ឧទ្យានជាតិភ្នំគូលែន ស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតទីរួមខេត្ដសៀមរាបមានចម្ងាយ៥៣គីឡូម៉ែត្រពីទីរួមខេត្ដ ភ្នំនេះមានរយៈកម្ពស់៤៩២ម៉ែត្រ គេអាចឡើងទៅលើភ្នំ បានយ៉ាងងាយតាមរថយន្ដ ឬថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសម្រស់ស្រស់ត្រកាល និងបង្កប់នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយក្នុងចំណោម រមណីយដ្ឋានជាច្រើននៅខេត្ដសៀមរាប។
ជួរភ្នំនេះចែកជាពីរ ៖
– ប៉ែកខាងកើតនិងខាងត្បូងហៅថា ភ្នំគូលែន។
– ប៉ែកខាងជើង និង ខាងលិចហៅថា ភ្នំហប់។
រមណីយដ្ឋានភ្នំគូលែន ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប។
បច្នុប្បន្នដោយប្រទេសជាតិទទួលបាននូវ សន្ដិភាព ស្ថេរភាព និងសន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋានភ្នំគូលែនបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិយ៉ាងច្រើន ជារៀងរាល់ថ្ងៃ និងមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយៗ តាំងលំនៅឋានប្រកបអាជីវកម្ម កសិកម្ម យ៉ាងច្រើនកុះករ។
ភ្នំគូលែនមានរមណីយដ្ឋានធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជា តំបន់ទឹកធ្លាក់ ព្រះអង្គធំ វាលស្ដេចលំគង់ វាលព្រះសព ព្រះក្រាល សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋជាច្រើនទៀតដែលជាកេរិ៍្ដតំណែលស្នាព្រះហស្ដព្រះបាទជ័យវរន្ម័ទី២បានកសាងឡើង។
តំបន់ភ្នំគូលែនមិនត្រឹមតែជាតំបន់ទេសចរ តែប៉ុណ្ណោះទេគឺជាតំបន់កសិកម្មដីមានជីវជាតិអាចដាំដំណាំបានគ្រប់ប្រភេទដូចជា ចេក ខ្នុរ ដំឡូង ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់។ ក្នុងភូមិសាស្ដ្រតំបន់ភ្នំគូលែននៅមានប្រាសាទជាច្រើនទៀតជា ប្រាសាទតូចៗ ធ្វើអំពីឥដ្ឋព្រោះទីនោះនាអតីតកាលមានស្ដេចមួយអង្គ ព្រះនាមជ័យវរន្ម័ទី២ បាននៅតាំងធានីនៅហើយបានបន្សល់ទុកកេរ្ដិ៍តំណែល ដ៏ច្រើនរហូតមកដល់សព្វថ្ងៃ។
រមណីដ្ឋានធម្មជាតិប្រកបដោយកេរ្ដិ៍តំណែល ដ៏ត្រកាលនេះបានទាក់ទាញ និងប្រែក្លាយជាតំបន់ទេសចរណ៏មួយដ៏ប្រណីតរបស់ខេត្ដសៀមរាប។ ដោយហេតុថា ភ្នំនេះសម្បូរដោយដើមគូលែន នោះទើបភ្នំនេះគេឲ្យឈ្មោះថា “ភ្នំគូលែន៕