ក្រុមចោរ​ភ្ជង់​ប្លន់​មន្ត្រីប៉ូលិស ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព

, , Leave a comment

27-1-2016 (1)

​រាជធានី​ភ្នំពេញ : ក្រុមចោរប្លន់​៣​នាក់ ថ្លើមធំ​ហ៊ាន​ធ្វើ​សកម្មភាព​ស្ទាក់​បាញ់​ប្លន់​ម៉ូតូ ពី​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​បានសម្រេច​ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៧ និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ខ្លោងទ្វារវត្ត​កំពែង ស្ថិត​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

 

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឡេង ឡា ជា​មន្ត្រីប៉ូលិស ហើយ​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យកទៅ​បាត់​នោះ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-538 ។ មុនពេល​កើតហេតុ​មន្ត្រីប៉ូលិស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ម្តុំ​ទួល ពង្រ​មក​យាម​ប្រចាំការ​នៅ​ការដ្ឋាន​មួយកន្លែង​ក្បែរ​កន្លែងកើតហេតុ​ដោយ មាន​ស្ពាយ​កាំភ្លើង​១​ដើម​ផង ខណៈ​មកដល់​កន្លែងកើតហេតុ​ជិត​ការដ្ឋាន ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ចេញមក​ស្ទាក់​ភ្ជង់ ហើយ​បាញ់​គំរាម​ជាច្រើន​គ្រាប់ ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​

 

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស​ទាំង​អាវុធហត្ថ​ជាច្រើន​នាក់​បាន​ចុះទៅ អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​ក្រុមចោរ​បាន​គេចខ្លួនបាត់​អស់​ទៅហើយ ៕

27-1-2016

 

Leave a Reply

(*) Required, Your email will not be published