ទម្លាប់​សង់រោង​ការបិទ​ផ្លូវ នៅតែមាន​

, , Leave a comment

​រាជធានី​ភ្នំពេញ : នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា ផ្លូវថ្នល់​បានក្លាយ​ជាទី​តាំង​សម្រាប់ធ្វើ​ពិធី​ផ្សេងៗ ដូចជា ខួបកំណើត ជាពិសេស​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដែលមាន​គ្រួសារ​មួយចំនួន​បាន​យក​ផ្លូវ​មក​សង់រោង ដែល​ធ្វើអោយមាន​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​ពិសេស​នៅ​ភ្នំពេញ​។ ករណីនេះ​មិន​និយាយ​ពី​រោងបុណ្យ​ទេ​។​

 

​ភាគច្រើន​គេ​តែ​សង្កេតឃើញ រោងការ ដែល​សង់​នោះ មាន​រោង​ខ្លះ​សង់​លើផ្លូវ​មួយ​ចំហៀង ដោយ​ទុក​ឲ្យ​មាន​ផ្លូវ​សម្រាប់តែ​ឡាន​មួយគ្រឿង អាច​បើក​ឆ្លងកាត់​បាន តែ​រោងការ​ខ្លះ​បាន​សង់​បិទផ្លូវ​ស្ទើរ​ទាំងស្រុង ដោយ​មានតែ​ម៉ូតូ​ទេ ដែល​អាច​បើក​ឆ្លងកាត់​បាន និង​រោងការ​ខ្លះទៀត សង់​បិទផ្លូវ​មួយ​ទាំងស្រុង​តែម្តង​។ រោង​ខ្លះ​គេ​ធ្វើ​ពិធី​តិច​ថ្ងៃ តែ​រោងការ របស់​អ្នកមាន​ទ្រព្យ​ធូរធារ អាច​ដល់​៣ ទៅ​៤​ថ្ងៃ​ក៏មាន​។​

 

​ម្ចាស់​កម្មវិធី​មួយចំនួន​ហាក់បីដូចជា​មិនសូវ​ធូរធារ ទើបបានជា​ពួកគាត់​គាត់​សម្រេចចិត្ត​សង់​រោងការ​នៅមុខ​ផ្ទះ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួនទៀត​មើលទៅ​ហាក់បីដូចជា ធូរធារ​ដែរ ប៉ុន្តែ​ពួកគាត់​នៅតែ​សាង​សង់រោង​រៀបចំ​ពិធី​នៅខាងមុខ​ផ្ទះ​ដដែល​។​

 

​ប្រជាពលរដ្ឋ​មួយចំនួន​ថា កម្មវិធី​មង្គលការ គឺជា​ពិធី​សំខាន់​សម្រាប់​យើង​ម្នាក់ៗ ដូច្នេះ​យើង​តែងតែ​ចង់​ធ្វើ​ឲ្យ​បាន​ធំដុំ ប៉ុន្តែ​ដោយ​គ្រួសារ​ខ្លះ មិនសូវមាន​ភ្ញៀវ​ច្រើន​ត្រឹមតែ​២០ ទៅ​៣០​តុ ហាង​ខ្លះ​គេ​មិន​ជួល​ឲ្យ​ទេ ហើយ​ហាង​មួយចំនួន​វា​ថ្លៃ​។ ពួកគាត់​ដឹងថា​ធ្វើ​នេះ ពិត​ជាមាន​បញ្ហា​ខ្លះៗ កើតមាន​ដូចជា ការកកស្ទះ​ចរាចរណ៍​ជាដើម​។​

 

​ប្រជាពលរដ្ឋ​ទាំងនោះ​បន្តថា បញ្ហា​មួយទៀត គឺ​រក​ហាង​មិនបាន ខែ​ខ្លះ​ហាង​ជាច្រើន​នៅ​ភ្នំពេញ គឺមាន​គេ​កក់​មួយ​ឆ្នាំមុន ឬ​ពីរ​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​ពួកគាត់ គ្មាន​ទីតាំង​សម្រាប់​រៀបចំ​ពិធី ទើប​ធ្វើ​ឲ្យ​ពួកគាត់​រៀប​ពិធី​នេះ​នៅផ្ទះ​។​

 

​តែ​ទោះបីជា​យ៉ាងណាក៏ដោយ រាល់​ការសាងសង់​រោង​ធ្វើ​ពិធី​អ្វីមួយ គឺ​សុទ្ធតែ​មានការ​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​រោងការ​ខ្លះ​ហាក់ដូចជា​មិនសូវ​ឃើញ មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ជួយ​សម្រួល​ចរាចរណ៍​នោះទេ តែបើ​រោង​ដែល​សង់​នោះ ជា​របស់​អ្នកមាន​វិញ គឺ​គេ​ឃើញ​សមត្ថកិច្ច​ជាច្រើន​តែម្តង​៕

02-2-2016 (2)

02-2-2016 (1) 02-2-2016 (3)

 

Leave a Reply

(*) Required, Your email will not be published