ខេត្តកំពង់ចាម : ប្រាសាទនគរបាជ័យ គឺជាប្រភេទរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលស្ថិតនៅចម្ងាយ២.២គ.ម ពីទីរួមខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៧។ ដោយឡែកពីភ្នំពេញទៅរមណីយដ្ឋាននេះមានចម្ងាយ១២២គ.ម ហើយបត់ឆ្វេងដៃ២០០មទៀត។ រថយន្តគ្រប់ប្រភេទអាចចូលទៅដល់ទីតាំងប្រាសាទតែម្តង។
ប្រាសាទនេះចែកចេញជា ៖
-ទន្លេអុំ : ទន្លេអុំស្ថិតនៅខាងកើតនៃប្រាសាទមានទំហំ៤០០ម៉ែត្រគុណ ៥០០ម៉ែត្រ ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីប្រាសាទ។
-ថែវទីមួយ : ថែវទីមួយមានទំហំ៤២១ម៉ែត្រគុណ៣៧១ម៉ែត្រ ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀមមានកម្ពស់២,៩ម៉ែត្រ និងកម្រាស់២,៤ម៉ែត្រ។ ទទឹងច្រកចូលមានប្រវែង២ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នថែវនេះបាក់បែកអស់មួយចំនួនធំហើយ។ នៅក្នុងបរិវេណនៃថែវទីមួយមានតោចំនួន៦ ស្ថិតនៅមាត់ច្រកចូល នៅថែវទីពីរមាននាគ៨ ដែលស្ថិតនៅពីក្រោយតោទាំង៦ និងមានអសុរា២ ឈរនៅអមច្រកចូលសងខាង។
-ថែវទីពីរ : ថែវទីពីររួមមានរូបសំណាក់តេជោដំឌិនចំនួន២ រូបអសុរាចំនួន២ ដែលមានកម្ពស់១,៦០ម៉ែត្រ និងមានស្រះទឹកពីរ ដែលមានទំហំ២០ម៉ែត្រគុណ២០ម៉ែត្រ ទឹកស្រះទាំងពីរនេះមិនរីងទេ នៅរដូវប្រាំង ព្រមទាំងមានដើមឈូកដុះអមផង។
-ថែវទីបី : ថែវទីបីកម្រាស់ក្រាស់ជាងថែវទី១ និងទី២ ហើយថែវទី៣នេះ មានច្រកចេញចូលនៅចំកណ្តាលទាំង៤ទិស។ នៅក្នុងថែវទី៣ រួមមាននៅចំពីមុខច្រកចូលមានរូបព្រះនរាយណ៍ដៃ៨ និង នៅផ្នែកខាងឆ្វេងដៃមានរូបព្រះនរាយណ៍ដៃ៤។
-ថែវទីបួន : នៅថែវទីបួននេះរៀបចំដោយថ្មបាយក្រៀមរៀបចំដាច់ៗ ពីគ្នាជាបន្ទប់ៗ ហើយថែវទីបួននេះមានលក្ខណៈខុសប្លែកពីថែវទី១ ទី២ និងទី៣ ព្រោះគេសង្កេតឃើញាមានប្រាសាទ ទម្រង់ ជាចេតិយមួយ មានកំពូលខ្ពស់នៅចំកណ្តាលបែរមុខទៅបួនទិស ហើយសាងសង់អំពីថ្មភក់ដែលមានព្រះពុទ្ធរូបគង់ព្រះភ្នែនបែរចេញទៅរកទិសទាំងបួនផងដែរគឺ កើត លិច ជើង ត្បូង។ នៅខាងក្នុងប្រាសាទចេតិយនេះគេក៏សង្កេតឃើញស្តូបតូចមួយដែលទំនងសម្រាប់តម្កល់នូវអដិ្ឋធាតុបុគ្គលណាម្នាក់នៅក្នុងនោះ។
ប្រាសាទនេះស្ថាបនា ដោយព្រះមហាវីរក្សតជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាប័ទ្មបាយ័ន។ នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំ រីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅ រឹងមាំល្អគ្មានការរង្គោះរង្គើឡើយ។ ទស្សនវិស័យដើមនៃសំណង់ប្រាសាទនេះ គឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះ គឺនៅរឹងមាំល្អណាស់សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិក ក៏ដូចជាចម្លាក់នានា ស្ថិតនៅក្នុងលំនាំដើមស្ទើរតែទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្ម ដើមផងដែរ៕