ខេត្តកំពង់ស្ពឺ : បុរសជាជាងរថយន្តម្នាក់ ព្រោះតែព្យាយាមតាមស្រឡាញ់នារីជាងកាត់ដេរមិនបាន ក៏បែកគំនិតដ៏អាក្រក់ ចាក់ប្រហារផ្ដាច់ផ្ដិល ជីវិតពេលនាងកំពុងអង្គុយដេរ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយចាក់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់គ្រាន់តែធ្លាយពោះវៀនចេញមកក្រៅគួរឲ្យញាក់សាច់តែប៉ុណ្ណោះ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទី ព្រឹកថ្ងៃទី២៨ ខែសីហា នៅផ្សារឧដុង្គ ស្រុកឧដុង្គ។
នារីរងគ្រោះឈ្មោះ ណែម ចន្ឋូ អាយុ២៤ឆ្នាំ មុខរបរជាងកាត់ដេរ មានទីលំនៅភូមិឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧដុង្គ។ ចំណែកបុរសដៃដល់ដែលតាមសុំស្នេហ៍នាងមិនបានឈ្មោះ ស៊ឺម ម៉ូត អាយុ៣២ឆ្នាំ មុខរបរជាងតោន និងបាញ់ថ្នាំរថយន្ត មានទីលំនៅភូមតាជាល ឃុំព្រះស្រែ ស្រុកឧដុង្គ។
ប្រភពពីសមត្ថកិច្ចដែលស្រង់សំដីពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា «មុនពេលកើតហេតុនារីរងគ្រោះកំពុងតែអង្គុយដេរខោអាវនៅកន្លែងកាត់ដេររបស់ខ្លួន ស្រាប់តែបុរសខកស្នេហ៍នេះ បានមកចាប់ក្រៀកនាង ហើយធ្វើសកម្មភាពចាក់ប្រហារលើនាងជាច្រើនកាំបិត បណ្តាលឲ្យត្រដរខ្យល់ដួលដេកក្នុងថ្លុកឈាមយ៉ាងអណោចអធម៌បំផុត ហើយក៏ធ្វើអត្តឃាតដោយចាក់សម្លាប់ខ្លួនឯងវិញ បណ្តាលឲ្យធ្លាយពោះវៀនចេញមកក្រៅ ដួលដេកគួរឲ្យញាក់សាច់។ ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានសាច់ញាតិ និងអ្នកជិតខាងបញ្ជូនទៅសង្គ្រោះជីវិត តែអកុសលនាងបានស្លាប់បាត់បង់ជីវិតពាក់កណ្តាលផ្លូវ»។
ប្រភពព័ត៌មាននានា នៅកន្លែងកើតហេតុបានបង្ហើបឲ្យដឹងពីមូលហេតុនៃការសម្លាប់នេះថា ជនដៃដល់បានតាមសុំស្នេហ៍ពីនារីរងគ្រោះច្រើនខែមកហើយតែនាងមិនព្រម។ គាប់ជួនបងរបស់នារីរងគ្រោះមានបំណងយកប្អូនស្រីទៅរស់នៅបរទេស ដែលជាបំណងមិនចង់ឲ្យជនដៃដល់ចេះតែមកចង់បង្កើតទំនាក់ទំនងរំខានជាមួយប្អូនស្រី។ មិនយូរប៉ុន្មានដំណឹងនេះ ក៏ដឹងដល់ជនដៃដល់ ធ្វើឲ្យជននេះមានការខឹងសម្បារជាខ្លាំង ហើយបាននិយាយថា បើខ្លួនមិនបាននាងក៏មិនអាចបានទៅបុរសណាផ្សេងដែរ ហើយបើបងរបស់នាងនៅតែមានៈ បំបែកនាងចេញពីខ្លួនទៀត ជំរើសចុងក្រោយខ្លួននឹងសម្លាប់នាងមិនឲ្យមានជីវិតទេ ហើយក៏សម្លាប់ខ្លួនឯងឲ្យស្លាប់ជាមួយគ្នាដែរ។
ការសច្ចាដែលធ្វើបែបនេះ ខ្លួនឯងគ្រាន់តែធ្លាយពោះវៀនមួយទ្រេលមកក្រៅប៉ុណ្ណោះ ត្រូវសមត្ថកិច្ចបញ្ជូនតាមរថយន្តសង្គ្រោះ ដើម្បីបញ្ជូនបន្តនៅមន្ទីរពេទ្យក្រុងភ្នំពេញព្យាបាលរបួស មុននឹងចាត់វិធានការច្បាប់តាមក្រោយ។
ទាក់ទងនឹងករណីនេះដែរ បើទោះជាមានការលើកឡើងបែបនេះក្តី ក៏មិនទាន់អាចសន្និដ្ឋានថា ជារឿងពិតឡើយ ព្រោះពុំមានក្រុមគ្រួសារនារីរងគ្រោះណាម្នាក់ ចេញមុខមកអះអាងទេ គ្រាន់តែជាការលើកឡើងរបស់អ្នកនៅក្បែរកន្លែងនារីរងគ្រោះនិយាយតៗគ្នាតែប៉ុណ្ណោះ៕