តុលាការខេត្តកណ្តាល បើក​សវនាការសំណុំរឿងលោក អាំង មាលតី ​ក្នុង​បន្ទប់​លំដាប់ VIP មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ស្ដាប់​

, , Leave a comment

28-1-2016 (1)

​ខេត្តកណ្ដាល : បន្ទាប់ពី​បើកសវនាការ​ដោយ​បិទទ្វារ​ប្រមាណ​២​ម៉ោង​រួចមក នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ តុលាការ​ខេត្តកណ្តាល បានសម្រេច​ចិត្ត​លើក​ពេល​សវនាការ ដោយ​គ្មាន​កំណត់ ក្នុងករណី​លោក អាំង មាលតី អតីត​ប្រធាន​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ និង​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ស្តាប់​ឡើយ​ដោយ​សំអាងថា បន្ទប់​សវនាការ​តូចចង្អៀត​។​

 

​ការពិត​នៅក្នុង​បន្ទប់​សវនាការ​ទី​២​ដែល​កំពុងដំណើរការ​រឿងក្ដី​លោក អាំង មាលតី​មានតែ​លោក​ចៅក្រម​ម្នាក់ លោក​ព្រះរាជអាជ្ញារង​ម្នាក់ ក្រឡាបញ្ជី​ម្នាក់ ជនជាប់ចោទ​ម្នាក់ (​អាំង មាលតី )​មេធាវី​ការពារ អាំង មាលតី និង​កងការពារ​(​អនុរក្ស​ពន្ធនាគារ​ម្នាក់​ប៉ុណ្ណោះ​។​

 

​តែ​យ៉ាងណា​សាលាដំបូង​ខេត្តកណ្ដាល​បានរៀបចំ​យ៉ាង​ស្អាត​ដោយ​បិត​សេចក្ដីជូនដំណឹង​ស្តី​បទបញ្ជាផ្ទៃក្នុង នៃ​សាល​ជំនុំជម្រះ​នៅមុខ​បន្ទប់​សវនាការ​ទី​២​ទៀតផង​។​

 

​គួរ​បញ្ជាក់ថា លោក អាំង មាលតី ត្រូវបាន​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ក្រោម​ការចោទប្រកាន់​ពីបទ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត យោងតាម​មាត្រា​៦០១ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ជាប់​ពាក់ព័ន្ធ​ការដោះលែង​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឈ្មោះ ថាវ ថា​វី ជា​ថ្នូរ​នឹង​រថយន្ត​ម៉ាក​អូ​ឌី​មួយគ្រឿង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ។ បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ពី​៥ ទៅ​១០​ឆ្នាំ​។​

 

​លោក អាំង មាលតី ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៥ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចំនួន​៤៥​ម៉ោង​។ បន្ទាប់ពី​កសាង​សំណុំរឿង​រួចរាល់​ហើយ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​លោក អាំង មាលតី ទៅ​តុលាការ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។​

 

​លោក អាំង មាលតី​ត្រូវបាន​សាលាដំបូង​ខេត្តកណ្ដាល​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ ពន្ធនាគារ​នួន​៦​ខែ​រួចមកហើយ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ងួន វុទ្ធី ជា​អនុប្រធាន​សាលាដំបូង​ខេត្តកណ្ដាល និង លោក​ព្រះរាជអាជ្ញារង ឯក សុន​រស្មី ជា​តំណាង​អយ្យការ​៕

28-1-2016

 

Leave a Reply

(*) Required, Your email will not be published