ចង់​គេច​ពី​វិប្បដិសារី​ក្នុង​ជីវិត ទៅ​អនាគត​គួរ​ជៀសវាង​ចំណុច​អវិជ្ជមាន​៤

, , Leave a comment

មាន​រឿងរ៉ាវ​ជាច្រើន ដែល​មនុស្ស​ម្នាក់ៗ​បានធ្វើ​ក្នុង​ឆាកជីវិត​របស់​ពួកគេ​។ តាមរយៈ​សកម្ម​ភាពជា​ច្រើន​ដែល​បានធ្វើ​កន្លងមក វា​តែង​បន្សល់​នូវ​ការចងចាំ​ដែល​ពិបាក​បំភ្លេច​ទាំង រឿងរ៉ាវ​ល្អៗ និង​រឿងរ៉ាវ​អាក្រក់​។ អ្វីដែល​ជាការ​កត់សម្គាល់​នោះ នៅពេលដែល​មនុស្ស​ធ្វើ​អ្វីដែល​មិនល្អ (​ដោយ​ចេតនា ឬ​អ​ចេតនា​) វា​តែងតែ​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​វិប្បដិសារី​ធ្ងន់ធ្ងរ ដែល​តែងតែមាន​ជាប់​ក្នុង​ខួរក្បាល​មិនអាច​បំភ្លេចបាន​។ វា​ជា​រឿង​ដែល​ជៀស​មិន​ផុត ចំពោះ​បញ្ហា​នេះ​ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់ មុនពេល​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​នោះទេ មានន័យថា ភាគរយ​នៃ​ការ​ប្រឈម​នឹង​វិប្បដិសារី នឹងមាន​ច្រើន​ជាក់​ជាមិនខាន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​អ្នក​។ ដើម្បី​ជៀសវាង​នូវ វិប្បដិសារី​នៅពេល​អនាគត អ្នក​គួរ​ជៀសវាង​ចំណុច​មួយចំនួន​ខាងក្រោម ៖

 

១-​បំពេញ​ក្តី​សុបិន​របស់​អ្នកដទៃ
​អ្នកខ្លះ​បានធ្វើ​គ្រប់យ៉ាង​ដើម្បី​ទទួលបាន​ជោគជ័យ​ទៅលើ​អ្វីមួយ ប៉ុន្តែ​ពេលខ្លះ​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​នោះ វា​មិនមែនជា​អ្វីដែល​ពួកគេ​ប្រាថ្នា​ក្នុង​ចិត្ត​ឡើយ ពោលគឺ ដើម្បី​គ្រាន់តែ​បំពេញ​តាម​បំណង ឬ​ក្តី​សុបិន​របស់​មនុស្ស​ផ្សេង​ប៉ុណ្ណោះ​។ ការ​បណ្តែតបណ្តោយ​ខ្លួន​រហូតដល់​ហួសពេល​ក្នុងការ​បំពេញ​សុបិន​របស់ខ្លួន​នោះ​វា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ហាក់ដូចជា​សោកស្តាយ​យ៉ាងខ្លាំង ព្រោះថា ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ បើទោះបីជា មានទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏ដោយ តែបើ​មិនបាន​ធ្វើ​អ្វីដែល​ខ្លួន​ចង់​បានទេ វា​ហាក់ដូចជា​គ្មាន​ន័យ​។ វិប្បដិសារី​ធំ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​តែង​ជួបប្រទះ​គឺ ការព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ក្តី​សុបិន​របស់​អ្នកដទៃ ហើយ​មិន​សួរ​ខ្លួនឯង​ថា ចង់បាន​អ្វី​ហើយ​ចង់​សម្រេច​វា​ឲ្យ​បាន​នៅពេលណា​។​

 

២-​ធ្វើ​ពុត​ជា​អ្វីមួយ​ដែល​ខ្លួន​មិន​ចង់​
​មនុស្ស​ជាច្រើន តែង​ប្រឈម​បញ្ហា​ផ្លូវចិត្ត ព្រោះតែ​ពួកគេ​ត្រូវតែ​សម្ដែង​ធ្វើជា​អ្វីមួយ​ដែល សង្គម ឬ មនុស្ស​ជុំវិញខ្លួន​ពេញចិត្ត តែ​ពួកគេ​ផ្ទាល់​មិន​ចង់​នោះទេ​។ ការធ្វើ​ពុត ដើម្បី​សម្រប​តាម​អ្នកដទៃ​នេះ គឺជា​ការរស់នៅ​ក្រោម​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ ព្រោះថា គ្មាន​ថ្ងៃ​មាន​ភាព​រីករាយ​ក្នុង​ចិត្ត​នោះឡើយ ព្រោះ​រាល់​សកម្មភាព​ដែល​ធ្វើឡើង គឺ​មិន​ស្តែង​ឲ្យ​ចេញពី​ចិត្ត ឬ ពី​ធម្មជាតិ​ខ្លួន​។ ដូច្នេះហើយ សូមកុំ​ព្យាយាម​ធ្វើ​អ្វីដែល មិនមែនជា​ចំណុច​ពិសេស​របស់​អ្នក ព្រោះ មនុស្ស​ណា​ក៏មាន​ចំណុច​ពិសេស​ដែរ ហើយ​បើ​អ្នក​ព្យាយាម​ធ្វើតាម​ចិត្ត​អ្នកដទៃ ឬ ព្យាយាម​ចម្លង​សកម្មភាព​អ្នកដទៃ វា​ស្មើនឹង លុបបំបាត់​ចំណុច​ពិសេស​របស់ខ្លួន​។​

 

៣-​ការ​ទម្លាប់​និយាយ​កុហក​
​មនុស្ស​មួយចំនួន ពូកែ​ខាង​និយាយ​កុហក​ភូតភរ ហើយ​តែង​ធ្វើបែបនេះ​ជា​ញឹកញាប់ ដោយ​មិន​ខ្វល់​អ្វី​ទាំងអស់​។ ប៉ុន្តែ គ្មាន​នរណាម្នាក់ ចូលចិត្ត​រាប់អាន រស់នៅ ឬ ធ្វើការ​ជាមួយ​មនុស្ស​ដែល​ពូកែ​ខាង​កុហក ឬ បោកប្រាស់​នោះទេ​។ ការ​កុហក ឬ ភូតភរ វា​ទម្លាប់​ដ៏​សែន​អាក្រក់​មួយ ព្រោះ​វា​បំផ្លាញ​សេចក្ដីទុកចិត្ត របស់​អ្នកដទៃ ហើយ ប្រការនេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​រកាំរកូស​កើតឡើង​មិន​ខាន​។ បើសិនជា អ្នកជា​មនុស្ស​ប្រភេទ​នេះ អ្នក​គួរតែ​ព្យាយាម​កែប្រែ​ជាបន្ទាន់ ព្រោះ​បើ​មិន​កែប្រែ​ទេ វិប្បដិសារី​នឹង​កើតឡើង​ជាក់​ជាមិនខាន ដោយសារ​មនុស្ស​នៅ​ជុំវិញខ្លួន​អ្នក លែង​ឲ្យ​តម្លៃ និង ឈប់​ប្រាស្រ័យ​ទាក់ទង​ជាដើម​។​

 

៤-​បណ្តោយ​ខ្លួន​ជ្រុល​មិន​គិតពី​សុខភាព​
​សុខភាព គឺជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​ផុត​ក្នុង​ជីវិត​មនុស្ស ព្រោះថា បើ​គ្មាន​សុខ​ភាពល្អ​នោះទេ នៅ​ថ្ងៃ​ណាមួយ​អ្នកនឹង​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​។ ប៉ុន្តែ មនុស្ស​ភាគច្រើន ជាពិសេស​មនុស្ស​វ័យក្មេង ហាក់ដូចជា ខ្វះ​ការយកចិត្តទុកដាក់​លើ​ផ្នែក​ដ៏​សំខាន់​នេះ ព្រោះ ពួកគេ​អាង​ថា ខ្លួន​នៅមាន​កម្លាំង និង សុខភាព​ល្អ​។ ការ​បណ្តែតបណ្តោយ​ខ្លួន មិន​គិត​ថែរក្សា​សុខភាព នឹង​ផ្តល់​អាក្រក់​យ៉ាងខ្លាំង​នៅពេល​អនាគត ហើយ​នៅពេលនោះ​អ្នក​ប្រាកដជា​សោកស្តាយ​ជាមិនខាន​។ ដូច្នេះហើយ អ្នក​គួរតែ យកចិត្តទុកដាក់​ឲ្យ​បានល្អ​បំផុត លើ​សុខភាព​ផ្ទាល់ខ្លួន ដើម្បី​ជៀស​ពី​បញ្ហា​ជំងឺ​ផ្សេងៗ ដែល​រំខាន​ដល់​ជីវិត​របស់​អ្នក​៕

09-2-2016

រូប​តំណាង

 

Leave a Reply

(*) Required, Your email will not be published