រាជធានីភ្នំពេញ : គ្រួសារ មួយមានសមាជិក៣នាក់ ឪពុកម្តាយ និងកូនប្រុសម្នាក់ត្រូវបានមជ្ឍដ្ឋានជិតខាងមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងក្រោយពេលក្រុមសមត្ថកិច្ចចុះឡោមព័ទ្ធចាប់ដល់ផ្ទះពីបទ ចោរកម្មលួចប្លន់ឡាន និងម៉ូតូជាច្រើនលើកច្រើនសារមកហើយ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ដោយធ្វើការឡោមព័ទ្ធផ្ទះសង់ថ្មី ស្ថិតនៅតាមផ្លូវលំភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។សមត្ថកិច្ចបានចាប់ឃាត់ខ្លួនម្តាយ និងកូនប្រុសនៅក្នុងផ្ទះ តែបុរសជាប្តីបានរត់គេចខ្លួនមុនសមត្ថកិច្ចចូលទៅដល់។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មុនឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនក្រុមប្លន់ទាំងនេះ គឺដោយសារតែពួកគេបានលួចម៉ូតូមួយគ្រឿង នៅតាមផ្លូវម៉ុងឫទ្ធី ប៉ុន្តែស៊យម៉ូតូរបស់ជនរងគ្រោះ ចាប់ប្រព័ន្ធ GPS ទើបកម្លាំងនគរបាល តាមទៅបង្ក្រាបជាក់ស្តែងតែម្តង។
ក្រោយចូលឆែកឆេរនៅក្នុង ផ្ទះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការនោះ កម្លាំងនគរបាលបានរកឃើញ និងដកហូតរថយន្តមួយគ្រឿង និងម៉ូតូ៣គ្រឿងផងដែរ៕