មនុស្ស​ស្រី​ស្លៀកពាក់​បែបណា​បាន​សង្គម​ឈប់​រិះគន់​ឲ្យ​?

, , Leave a comment

30-8-2016 (3)

​គំនិត​គួរ​ពិចារណា : ឲ្យ​តែ​ខ្ញុំ​ចូលទៅ​មើល Facebook ពេលណា ដឹង​តែមាន​រឿង​ត្រូវ​ហួសចិត្ត​រហូត​។ ម្សិលមិញ​នេះ មិត្តភក្តិ​ខ្ញុំ​បាន Tag ខ្ញុំ​ចូលក្នុង​រូប​របស់​នារី​ម្នាក់​ដែល​គាត់​ពាក់អាវ​វាល​ខ្នង និង​ខោខ្លី ដែល​បងប្រុស​ម្នាក់​គាត់​បាន Post ហើយ​គាត់​បាន​និយាយថា សម្លៀកបំពាក់​នារី​ម្នាក់​នោះ​គឺ​បំផ្លាញ​ប្រពៃណី​ខ្មែរ ហើយ​ថែមទាំង​ប្រៀបធៀប​គាត់​នឹង​ស្រី​បារ​ទៀត​។ គិត​ទៅ​ខ្មែ​យើង​ឲ្យ​តែ​គេ​ធ្វើ​អ្វីដែល​យើង​មិន​ពេញចិត្ត គឺ​ដឹង​តែ​បំផ្លាញ​ប្រពៃណី​តែម្តង​។ គួរតែមាន​ពាក្យរិះគន់​ថ្មី​ហើយ​។​

 

​តែ​ថ្ងៃនេះ​ខ្ញុំ​មិនមែន​ចង់​និយាយ​រឿង​ហ្នឹង​ទេ​។ ខ្ញុំ​ចង់​និយាយ​ពី​រឿង​សម្លៀកបំពាក់​របស់​មនុស្ស​ស្រី​។ ចាំ​ខ្ញុំ​និយាយ​រឿង​ប្រពៃណី​ចុងក្រោយ​គេ​ចុះ ប៉ុន្តែ​មនុស្ស​មួយចំនួន ខ្ញុំ​ឧស្សាហ៍​លឺ​គេ​ថា មនុស្ស​ស្រី​ស្លៀកពាក់​ខ្លី​គឺ​ចង់​ឲ្យ​គេ​មើល​ចង់​បង្អួត​សម្រស់​។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ស្លៀក​ខោខ្លី អាវ​វាល​។ ហើយ​រាល់​ពេលដែល​ខ្ញុំ​បើក​ទូ​រើស​ខោអាវ​មក​ពាក់ ខ្ញុំ​មិនដែល​គិត​ទេ​ថា ៖ «​តើ​ថ្ងៃនេះ ខ្ញុំ​គួរតែ​ស្លៀកពាក់​ម៉េច​ដើម្បី​ឲ្យ​គេ​មើល​?» ខ្ញុំ​ស្លៀកពាក់​អ្វីដែល​ខ្ញុំ​ចូលចិត្ត អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រួល​ក្នុង​ខ្លួន (Comfortable, in case you’re having a dirty mind here)​។​

 

​បើ​អ្នក​ធ្លាប់​ចេញទៅ​ក្រៅ​ពេល​ថ្ងៃ អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា​ស្រុក​ខ្មែរ​យើង​ក្តៅ​ប៉ុណ្ណា​។ ខ្ញុំ​ស្លៀក​ខ្លី ព្រោះ​វា​មិនសូវ​ក្តៅ​។ ខ្ញុំ​មិនដឹងថា​អ្នកដទៃ​គេ​យ៉ាងម៉េច​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​រៀន ឬ​ធ្វើការ ខ្ញុំ​អត់​ចូលចិត្ត​អង្គុយ​ទាំង​ស្អិត​ញើស​ពេញ​ខ្លួន​ដោយសារតែ​ខ្ញុំ ស្លៀកខោ​វែង អាវ​៤ ឬ​៥​ជាន់ ដោយសារតែ​ខ្លាច​អ្នកដទៃ​រិះគន់​ឲ្យ​នោះទេ​។ ហើយ​ម្យ៉ាង​ខ្ញុំ​ចូលចិត្ត​ជិះ​កង់​ទៀត​។ ខ្ញុំ​អត់​ចង់​ហប់​ខ្យល់​ស្លាប់​ទេ​។​

30-8-2016 (1)

​មនុស្ស និង​សត្វ គឺ​ដូចគ្នា​ទេ​។ ធម្មជាតិ (Instinct) របស់​យើង​គឺ​ចង់​ទាក់ទាញ​ភេទ​ផ្ទុយគ្នា ប៉ុន្តែ​សម្រាប់​សត្វ ភាគច្រើន​សត្វ​ឈ្មោល​ជា​អ្នក​ទាកទាញ់​សត្វ​ញី​។ អ៊ីចឹង​ហើយ​បានជា​សត្វ​ឈ្មោល​ភាគច្រើន​មាន​រោម ពណ៌​ស្រស់​ជាង ឬ​យំ​បានលឺ​ជាង ដូចជា​ក្ងោក ឬ​ត្រី​ជាដើម​។ ក្ងោក​ឈ្មោល​ត្រដាង​រោម​នៅមុខ​ក្ងោក​ញី​ដើម្បី​ទាក់ទាញ​ក្ងោក​ញី​។ មនុស្ស​យើង​ក៏​ដូចគ្នា​ដែរ​។ ទោះបីជា​យើង​មិន​ចាប់អារម្មណ៍ (or consciously aware) ក៏ដោយ ប៉ុន្តែ​គោលបំណង​សំខាន់​ក្នុង​ជីវិត​មនុស្ស និង​សត្វ​គឺ​ដើម្បី​បន្ត​ពូជ​។ អ្វីដែល​ខុសគ្នា​នោះ​គឺ​សម្រាប់​មនុស្ស ភេទ​ញី ឬ​ស្រី​ជា​អ្នក​ទាក់ទាញ​ភេទ​ប្រុស ឬ​ឈ្មោល​។ ហេតុនេះហើយ​បានជា​មនុស្ស​ស្រី​មាន​លក្ខណៈ​ទន់ (Soft, Curves) ចង្កេះ ត្រគាក និង​សុដន់ ដែល​ទាក់ទាញ​មនុស្ស​ប្រុស​។ វា​ជា​អ្វីដែល​ធម្មជាតិ​បង្កើត​មក​។​

 

30-8-2016 (4)

​ការដែល​ចង់​ទាក់ទាញ​ភេទ​ផ្ទុយគ្នា គឺជា​ធម្មជាតិ​របស់​ម​នុស្ស ប៉ុន្តែ​មិនមែន​មនុស្ស​ស្រី​ទាំងអស់ ជាពិសេស​អ្នក​ស្លៀកពាក់ «sexy» គឺ​សុទ្ធតែ​រស់​ដើម្បី​ទទួលបាន​ចំណាប់អារម្មណ៍​ពី​មនុស្ស​ប្រុស​ទេ​។ ពេលខ្លះ ខ្ញុំ​ចង់​ស្លៀកពាក់​ឲ្យ​ស្អាត ព្រោះ​ខ្ញុំ​ស្រឡាញ់​រូបរាង​របស់ខ្ញុំ ព្រោះ​ខ្ញុំ​ក្មេង​បានតែ​ម្តង​ទេ​។ ខ្ញុំ​ធ្វើ​នេះ គឺ​ដើម្បី​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​។ បើ​ខ្ញុំ​ខ្លួនឯង​មិន​ស្រឡាញ់​រូបរាង​ខ្លួនឯង​ផង តើ​អ្នកដទៃ​គេ​ស្រឡាញ់​ចូលចិត្ត​ដោយ​របៀប​ណា​?

 

​អ្វីដែល​ខ្ញុំ​ស្អប់​ជាងគេ គឺ​ពេលដែល​គេ​និយាយថា ខ្ញុំ​ស្លៀកពាក់​បែបនេះ សម​នឹង​ឲ្យ​គេ​ស្រែក​ញ៉ែ​តាមផ្លូវ ឬ​មនុស្ស​ស្រី​ខ្លះ​សម​នឹង​គេ​រំលោភ​ព្រោះតែ​ស្លៀកពាក់​«​មិន​សមរម្យ​»​។ ខ្ញំ​រ​ចង់​សួរ​ទៅវិញ​ថា អ្វីដែល​ខ្ញុំ​ស្លៀកពាក់ គឺ​នៅលើ​ខ្លួន​ខ្ញុំ​ទេ តែបើ​អ្នក​មិនអាច​គ្រប់គ្រង​ពងស្វាស និង​លិង្គ​របស់​អ្នក​បាន តើ​ហេតុអ្វី​បានជា​ខុស​មនុស្ស​ស្រី​ទៅវិញ​ខ្ញុំ​ទៅវិញ​? «​លោក​ប៉ូលីស ខ្ញុំ​ចាប់រំលោភ​ម្នាក់​ស្រី​ហ្នឹង ព្រោះ​ពេល​ឃើញ​ម្នាក់​ស្រី​ហ្នឹង លិង្គ​ខ្ញុំ​ឡើង​រឹង ហើយ​ខ្ញុំ​អត់​ដឹង​ធ្វើ​ម៉េច ក៏​ចាប់រំលោភ​ទៅ​»​។ ចុះបើ​គេ​និយាយថា អ្នក​សម​នឹង​ត្រូវតែ​ចោរប្លន់ ព្រោះ​អ្នក​ដាក់​លុយ​តាម​ខ្លួន ឬ​មកពី​អ្នកជិះ​ម៉ូតូ​។ បើ​ដើរ ហើយ​អត់​មាន​លុយ​ក្នុង​កាបូប ក៏​គេ​មិន​ប្លន់​ដែរ​។ តើ​មូលហេតុ​នោះ​វិញ​យ៉ាងម៉េច​ដែរ​? ឬ​មកពី​ខ្ញុំ​ជាម​នុស្ស​ស្រី ដូច្នេះ​ខ្ញុំ​ត្រូវតែ​នៅក្រោម​គំនាប​របស់​សង្គម​?

30-8-2016 (2)

​ខ្ញុំ​ឧស្សាហ៍​ឃើញ​មនុស្ស​ប្រុស​ដោះអាវ​នៅមុខ​ផ្ទះ នៅតាម​ផ្លូវ ស្លៀកពាក់​ចេញ​សាច់​ដែរ តែ​ហេតុអ្វី​បានជា​មិនមាន​អ្នក​រិះគន់​ដូចគ្នា​? យើង​មាន​ស្មា​ដូចគ្នា មាន​ខ្នង​ដូចគ្នា សុដន់​ដូចគ្នា មាន​ក្បាល​សុដន់​ដូចគ្នា មាន​ក្បាលពោះ​ដូចគ្នា ខុស​តែ​ប្រដាប់ភេទ​ទេ​។ ហេតុអ្វី​បានជា​គំនាប​សង្គម​ខុសគ្នា​? សុដន់​មនុស្ស​ស្រី​មាន​លក្ខណៈ​ខុសពី​មនុស្ស​ប្រុស​មែន ប៉ុន្តែ​គ្រាន់តែ​ប៉ុណ្ណឹង​អាចជា​ហេតុផល​ដែល​បង្កើតជា​ផ្នត់គំនិត​បែបនេះ​ដែរ​? ចុះ​អ្នក​ដែល​គេ​ស្លៀកពាក់​ត្រឹមតែ​ចេញ​ខ្នង ឬ​ភ្លៅ​? ខុសពី​មនុស្ស​ប្រុស​ត្រង់ណា​? ហើយ​សូមកុំ​និយាយថា ៖ «​ដោយសារតែ​វប្បធម៌​ប្រពៃណី​» ឬ «​យី​..! មនុស្ស​ស្រី​ផ្សេង មនុស្ស​ប្រុស​ផ្សេង​»​។​

 

​ឥឡូវ​សូម​លូក​ចូល​រឿង​វប្បធម៌​ប្រពៃណី​នេះ​បន្តិច​។ វប្បធម៌ គឺ​កើត​មកពី​ទម្លាប់​។ ពេល​មនុស្ស​ទម្លាប់​ធ្វើ​អ្វីមួយ​រាប់រយ​ឆ្នាំទៅ វា​ក៏​កើត​ទៅជា​វប្បធម៌ មានន័យថា វប្បធម៌​គឺ​មនុស្ស​ជា​អ្នកបង្កើត​។ វប្បធម៌​គឺ​ផ្លាស់ប្តូរ តាម​សម័យកាល​។ ពេលដែល​ផ្នែក​ណាមួយ​នៃ​វប្បធម៌​នោះ​លែង​បម្រើ​ដល់​តម្រូវការ​របស់​ម​នុស្ស វា​នឹង​សាប​រលប់ ដូចជា​ការចូល​ម្លប់​ជាដើម​។ បើ​យើង​បក​ចូលទៅ​កំឡុង​ឆ្នាំ​៦៨ ទៅ ៥៥០ គឺ​សម័យ​ហ្វូណន ស្ត្រី​ខ្មែរ​យើង​គឺ​ស្លៀក​សា​រ៉ុង សំពត់ ឬ​សំពត់​សា​រ៉ា​បាប់ ប៉ុន្តែ​មិនមាន​ពាក់​អ្វី​នៅ​ល្វែង​ខាងលើ​ទេ​។ នៅ​សតវត្ស​ទី​១៦ លោក ជី តាខ្វាន់ បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ហើយ​ធ្វើ​កំណត់ត្រា​មួយចំនួន​ពី​របៀបរបប​រស់នៅរ​បស់​ប្រជាជន​ខ្មែរ​។ ក្នុងនោះ លោក​បាន​សម្គាល់​ឃើញថា នារី​ខ្មែរ​ពេលនោះ គឺ​មិន​ពាក់អាវ​ទេ​។ គេ​ព្រលែង​សុដន់​ទទេរ រាប់ទាំង​អគ្គមហេសី​របស់​ព្រះមហាក្សត្រ​ទៀត​។ បើ​អ្នក​គិតថា កំណត់ត្រា​នេះ​មិន​ពិត អ៊ីចឹង​ម៉េច​គេ​ចាំបាច់​ឲ្យ​សិស្ស​រៀន​ក្នុង​សាលា​ធ្វើ​អី​?

30-8-2016

​ខ្ញុំ​គ្រាន់តែ​ចង់​និយាយថា វប្បធម៌​ខ្មែរ​យើង គឺមាន​ផ្លាស់ប្តូរ​ច្រើនលើក ច្រើនសារ មកហើយ​។ តើ​អ្នកណា​ជា​អ្នកសម្រេច​ថា វប្បធម៌​មួយណា​ដែល​ត្រូវ​ធ្វើតាម​? លោក ជី តាខ្វាន់ បានធ្វើ​ដំណើរ​មក​ក្នុងសម័យ​អង្គរ ដែលជា​សម័យមួយ​រុងរឿង​របស់​ខ្មែរ​យើង​។ តើ​វប្បធម៌​ពេលនោះ​មិនមាន​តម្លៃ​ទេ​ឬ​? ចុះ​អ្វីៗ​ថ្មី​ដែល​យើង​កំពុងតែ​ទទួលយក​នេះ តើ​វា​មិន​បំផ្លាញ​វប្បធម៌​ទេ​? បើ​ស្លៀកពាក់​ខោអាវ​ខ្លី​ខុស​ប្រពៃណី ចុះ​អាវយឺត និង​ខោ​ខូវប៊យ​ជា​ប្រពៃណី​យើង​ដែរ មែន​ទេ​? តើ​អ្នកណា​ជា​អ្នកសម្រេច​ថា តើ​អ្វីដែល​ត្រូវ អ្វីដែល​ខុស​?

 

​ពួកយើង​មិនមែនជា​ហ្វូង​ចៀម​ទេ​។ គេ​ថា យើង​មិនគួរ​ធ្វើ​រឿង​មួយ​នេះ ប៉ុន្តែ​យើង​មាន​ដែល​គិតពី​ហេតុផល​វា​ទេ​? គេ​នាំគ្នា​និយាយថា​៖ «​មកពី​វប្បធម៌​វា​អ៊ីចឹង​»​។ តែ​ហេតុអ្វី​បាន​វា​វប្បធម៌​គេ​កំណត់​មក​អ៊ីចឹង​? ហើយ​វា​មាន​ផ្តល់​ប្រយោជន៍​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ដែរ​ឬ​អត់​? បើ​អត់​ទេ នៅ​ឱបក្រសោប​វា​ដល់​ណា​?

 

​នៅ​ប្រទេស​ជាង​២៨​នៅ​ទ្វីប​អា​ព្រិច និង​ទ្វីបអាស៊ី គេ​មាន​ប្រកាន់ខ្ជាប់​ទំនៀមទម្លាប់​កាត់​ចុង​ប្រដាប់ភេទ​មនុស្ស​ស្រី​។ ហើយ​ជា​រៀងរាល់ឆ្នាំ មាន​ក្មេងស្រី​ជាច្រើន​ដែល​ស្លាប់ ដោយសារតែ​ទំនៀមទម្លាប់​នេះ​។ ខ្ញុំ​ដឹងថា រឿងនេះ គឺ​ធ្ងន់ធ្ងរ​ជាង ប៉ុន្តែ​ចំណុច​ដែល​ខ្ញុំ​ចង់​ផ្តោត​នោះ​គឺ មិនមែន​វប្បធម៌ ទំនៀមទម្លាប់​គឺ​សុទ្ធតែ​ត្រូវ​ទាំងអស់​ទេ​។​

 

​ខ្ញុំ​និយាយ​នេះ មិនមែន​ចង់​ឲ្យ​មនុស្ស​ស្រី​លែង​ស្លៀក​សម្លៀកបំពាក់ ដើរ​ដោះអាវ ឬ​ឲ្យ​យើងទាំងអស់គ្នា​បោះបង់ចោល​វប្បធម៌​ទេ​។ ប៉ុន្តែ​គួរតែ​ចេះ​ឆ្ងល់ ចេះ​គិតពី​ហេតុផល​ផង​។ មូល​ហេតុដែល​មនុស្ស​ស្រី​ត្រូវបាន​គាបសង្កត់​គឺ​កើតមានឡើង​តាំងពី​រាប់ពាន់​ឆ្នាំមុន ហើយ​ខ្ញុំ​ក៏​មិនអាច​បកស្រាយ​ពី​វា​បានដែរ ព្រោះ​វា​ជា​រឿង​វែងឆ្ងាយ​មួយទៀត​។​

 

​គេ​ថា មនុស្ស​ស្រី​បើ​ឲ្យ​គេ​ឃើញ​រាងកាយ​អស់​ទៅ លែងមាន​តម្លៃ​ហើយ​។ ចុះ​ម៉េច​បានជា​មនុស្ស​ប្រុស​មិន​អ៊ីចឹង​ដែរ​ទៅ​? ខ្ញុំ​ធ្លាប់​ឃើញ​គេ​និយាយ​ប្រៀបធៀប​មនុស្ស​ស្រី​នឹង​ពេ​ជ្យ​ដែល​កប់​ក្នុង​ដី​ទៀត​។ ខ្ញុំ​ជាម​នុស្ស មិនមែន​ពេ​ជ្យ មិនមែន​វត្ថុ​សម្រាប់​ឲ្យ​គេ​ដេញថ្លៃ​ទេ​។ ត្រូវ​ចាំ​ថា តម្លៃ​គឺ​ខ្លួនឯង​ជា​អ្នកកំណត់​។ បើ​ខ្លួន​យើង​មិន​ឲ្យ​តម្លៃ​ខ្លួន​យើង​ផង តើ​ឲ្យ​គេ​ឲ្យ​តម្លៃ​យើង​យ៉ាងណា?

 

​ប្រសិនបើ​មិន​ចូលចិត្ត​ឃើញ​មនុស្ស​ស្រី​ស្លៀកពាក់​«​ខើច​»​ខ្លី​ទេ យើង​បែរមុខ​ចេញទៅ គឺ​លែងឃើញ​ហើយ​។ គេ​ស្លៀកពាក់​លើ​ខ្លួនគេ យើង​មិនចាំបាច់​ចូលចិត្ត​ទេ​។ តែ​ពាក្យសម្តី​ជេរ​ស្តី ឬ​លួច​ថត​រូបគេ​មក​ដាក់​ផ្សាយ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គេ​។ សូម​ផ្តល់​សិទ្ធិសេរីភាព ហើយ​គោរព​ការសម្រេចចិត្ត​របស់​អ្នកដទៃ​ផង​។ បើ​គេ​ចង់​ស្លៀក​ហូល ឬ​រ៉ូ​ប ឬ​ប៊ី​គី​នី គឺ​គេ​ស្លៀក​លើ​ខ្លួនគេ ហើយ​គេ​ក៏​មិន​បង្ខំ​ឲ្យ​យើង​មើល​ដែរ​។ បើ​មិន​ចូលចិត្ត យើង​អាច​បែរមុខ​ចេញ​។ បើ​មិន​ចូលចិត្ត កុំ​ស្លៀកពាក់​បែប​នោះ​ទៅ តែ​កុំ​ប្រើពាក្យ​សម្តី​មក​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍ ឬ​រិះគន់ ជេរ​ស្តី​គេ​ព្រោះតែ​យើង​មិន​ពេញ​ចិត្តនឹង​ជម្រើស​របស់គេ​។ Love, Catherine, XOXO

30-8-2016 (5)

​ឯកសារយោង​

References:
http://www.rfa.org/khmer/indepth/chinese_in_cambodia_part1-02032011225642.html
http://www.iexplore.com/travel-guides/south-and-southeast-asia/cambodia/history-and-culture
http://www.rasmeinews.com/local_news/detail?class=local&news=OTMxODFkMD&page=18
https://en.wikipedia.org/wiki/Khmer_clothing#Chang_Pong
http://www.bustle.com/articles/83035-7-reasons-to-stop-shaming-women-who-wear-revealing-clothing-your-ideas-of-propriety-aside
http://animals.mom.me/peacocks-spread-feathers-2729.html

 

 

Leave a Reply

(*) Required, Your email will not be published