រាជធានីភ្នំពេញ : មានបុរសមួយចំនួនបានបន្ទោបង់នៅតាមជញ្ជាំង របង សួនច្បារ បង្គោលភ្លើង និងទីសាធារណៈដទៃទៀតដោយពុំបានគិតដល់ផលប៉ះពាល់ទៅលើអ្នកដទៃ ក៏ដូចជាភាពអាម៉ាស់របស់ខ្លួននោះឡើយ។ ការបន្ទោបង់នៅតាមទីសាធារណៈ ពិតជាអំពើពុំគប្បីមួយដែលនាំឲ្យបាត់បង់ភាពថ្លៃថ្នូររបស់ខ្លួនបាត់បង់សោភ័ណភាព គ្មានសណ្តាប់ធ្នាប់ក្នុងសង្គម និងជាអំពើអសីលធម៌ដែលនាំឲ្យជនបរទេសវាយតម្លៃពុំល្អមកលើប្រជាជនយើង។ មិនតែប៉ុណ្ណោះ វាធ្វើឲ្យមានការរិះគន់ពីស្ត្រីផងដែរ ដែលពិបាកនឹងឃើញរូបភាពនោះ។
ស្ថិតក្នុងទិដ្ឋភាពបែបនេះ មានមតិខ្លះបានលើកឡើងថា “នោមនៅតាមសាធារណៈជាការមួយធ្វើឲ្យខូចសណ្តាប់ស្នាប់សង្គម មានក្លិនមិនល្អនៅពេលគេដើរទៅ ជាធម្មតាដូចនៅទីសួនច្បារ នាំឲ្យមានក្លិនអាក្រក់ ខូចបរិស្ថាន។ ដោយហេតុថា ខ្មែរយើងជាអ្នកសុភាពរាបសា មានប្រពៃណី ទំនៀមទម្លាប់ល្អ តែនៅពេលនេះមានអ្នកមកនោមផ្តេសផ្តាស ជាការមួយពុំល្អ ម្យ៉ាងនៅពេលដែលនារីបានឃើញដោយចៃដន្យ អ្នកខ្លះយល់ថា នោមទីសាធារណៈជាមនុស្សអន់ចរិត ជាមនុស្សគ្មានមារយាទ គ្មានភាពអៀនខ្មាស តាមការពិតគ្មានបំណងមើលនោះទេ។
ចំណែកអ្នកខ្លះបានបង្ហើបថា “ខ្ញុំស្អប់អ្នកដែលនោមគ្មានសណ្តាប់ធ្នាប់ ជាអ្នកដែលអន់ចរិត អត់ចេះរកកន្លែងណាឲ្យបានសមរម្យ ឬលាក់កំបាំងណាមួយទៅ។ “ អ្នកនោមផ្តេសផ្តាស នាំឲ្យខូចសណ្តាប់ធ្នាប់សង្គម ខូចសោភ័ណភាព អត់ល្អមើលទេ។ សូមឲ្យអ្នកដែលបានធ្វើទង្វើទាំងនោះគិតឡើងវិញ ព្រោះជាអំពើអសកម្មមួយ ដែលនាំឲ្យជនបរទេសវាយតម្លៃថា ជាជនគ្មានសណ្តាប់ធ្នាប់។ អ្នកនោមតាមផ្លូវ ជាការមួយអសីលធម៌ខ្លាំងណាស់ អ៊ីចឹងសូមឲ្យមានការកែប្រែឡើងវិញផង ដែលប្រុសមួយចំនួនប្រពឹត្តរាល់ថ្ងៃហ្នឹង គួរតែព្យាយាមរកបន្ទប់ទឹក ឬកន្លែងលាក់បាំង និងកន្លែងណាមួយដែលយើងគិតថា មិនអាចមានអ្នកមើលឃើញ”។
ចំពោះករណីនេះបុរសដែលបានបន្ទោបង់នៅតាមទីសាធារណៈបាននិយាយថា “ មកពីប្រញាប់ពេក ឬមកពីស្រវឹង ស្រវឹងទើបដោះទាល់ ដោយគិតថាមិនជាបញ្ហា”។
ចុះចំពោះអ្នកវិញ តើធ្លាប់ប្រព្រឹត្តបែបនេះដែរទេ?