តើ​ការរកស៊ី​ផ្លូវភេទ​ គួរតែ​ស្របច្បាប់​ដែរ ឬទេ​?

, , Leave a comment

29-8-2016 (2)

​ពិចារណា : ការរកស៊ី​ផ្លូវភេទ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ការងារ​ដែលមាន​អាយុកាល​ចំណាស់​ជាងគេ​ក្នុង​ពិភពលោក​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​មនុស្ស​ភាគច្រើន នៅតែ​មើលងាយ​ស្ត្រី (​ឬ​បុរស​) ដែល​រកស៊ី​ផ្លូវភេទ ហើយ​គិតថា ការងារ​នេះ​ជាការ​ងារ​ដែល​ថោកទាប និង​កង្វក់​។ ប៉ុន្តែ​ពេលដែល​យើង​គិត​មកវិញ តើ​ការរកស៊ី​ផ្លូវភេទ​ខុសពី​ការងារ​ផ្សេងទៀត​ត្រង់ណា​?

29-8-2016 (3)

​ការ​រងារ​ទាំងអស់ គឺ​សុទ្ធតែ​ទាមទារ​ឲ្យ​យើង «​លក់​» ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់​យើង​។ ការលក់​ភេទ និង​ការលក់​កម្លាំង​ពលកម្ម គឺ​សុទ្ធតែ «​លក់ខ្លួន​» ដូចគ្នា​ទេ​។ (​តែបើ​និយាយ​ឲ្យ​ច្បាស់​ទៅ គឺ​ត្រឹមតែ​ជួល​ខ្លួន​ទេ​។ ពួកគាត់​មិនមែន​លក់ខ្លួន​ធ្វើ​ទាសករ​ឲ្យ​ភ្ញៀវ​ទេ​។​) អ្នកចម្រៀង​លក់​សម្លេង និង​បំពង់ក​។ អ្នក​សម្តែង​លក់​ទឹកមុខ និង​សម្រស់​។ អ្នកធ្វើការ​នៅ​ការិយាល័យ​លក់​ខួរក្បាល​។ អ្នករកស៊ី​ផ្លូវភេទ លក់​ជំនាញ និង​សម្រស់​របស់​ពួកគាត់​។ ប្រសិនបើ​មិនមាន​ជំនាញ​ក្នុងការ​រួមភេទ​តើ​អ្នករកស៊ី​ផ្លូវភេទ​ម្នាក់​អាច​រកស៊ី​បាន​ប៉ុន្មាន​?

 

​អ្វីដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន ស្អប់ខ្ពើម​មុខងារ​នេះ គឺ​ដោយសារតែ​ពួកគាត់​ប្រើប្រាស់​ប្រដាប់ភេទ​របស់​ពួកគាត់​។ តើ​ប្រដាប់ភេទ​ខុសពី​ផ្នែក​ផ្សេងៗ​ទៀត​របស់ខ្លួន​មនុស្ស​ម្នាក់​ត្រង់ណា​? ផ្នែក​ណាមួយ​នៃ​ខ្លួន​មនុស្ស​សុទ្ធ​តែមាន​មុខងា​រ​ផ្សេងៗ ហើយ​ប្រដាប់ភេទ​ក៏មាន​មុខងារ​សម្រាប់​រួមភេទ និង​បង្កើតកូន​។ តើ​មានរឿង​អ្វី​ត្រូវ​ស្អប់ខ្ពើម​? ឬមួយ​ក៏​ដោយសារតែ​វប្បធម៌​របស់​យើង​ណែនាំ​ថា ប្រដាប់ភេទ គឺជា​រឿង​សម្ងាត់ រឿង​កង្វក់​ដែល​គួរតែ​បិតបាំង​? ម៉េច​បានជា​វប្បធម៌ និង​សង្គម​ចេះតែ​បង្រៀន​មនុស្ស ឲ្យ​មើលងាយ​អ្នក​ដែល​ប្រើប្រាស់​ប្រដាប់ភេទ​របស់ខ្លួន​គេ​បែបនេះ​?

 

​ខ្ញុំ​ក៏ដូចជា​ប្រទេសមួយ​ចំនួន​ដូចជា Finland, France, Italy, Panama, Canada និង NewZealand យល់ថា ការរកស៊ី​ផ្លូវភេទ​គួរតែ​ស្របច្បាប់​។ ប្រទេស​ខ្មែរ​យើង​ទើបតែ​ដាក់​ច្បាប់​ឲ្យ​ការរកស៊ី​ផ្លូវភេទ​ខុសច្បាប់​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ​ទេ​។ ប៉ុន្តែ​ការដាក់​ឲ្យ​ខុសច្បាប់​នេះ គឺមាន​ផលវិបាក​ច្រើនណាស់​សម្រាប់​អ្នក​ដែល​រកស៊ី​ផ្លូវភេទ​។​

 

​ខ្ញុំ​ធ្លាប់បាន​ស្តាប់​ការសម្ភាសន៍​របស់​អ្នករកស៊ី​ផ្លូវភេទ​ជាច្រើន ដោយ​ពួកគាត់​បាន​ប្រាប់ថា ពេលខ្លះ​ពួកគាត់​ត្រូវ​រត់គេច​ពី​ប៉ូលីស ហើយ​ពេលខ្លះ​ពេលដែល​ប៉ូលីស​ចាប់គាត់​ប៉ូលីស​ថែមទាំង​រំលោភ​គាត់​ទៀត ហើយ​គាត់​ធ្វើ​អ្វី​មិន​បានទេ​។ តើ​ឲ្យ​ពួកគាត់​ទៅប្តឹង​អ្នកណា​បើ​ការងារ​របស់គាត់​ខុសច្បាប់​។ ប្រសិនបើ​ការរកស៊ី​ផ្លូវភេទ​ស្របច្បាប់ ពួកគាត់​អាច​យក​ករណីនេះ​ទៅប្តឹង​បន្ត ឬ​យ៉ាងហោចណាស់​ក៏​ប៉ូលីស​មិន​ទៅ​រំលោភ​គាត់​ទាំង​ស្រស់ៗ​ដែរ​។​

29-8-2016 (1)

​ប្រសិនបើ ការរកស៊ី​ផ្លូវភេទ​ស្របច្បាប់ ពួកគាត់​ច្បាស់​ជាមាន​សិទ្ធិ​ការងារ ហើយ​មេខ្យល់​របស់គាត់​ក៏ មិនអាច​រំលោភបំពាន​គាត់​បានទេ​។ ពួកគាត់​អាចមាន​សិទ្ធិ​ទទួល​ការថែទាំ​សុខភាព​អាច​ទៅពិនិត្យ​សុខភាព និង​ការពារ​ជំងឺឆ្លង​ដោយ​ពុំ​បាច់​ខ្មាសអៀន​។ ការលក់​ភេទ​នឹងមិន​នៅក្នុង​ទីផ្សារងងឹត​ដូច​ពេលនេះ ហើយ​ការជួញដូរ​មនុស្ស និង​អំពើ​ចាប់រំលោភ​សេពសន្ថវៈ ក៏​ប្រហែលជា​អាច​ថយចុះ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ រដ្ឋ​ក៏​អាច​បាន​ផលប្រយោជន៍​ដែរ​ព្រោះ​ពួកគាត់​ត្រូវ​បង់ពន្ធ​ដូច​មនុស្ស​ធម្មតា​។​

 

​ប្រសិនបើ​មនុស្សពេញវ័យ​២​នាក់​យល់ព្រម​រួមភេទ​ដោយមាន​ការដោះដូរ​ប្រាក់​នេះ គឺជា​រឿង​របស់​មនុស្ស​២​នាក់​នោះ​មិនមាន​អ្វីដែល​ត្រូវ​ខុស​នោះទេ​។ ការងារ​របស់គាត់ គឺ​មិនមាន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកណាម្នាក់​នោះឡើយ​។ ប្រសិនបើ​យើង​មិន​ពេញចិត្ត មិន​ចង់ឃើញ និង​មិន​ចង់​ធ្វើជា​អ្នករកស៊ី​ផ្លូវភេទ កុំ​ធ្វើ កុំ​ទៅរក​សេវា ពី​ពួកគាត់​ទៅបាន​ហើយ​។ តើ​មាន​អ្នកណា​មក​បង្ខំ​? ចាំបាច់​មើលងាយ​គេ​ធ្វើ​អ្វី​?

 

​អ្នក​ដែល​កំពុងតែ​អាន​នេះ ប្រហែលជា​ប្រកែក​ថា ប៉ុន្តែ​ការលក់​ភេទ​ខុសពី​វប្បធម៌​យើង បើ​បើក​ឲ្យ​សេរី​ច្បាស់​ជា​បំផ្លាញ​វប្បធម៌​យើង​ហើយ​។ តើ​ខុស​វប្បធម៌​ត្រង់ណា​? ខ្មែរ​យើង​ជំនាន់​ណា​ក៏មាន​អ្នកលក់​ភេទ​ដែរ​។ បើ​បំផ្លាញ​វប្បធម៌ គឺ​វប្បធម៌​ខ្ទេច​តាំងពី​រាប់ពាន់​ឆ្នាំមុន​ហើយ​។ កាលពី​សម័យ​ក្រិច និង​រ៉ូម ក៏មាន​ការលក់​ភេទ​ខ្លាំង​ដែរ​។ តើ​បើ​យើង​មើល​វប្បធម៌​គេ​វា​មិន​ត្រឹមតែ​សម្បូរបែប​ទេ​តែ​វា​ស្ថិត​ក្នុងចំណោម​វប្បធម៌​ដែល​ចំណាស់​និង​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​លោក​។​

29-8-2016

​គ្រាន់តែ​រួមភេទ​ហើយ​បាន​លុយ​មកវិញ​បំផ្លាញ​វប្បធម៌​ដែរ​? ម្យ៉ាង​ឥឡូវ​មនុស្ស​ចេះដឹង​ជាង​មុន​ច្រើន​ហើយ​គួរតែ​ដឹង​ហើយ​ថា មិនមែន​គ្រប់​ចំណុច​ក្នុង​វប្បធម៌​សុទ្ធតែ​បម្រើ​ផលប្រយោជន៍​មនុស្ស​ទេ​។ អ្នកខ្លះ​និយាយថា បើ​បើក​ឲ្យ​ស៊េរី ម្នាក់ៗ​ច្បាស់​ជា​ទៅ​លក់​ភេទ​អស់ហើយ​។ តើ​ឥឡូវនេះ​មិនមាន​អ្នកលក់​ភេទ​ឬ​? ខុស​ច្បាស់ ឬ​មិន​ខុសច្បាប់ ក៏​ពួកគាត់​នៅតែ​ធ្វើ​ដែរ​។ អ្នក​ទៅរក​សេវាកម្ម​នៅតែ​ទៅរក​អ៊ីចឹង​។

 

​សំខាន់​គ្រាន់​តែមួយ​គាត់​មាន​សិទ្ធិ​ការពារ​ខ្លួន​គាត់​មួយ​មិនមាន​។ មើល​ការងារ​សំណង់​ទៅ​មើល ព្រោះតែ​ការងារ​មួយ​ស្របច្បាប់​មិនមែន​គ្រប់គ្នា​សុទ្ធតែ​នាំគ្នា​ទៅធ្វើ​ទេ​។ បើ​គេ​ចង់​លក់​ភេទ​ជា​រឿង​របស់គេ គេ​រកលុយ​ចិញ្ចឹមជីវិត​គេ​។ យើង​ពេញចិត្ត ឬ​មិន​ពេញចិត្ត​ក៏​នៅតែ​ជា​រឿង​គេ​។ អ៊ីចឹង​ពេលដែល​អ្នក​និយាយ​មើលងាយ​អ្នកលក់​ភេទ ឬ​ប្រៀបធៀប​ថា​ដូចជា «​ស្រីខូច​» ត្រូវ​ដឹងថា ស្រីខូច​ក៏​មិនមាន​អ្វី​ខុស​ដែរ​។ ការងារ​គឺ​ការងារ​។ ពួកគាត់​មិនមាន​ទៅ​លួច​ប្លន់​អ្នកណា​ទេ​។ ពេលដែល​អ្នក​ទៅធ្វើ​ការ​ក្នុង​ការិយាល័យ​ម៉ាស៊ីនត្រជាក់ អ្នក​ក៏​កំពុងតែ​លក់​កាយ លក់​ពេលវេលា លក់​ខួរក្បាល លក់​ជំនាញ ឲ្យ​គេ​ដូច​តែ​គ្នា​ទេ​៕

 

ឯកសារ​យោង ៖

5ReasonsWhyLegalizingProstitutionProtects&EmpowersWomen

Why It's Time to Legalize Prostitution

 

Leave a Reply

(*) Required, Your email will not be published