សមត្ថកិច្ច​ខេត្តបាត់ដំបង នៅ​រក្សា​ថ្នាល​បណ្តុះ​ភាពអសន្តិសុខ បន្ទាប់ពី​ម្ចាស់​បន​ល្បែងភ្នាល់​ទឹកភ្លៀង ប្រើ​អំណាច​ទឹក​លុយ ដែលជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​

, , Leave a comment

​ខេត្តបាត់ដំបង : “​គ្មានអ្វី​ធំ ឬ​សំខាន់​ជាង​លុយ​ទេ​” បើ​គេ​ចាត់ចែង​ទូទាត់​អស់ហើយ ចង់​ប្រជាពលរដ្ឋ​ស្រែក​ដល់​គ្រហែង​មេឃ​ណា​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ដែរ ព្រោះ​ក្នុង​មួយខែៗ ត្រូវ​ចំណាយ​រាប់សិប​ម៉ឺន​ដុល្លារ ដល់​អាជ្ញាធរ​សមត្ថកិច្ច និង​មេៗ​បន​ល្បែង​ទឹកភ្លៀង​រត់ការ​ទៅ​ទប់​នៅ​តុលាការ​ថែមទៀត ដែលជា​រនាំង​ការពារ ទើប​អ្នកលេង​មាន​ទំនុកចិត្ត​។

 

​អំណាច​នៃ​ទឹកប្រាក់​របស់​មេបន​ល្បែង ត្រូវបាន​ចាត់ចែង​តាមរបៀប​ណា​នោះ ទើប​ដំណើរការ​ភ្នាល់​ទឹកភ្លៀង​បានធ្វើ​សកម្មភាព​យ៉ាង​រលូន ហាក់ដូចជា​ក្រុម​មេបន​ល្បែង​ដែល​ប្រភេទ​ស្ទើរ ជា​ក្រុមសង្គមងងឹត គ្របដណ្តប់​មកលើ​សម​ត្ថ​កិច្ច អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​គ្មាន​ក្តី​រំពឹងថា មាន​សមត្ថភាព​បង្ក្រាប​បន​ល្បែង​ទាំងនេះ​បានឡើយ​។ មេ​វង់ល្បែង​ឈ្មោះ តា​ល់ និង​ឈ្មោះ ហេង មេក្លោង​វង់ល្បែង​ទាំង​២​នេះ​ជា​ថ្នាល​បណ្តុះ​នៃ​ភាពអសន្តិសុខ ដែលជា​ប្រភព​អំពើ​ទុច្ចរិត​បង្កើត​ឲ្យ​មាន​បទល្មើស​ក្នុងសង្គម​។​

 

​ជាក់ស្តែង​ចាប់ពីចុងខែឧសភាតទៅ នៅ​ចំណុច​តំបន់​ស្រែ​១០០ ក្នុងភូមិ​-​សង្កាត់​ចម្ការ​សំរោង ក្រុង​-​ខេត្តបាត់ដំបង ដែលជា​កន្លែង​ភ្នាល់​ទឹកភ្លៀង មាន​សំឡេង​ស្រែក​ជំ​ទាល ដោយ​មិន​សំចៃមាត់​តាម​វិទ្យុទាក់ទងនិង​ស្រែក​ជា​សាធារណ​ក្តែ​ងៗ កង​រំពេ​ង​សំណាក់​ក្រុម​ពួក​អ្នកញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​។​

 

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ធ្លាប់បាន​អះអាងថា នឹងមាន​វិធានការ​បង្ក្រាប​ ចំពោះ​ទីតាំង​បន​ល្បែងភ្នាល់​ទឹក ភ្លៀង​ទាំងនោះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​លំអិត​ថា​នឹងធ្វើ​ពេលណា​? ចំណែក​លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានបង្ហាញ​ពី​ឆន្ទៈ​ថា លោក​ហាក់ដូចជា​មិន​សប្បាយចិត្ត​ទាល់តែសោះ​រឿង​ល្បែងស៊ីសង​នេះដោយ​ លោក​មិនបាន​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​កំ​ប៉ិច​កំប៉ុក​នេះ​ទេ ហើយ​លោក​មាន ប្រសាសន៍​ បន្ថែម​ថា "​ល្បែង​នេះ​កើតជា​ទម្លាប់​យូរ​មកហើយ​”​។​

 

​ជុំវិញ​ករណី​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ក្រោយពី​ទទួលបាន​ផលប្រយោជន៍​នៃ​សំណែន ដែល​មេ​វង់ល្បែង​សែន​ជូន ធ្វើ​ឲ្យ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព មិនមាន​តម្លាភាព​៕

05-5-2015

 

Leave a Reply

(*) Required, Your email will not be published