រាជធានីភ្នំពេញ : គេសង្កេតឃើញរថយន្តធុនធំគ្រប់ប្រភេទ ជាក់ស្តែងរថយន្តដឹកថ្ម ដឹក ខ្សាច់ រថយន្តដឹកដែក និងរថយន្តដឹកសម្ភារផ្សេងៗ បានសម្រុកបើកចូលក្រុងដោយ គ្មានញញើតនឹងអាជ្ញាធរបន្តិចឡើយដោយមិនគោរពតាមគោលការណ៍ពេលវេលាកំណត់ទេ។ ពោលគឺបើកបរចូលក្រុងទាំងយប់ទាំងថ្ងៃបង្កផលប៉ះពាល់ច្រើនដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ជាពិសេសបង្ក ឲ្យកកស្ទះចរាចរតែម្តង។
ជារៀងរាល់ថ្ងៃកំណាត់ផ្លូវជាច្រើនជុំវិញ ក្រុងភ្នំពេញត្រូវបានកកស្ទះចរាចរដោយសារតែបញ្ហារថយន្តធុនធំបើកឆ្លងកាត់ជាក់ ស្តែងកំណាត់ផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ ផ្លូវ២១៧ ហៅផ្លូវចម្ការ ដូង ខណ្ឌដង្កោ ផ្លូវជាតិលេខ៣ និងផ្លូវជាតិ លេខ៤ ខណ្ឌពោធិ៍សែនជ័យ ផ្លូវជាតិលេខ ៥ ខណ្ឌព្រែកព្នៅ និងខណ្ឌប្ញស្សីកែវ និងផ្លូវ ជាតិលេខ៦ ខណ្ឌជ្រោយចង្វា គឺប្រឈម នឹងបញ្ហាស្ទះចរាចរយ៉ាងខ្លាំងដោយសាររថយន្តធុនធំប្រជ្រៀតគ្នាសម្រុកចូលក្រុង។
គួរបញ្ជាក់ថា កន្លងមកលោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាតឹងរឹងតាមបណ្តាខណ្ឌទាំង១២ក្នុង រាជធានីភ្នំពេញ ត្រូវហាមឃាត់រថយន្តធុនធំមិនឲ្យបើកឆ្លងកាត់ក្រុងភ្នំពេញនៅពេលថ្ងៃឡើយ ប៉ុន្តែមួយរយៈពេលថ្មីៗនេះបទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញមិនដឹងថា លោកអភិបាលខណ្ឌទាំង១២ យកទុកនៅកន្លែងណាទេ។ ព្រោះសព្វថ្ងៃបានបណ្តែតបណ្តោយឲ្យរថយន្តធុនធំរថយន្តទំនិញលើសចំណុះរថយន្តដឹកខ្សាច់ហូរហៀរប្រឡាក់ផ្លូវបើកឆ្លងកាត់ក្រុងបង្កកឲ្យកកស្ទះចរាចររៀងរាល់ថ្ងៃធ្វើឲ្យបាត់ បង់សណ្តាប់ធ្នាប់សាធរណៈផងដែរ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ស្នើឲ្យលោកអភិបាលរាជធានីភ្នំពេញ មេត្តាជួយពង្រឹងបញ្ហានេះឡើងវិញផង ព្រោះពួកគាត់ពិបាកធ្វើដំណើរខ្លាំងណាស់ ស្ទះចរាចរទៅធ្វើការងារមិនទាន់ ចំណែកសិស្សានុសិស្សខាតពេលវេលារៀនសូត្រព្រោះតែទៅយឺតពេលដោយសារស្ទះផ្លូវ។
តាមការរិះគន់ពីមជ្ឈដ្ឋានទូទៅចំពោះបញ្ហាខាងលើនេះ គឺគ្រប់ច្រកចូលមកក្នុងក្រុង សុទ្ធតែមានសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យលើកយានជំនិះគ្រប់ប្រភេទ ប៉ុន្តែមូលហេតុអ្វីបានជារថយន្តធុនយក្សនៅតែឆ្លងកាត់បើកចូលក្រុងបានយ៉ាងរលូន ស្ទើតែដល់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ឬបើកឆ្លងកាត់ទៀតផង។
តើមកពីម្ចាស់រថយន្តធុនយក្សបង់លាភសក្ការ ជូនអស់លោកសមត្ថកិច្ចទើបបានអាចឆ្លងកាត់ស្រួលបែបនេះ? ឬក៏រថយន្តធុនធំដឹកដី ដឹកខ្សាច់ ដឹកថ្ម ដឹកដែក និងទំនិញផ្សេង មានសែស្រឡាយជាមន្ត្រីធំៗ និងមានបុណ្យសក្តិខ្ពង់ខ្ពស់បានជាសមត្ថកិច្ចមិនហ៊ានឃាត់? ហើយនឹងបន្តរង់ចាំមើលតើលោកអភិបាលរាជធានីភ្នំពេញវិធានការបែបណាចំពោះបញ្ហាទាំងនេះ ឬក៏អនុវត្តតែវិធានការវែកចកដដែទេដឹង៕