតែកំណើនសេដ្ឋកិច្ច ជាតិមានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏មានការកើនឡើង ជីវភាពក៏ធូរធារ គួរឲ្យកត់សម្គាល់ ដូច្នេះចំនួនយានយន្តគ្រប់ប្រភេទ ក៏មានការកើនឡើង យ៉ាង គំហុក មិនតុល្យភាពគ្នាជាមួយផ្លូវថ្នល់ក្នុងរាជធានី ភ្នំពេញ ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ។
គេសង្កេតឃើញនៅតាមផ្លូវនីមួយៗមានដាក់ប៉ូលិសស្អេកស្កះ ប៉ុន្តែនៅតែមានរថយន្តធំៗ ចូលក្រុងបានយ៉ាងរំភើយពេញក្រុងដដែល តាមបណ្ដោយផ្លូវជាតិ៥ ចូលតាមផ្លូវ៥៩៨ និងតាមផ្លូវក្រោយស្ពានជ្រោយចង្វា និងផ្លូវជាសំខាន់ៗជាច្រើនទៀត ដែលផ្ទុយពីសាលារាជធានី ដែលបានចេញសារាចរណែនាំ។
ជាក់ស្តែងបញ្ហានេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា ការអនុវត្តច្បាប់របស់សាលា រាជធានីភ្នំពេញ ដូចជាគ្មានប្រសិទ្ធភាពសោះ ចំណុចនេះ ប្រហែលជាមកពីអំពើពុករលួយនៅក្នុងជួរសមត្ថកិច្ច ដែលមិនអាចលុបបំបាត់បានឡើយ។ ការដែលសាលារាជធានី បញ្ជាឲ្យប៉ូលិសដាក់គោលដៅដើម្បីឃាត់ឡានធំៗនោះ ដូចបានប្រើប៉ូលិសទៅឲ្យចាំកាក់ឡានយកលុយចឹង ដែលជាវិធានការនៃការអនុវត្តច្បាប់ នៅតែធូររលុងដដែល ខណៈអំពើពុករលួយនៅតែគ្រប់ដណ្ដប់លើមន្ត្រីខិលខូចមួយចំនួន។
បញ្ហានេះដែរ ត្រូវបានបណ្តាញសង្គមមួយឈ្មោះ ABC Cambodia Family បានរៀបរាប់ថា ៖ «បទបញ្ជាដ៏តឹងរ៉ឹងរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លើបញ្ហាហាមឃាត់រថយន្ដធន់ធំ (យីឌុប) មិនឲ្យធ្វើចរាចរណ៍ ចេញចូលក្នុងរាជធានីភ្នំពេញ គិតត្រឹមម៉ោង៦ព្រឹក ដល់ម៉ោង៩យប់នោះ ហាក់បីដូចជាអស់�ប្រសិទ្ធិភាពទៅវិញហើយដោយមិន ដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ»។
ជាក់ស្ដែងនៅចំណុចឃ្លាំងស្តុកអីវ៉ាន់ ដ៏ធំពីកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្ដាលផ្លូវលេខ៤៣០ និង៤៨២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក៏ដូចជាតាមបណ្តាសង្កាត់ខណ្ឌផ្សេងៗ ទៀតក្នុងរាជធានីភ្នំពេញ គឺក្រុមឈ្មួញរកស៊ីដឹកជញ្ជូនតាមមធ្យោបាយរថយន្តធន់ធំ (យីឌុប) ហាក់បីដូចជាស្គាល់ចិត្តអជ្ញាធរអស់ទៅហើយដោយសារពួកគេបើកបរដឹកទំនិញចេញចូលក្នុងរាជធានីភ្នំពេញទាំងកណ្ដាលថ្ងៃត្រង់ អត់ខ្វល់ពីអី្វទាំងអស់ជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបង្កការរំខានដល់អ្នករស់នៅជិតខាងយ៉ាងខ្លាំងពីរមួយថ្ងៃទៅមួយថ្ងៃ។
ប្រជាពលរដ្ឋរស់នៅក្នុងទីរាជធានីភ្នំពេញសម្តែងក្តីត្រេកអរយ៉ាងខ្លាំងពេលដែលបាន ឮសូរព័ត៌មានថាអភិបាលរាជធានីភ្នំពេញ ហាមប្រាមមិនឲ្យរថយន្ដធន់ធំចេញចូលក្នុង រាជធានីភ្នំពេញ ពេលថ្ងៃ ប៉ុន្តែឥឡូវពលរដ្ឋត្រូវខកចិត្តទៅវិញ ដោយសារគេសង្កេតឃើញថារថយន្ដធន់ធំ ចេញចូលពេលថ្ងៃទាំងកណ្តាលថ្ងៃចែសហើយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនខ្វល់អី្វទាំងអស់ជាហេតុធ្វើឲ្យបទបញ្ជារបស់អភិបាលភ្នំពេញសាបដូចទឹកទន្លេ។ មន្ដ្រីពាក់ព័ន្ធ និងបញ្ហាខាងលើនេះមិនអាចសុំការបំភ្លឺបានឡើយ៕ ABC