លោក ញឹក ប៊ុនឆៃ ៖ ការចាកចេញ​ពី​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​បង្កើត​បក្ស​ថ្មី ព្រោះ​ពុករលួយ និង​បក្ខពួកនិយម​

, , Leave a comment

​រាជធានី​ភ្នំពេញ : ទីបំផុត​លោក ញឹក ប៊ុនឆៃ អតីត​អនុប្រធាន​ទី​២​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​រើ​ចានឆ្នាំង​ចេញទៅ​បង្កើត គណបក្ស​ថ្មី​មួយ​មាន​ឈ្មោះថា "​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​"​។ ការចាកចេញ របស់លោក​ដោយ​មើលឃើញថា ការដឹកនាំ​នៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​អំពើពុករលួយ បក្សពួកនិយម និង​មិន​ស្មោះត្រង់​នឹង​គ្នា។​

 

​លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មនុស្ស​ម្នាក់​ដែល​សាវតារ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​តស៊ូ និង​ជា​អ្នក​ដែល​បាន​ផ្តួច​ផ្តើមគំនិត​ក្នុងការ​បង្កើត​ចលនា​ហ្វ៊ុនស៊ិនប៉ិច​នៅតាម​ជំរំ​ជាយដែន​កម្ពុជា​-​ថៃ ព្រមទាំង​បាន​ដង្ហែរ​តាម​សម្តេចឪ សម្តេច​តា ជា​យូរ​ឆ្នាំ​មកហើយ​នោះ ឥឡូវនេះ​បានសម្រេច​ចិត្ត​ដើរ​ចេញពី​ហ្វ៊ុនស៊ិនប៉ិច​ទៅ​បង្កើត​គណបក្ស​ថ្មី​ទាំង​ក្តី​សោកស្តាយ​។​

 

​លោក ញឹក ប៊ុនឆៃ និង​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មកពី​គ្រប់​រាជធានី​\​ខេត្ត នៅវេលា​ម៉ោង​១១ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ បានមក​ជួបជុំគ្នា​ធ្វើ​សន្និសីទកាសែត​មួយ​ដោយ​ប្រកាស​ផ្តាច់ខ្លួន​ចេញពី​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ហើយ​បានប្រកាស​បង្កើត​គណបក្ស​ថ្មី​មួយ​មាន​ឈ្មោះថា «​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​» ដោយសារ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​អត្តនោម័ត​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

 

​លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នោះ​ថា “​បន្ទាប់ពី​បង្រួប​ង្រួ​ម​គ្នា​ឡើងវិញ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ គឺ​មិន​ទទួលបាន​ជោគជ័យ និង​រលូន នោះទេ ដោយ​មូល​ហេតុថា សម្តេចក្រុមព្រះ មិន​គោរព​តាម​គោលការណ៍​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរបាន​ឯកភាព​ក្នុងការ​បង្រួបបង្រួម​គ្នា​នោះ​។ ក្រៅពីនេះ​ព្រះអង្គ​ដឹកនាំ​គណបក្ស​សម្រេច​កិច្ចការងារ​ធំៗ​ដោយ​អត្តនោម័ត​មិនមាន​ការពិភាក្សា ពិគ្រោះ​យោបល់​ពី​ថ្នាក់ដឹកនាំ​ដទៃៗ​ទៀត នោះឡើយ​”​។​

 

​លោក ញឹក ប៊ុនឆៃ បាន​បន្តថា “​ក្នុងនាម ជា​អនុប្រធាន​ទី​២ ខ្ញុំ​មិនដែល​បានដឹង​ពី ព័ត៌មាន ឯកសារ​ឬ​ការកោះប្រជុំ​ម្តងណា​ទេ មានតែ​ការចោទប្រកាន់​ជា​បន្តបន្ទាប់​រហូត​ឈានទៅ​បង្កើត​ក្រុមប្រឹក្សាវិន័យ ដើម្បី​ដាក់វិន័យ​មកលើ​រូបខ្ញុំ និង​សមាជិក សមាជិកា ដែល​ធ្លាប់​បម្រើការ​ឲ្យ​ហ្វ៊ុនស៊ិនប៉ិច​ថែមទៀត ចុងក្រោយ​នេះ​មាន​លិខិតស្នាម​ជា​លាយ​លក្ខ​អក្សរ ដក​តួនាទី​ជា​អនុប្រធាន​ទី​២​ពី​ខ្ញុំ​ថែម​ទៀតផង​”​។ អនុប្រធាន​ទី​២​រូបនេះ​បញ្ជាក់ថា ហេតុ ផល​ដែល​រូបលោក និង​ថ្នាក់ដឹកនាំ​ភាគច្រើន សម្រេចចិត្ត​ដើរចេញ​ពី​គណបក្ស​ហ្វ៊ុន​ស៊ិន ប៉ិច នេះ​គឺ​មើលឃើញថា មិនអាច​ធ្វើការ ជាមួយគ្នា​កើត​តទៅទៀត​ដោយសារ​បញ្ហា​ផ្ទៃក្នុង​របស់​បក្ស​មិនអាច​ដោះស្រាយបាន បើទោះជា​មានការ​អត់ធ្មត់​យ៉ាងណាក៏ដោយ ហើយ​មួយទៀត​មិន​ពេញចិត្ត​នូវ​របៀប​ដឹកនាំ​របស់​សម្តេចក្រុមព្រះ​ដែល​ផ្តាច់ការ​អត្តនោម័ត និង​ផ្ទុយ​ពី​ឆន្ទៈ​សមាជិក សមាជិកា​ដែល​ស្រឡាញ់​ការដឹកនាំ​តាមបែប​លិ​ទ្ធិ​ប្រជាធិបតេយ្យ ទើបបាន​នាំគ្នា​ពិភាក្សា​ហើយ​សម្រេចចិត្ត​បង្កើត​គណបក្ស​ថ្មី​មួយ ដោយ​ទុក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្វាយ​សម្តេចក្រុមព្រះ​ឲ្យ​ដំណើរការ​តាមតែ​ចិត្ត​ព្រះអង្គ​នឹកឃើញ​ទៅ​ចុះ ពិសេស​គឺ​ដើម្បី​បញ្ចប់​បញ្ហា​ដែល​កើតមាន​មិនអាច​ផ្លូវ​ដោះស្រាយ​គ្នា​បាន​នេះ គឺ​មានតែ​យើងទាំងអស់គ្នា​សម្រេច​ស្រុះស្រួល​គ្នា​បង្កើត​គណបក្ស​ថ្មី​នេះ​ឡើង​ទើប​ចប់​។​

 

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ទៀតថា ក្រោយពី​បង្រួបបង្រួម​គ្នា​រួចមក​អ្វីដែល លោក​សោកស្តាយ​បំផុត​នោះ​គឺ ព្រះ​កេរ ដំណែល​របស់​សម្តេចឪ សម្តេច​តា​ត្រូវបាន គេ​ដក​ចោល គឺ​ផ្លាកសញ្ញា​បក្ស​រូប​វិមាន ឯករាជ្យ ធ្វើ​ឲ្យ​បាត់អស់​នូវ​ធាតុ​ដើម​របស់​បក្ស​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្តេចឪ ដូច្នេះ​គណបក្ស​ថ្មី «​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហៅ​កាត់​ថា រ​.​រ​.​ជ​.» បានសម្រេច​នាំគ្នា យក​រូប​វិមានឯករាជ្យ​ដែលជា​មរតក​របស់ សម្តេចឪ​យកមក​រៀបចំ​ជា​ស្លាក​សញ្ញា​គណបក្ស​ឡើងវិញ ហើយ​លោក​ក៏​កំពុងតែ​រៀបចំ​ឯកសារ​ដាក់ពាក្យ​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ​ក្នុងពេល​ឆាប់ៗ​នេះ​។​

 

​លោក​បាន​បញ្ជាក់ទៀតថា គណបក្ស ខ្មែរ​រួបរួម​ជាតិ​ថ្មី​នេះ​មាន​លំនាំ​គាំទ្រ​រាជានិយម រាជបល្ល័ង្គ ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ ព្រោះថា​យើងទាំងអស់គ្នា​គឺជា​អ្នករាជានិយម ដើរ​តាម​រប​រាជានិយម​ជា​យូរ​មក ហើយ ពិសេស​គោរព ស្រលាញ់ ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេចឪ សម្តេច​តា នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​នៃ​យើង​។ លោក​បន្តថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ពុំមាន​ទំនោរ​ទៅរក​គណបក្សនយោបាយ​ណាមួយ​នោះទេ គឺ​ធ្វើខ្លួន​ឲ្យ​បាន​ស្អាត​ល្អ​គោរព​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ហើយ​បើក​បេះដូង​ចំហ​ចំពោះ​ការចូលរួម​ពី​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ចំពោះ​ថវិកា​គឺ​បានមកពី​ការចូលរួម​របស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណៈកម្មាធិកា​រប​ក្ស​គ្រប់​ខេត្ត​ក្រុង​។ បើទោះជា​ការបង្កើត​បក្ស​ថ្មី​នេះ​លេច​រូបរាង​ហើយ​ក្តី លោក​ពុំទាន់​បញ្ជាក់​ពី​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅឡើយ​ទេ​គឺ​រង់ចាំ​ការ​កិច្ចពិភាក្សា​ពី​គណៈកម្មាធិការ​ជាន់ខ្ពស់​រួចរាល់​សិន​។​

 

​ទោះបី​ជាមាន​លើកឡើង​បែបនេះ​ក៏ដោយ ក៏មាន​អ្នកវិភាគ​ជាច្រើន​បាន​លើកឡើងថា​ហ្វ៊ុនស៊ិនប៉ិច​ទីបំផុត​ដើរមក​ដល់​ផ្លូវ​បែកបាក់​សាជាថ្មី ហើយ​គ្មាន​ថ្ងៃ​នឹង​ទទួលបាន​ជោគជ័យ​នោះឡើយ ទាំង​សម្តេចក្រុមព្រះ ទាំង​លោក ញឹក ប៊ុនឆៃ​៕

 

 

Leave a Reply

(*) Required, Your email will not be published