កំហឹង ខ្វះ​ការពិចារណា ធ្វើ​ឲ្យ​បុរស​ម្នាក់​ខ្លាច​ជា​អ្នកទោស​

, , Leave a comment

រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​កន្លែង​ដាក់​សំរាម​មុខ​សាលាសង្កាត់​ស្ទឹងមានជ័យ ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ឈ្មោះ យឹម គីម  ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​កម្មករ​វេច​ខ្ចប់​ឥ​វ៉ាន់​នៅ​ផ្សារ​ដើម​គរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឌុ​ក សារឿន  ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី ស្នាក់នៅ​ផ្ទះជួល​លេខ​៤ ផ្លូវលំ ភូមិ​បឹង​តា​ម៉ា​ត សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើករថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​មក​ប្រមូល​ស​សំរាម​នៅ​កន្លែង​ដាក់​សំរាម មុខ​សាលាសង្កាត់​ស្ទឹងមានជ័យ​(​ចំណុចកើតហេតុ​) ពេលនោះ​ជនសង្ស័យ និង​ជនរងគ្រោះ​បាន​ទំនាស់​ជាមួយគ្នា​ហើយក៏​បាន​វាយ​ប្រតាយប្រតប់​គ្នា ជនសង្ស័យ​បាន​យក​កូនសោ​ម៉ូតូ​ចាក់​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួស​ថ្ងាស​ចំនួន​២​កន្លែង​។ បន្ទាប់មក​ជនសង្ស័យ​បាន​រត់​ចូលទៅ​ក្នុងផ្ទះ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន យក​ពូថៅ​មួយ​មក​ដេញ​កាប់ តែ​ជនរងគ្រោះ​រត់គេចខ្លួន​បាត់ ហើយ​ជនសង្ស័យ​បាន​យក​ពូថៅ​ទៅ​កាប់បំផ្លាញ​កញ្ចក់​រថយន្ត​បណ្តាល​ឲ្យ​ខូចខាត​កញ្ចក់​៣​ផ្ទាំង​គឺ​កញ្ចក់​មុខ​១​ផ្ទាំង កញ្ចក់​មើល​ចំហៀង​១​ផ្ទាំង​និង កញ្ចក់​មើល​ក្រោយ​១​ផ្ទាំង ហើយ​រត់គេចខ្លួន​។​

 

​ក្រោយមក​ជនរងគ្រោះ និង​ប្រធាន​ផ្សារ​ស្ទឹងមានជ័យ សន្តិសុខ​ផ្សារ​ស្ទឹងមានជ័យ​បាន​តាម​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប្រគល់​ឲ្យ ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​សាកសួរ​តែម្តង​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សម​ត្ច​កិច្ច​អធិការដ្ឋាន កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

26-1-2016

 

Leave a Reply

(*) Required, Your email will not be published