លោក អ៊ិត សំហេង ៖ ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ បណ្តាលមកពី​កំណើន​ការងារ​ធ្វើ​នៅ​កម្ពុ​ជាច្រើន​លើសលប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : ភាព​កកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា​បានបង្ហាញ​ឲ្យ​ឃើញថា អត្រា​មានការ​ងារ​ធ្វើ​របស់​ប្រជាជន​កម្ពុ​ជាមាន​កម្រិត​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ ស្ដីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៣៩ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦​។​

 

​លោក អ៊ិត សំហេង បាន​បញ្ជាក់ថា ៖ «​អត្រា​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ កន្លងមកនេះ​មាន​ក្រោម​១%​ហើយ​នៅ​២០១៦-២០១៧ បើតាម​ការព្យាករណ៍រ​បស់​អង្គការ អន្តរជាតិ ខាង​ការងារ​(ILO) អត្រា​អត់​ការងារ​ធ្វើ​ប្រហែលជា​ធ្លាក់​ដល់​០,៦ ទៅ​០,៧​ភាគរយ​»​។​

 

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ៖ « យើង​មើល​នឹង​ភ្នែក​ក៏​ឃើញ​ទាំងអស់គ្នា​ដែរ​ថា ក្រុមគ្រួសារ​នីមួយៗ ពេលព្រឹក​ព្រលឹម​បាន​ចាក​ចេញពីផ្ទះ​ទៅ​បម្រើ​កិច្ចការ​រៀងខ្លួនៗ ទើប​បណ្ដាល​ឲ្យ​ដង​វិថី​នានា​មាន​ចរាចរណ៍​កកស្ទះ ហើយ​បើសិនជា​អត្រា​អត់​ការងារ​ធ្វើ​មាន​រហូតដល់ ៧-៨% វិញ​នោះ ចរាចរណ៍​ប្រហែលជា​មិន​ស្ទះ​ទេ ទៅណា​មក​ណា​ស្រួល​ណាស់ នេះ​វា​បា​នស​បញ្ជាក់ថា សេដ្ឋកិច្ច​របស់​កម្ពុជា​មានដំណើរ​ការល្អ​ដែល​ធ្វើ​ឲ្យ​កម្រិតជីវភាព​រប ស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​»​។​

 

​លោក អ៊ិត សំហេង បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានផ្តល់​អនុសាសន៍​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់ ត្រូវខិតខំ​ប្រមូល​នូវ​ចំណូល​ថវិកាជាតិ​ឲ្យ​បានជា​អតិបរមា ចំណែក​ការចំណាយ​ត្រូវ​ត្បិតត្បៀត​សន្សំសំចៃ ដើម្បី​យក​ថវិកា​ទាំងអស់​នោះមក​កែសម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ ពិសេស​ដំឡើង​ប្រាក់បៀវត្ស​ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​របស់​យើង​។​

 

​ទាក់ទង​ទៅនឹង​អនុសាសន៍​ដ៏​ថ្លៃថ្លា​នេះ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវមាន​កាតព្វកិច្ច រួមចំណែក​ក្នុងការ​បង្កើន​នូវ​ចំណូល​ជូន​ជាតិ​នេះដែរ ដូច្នេះ​យើង​ត្រូវ បង្កើន​ប្រសិទ្ធភាព​ការងារ​នៃ​ការផ្តល់សេវា​របស់​យើង នៅតាម​ផ្នែក​នីមួយៗ​ឲ្យ​មាន​ភាព​កាន់តែ​ល្អប្រសើរ ។

 

​លោក​រដ្ឋមន្ត្រី​បានលើកឡើង​បន្តទៀតថា ជាងនេះទៅទៀត ការអនុវត្ត​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​កាន់​តែមាន​ភាពប្រសើរឡើង​។ បញ្ហា​កូដកម្ម បាតុកម្ម ត្រូវបាន​អន្តរាគមន៍​ដោះស្រាយ​ដល់ទី​កន្លែង រក្សា​ភាព​សុខ​ដម​ក្នុង​ដំណើរ​ផលិតកម្ម និង​ទប់ស្កាត់​សកម្មភាព​បទល្មើស​ច្បាប់​។​

 

​លោក អ៊ិត សំហេង បាន​បញ្ជាក់ថា តាមរយៈ​ពិភាក្សា​ជា​លក្ខណៈ​ត្រីភាគី ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៦ បាន​កើន​ចំនួន ១២៨​ដុល្លារ ទៅ​១៤០​ដុល្លារ ដូច្នេះ​បើ​គិត​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត កម្មករនិយោជិត​ផ្នែក​នេះ អាច​ទទួលបាន​ទឹកប្រាក់​ចំនួន ពី​១៥៧​ដុល្លារ ទៅ ១៦៨​ដុល្លារ ក្នុង​មួយខែ​។​

 

​លើសពីនេះ​កម្មករនិយោជិត​ក៏​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបញ្ចុះ​ថ្លៃ អគ្គិសនី និង​ទឹក ព្រមទាំង​ច្បាប់​ស្ដីពី​ភតិសន្យា ពិសេស​សម្រាប់​វិស័យ​សង្គមកិច្ច ដែល​គ្រប់គ្រង​លើ​ការជួល​ផ្ទះ​ឲ្យ​កម្មករនិយោជិត និង​សិស្ស និស្សិត ហើយ​តាមរយៈ​អនុក្រឹត្យ​ស្ដីពី​ការដាក់​ឲ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ កាលពីពេល​ថ្មីៗ​នេះ កម្មករ កម្មការិនី​នឹង​ទទួលបាន​របប​ថែទាំ​សុខភាព​។ ការអភិវឌ្ឍ​មុខរបរ និង​ការងារ រាជរដ្ឋាភិបាល​បាន​ខិតខំ​កៀរគរ និង​ជំរុញ​ការវិនិយោគ ដែល​បាន​បង្កើត​ឱកាស​ការងារ​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​៕

26-1-2016 26-1-2016 (1) 26-1-2016 (2)

 

Leave a Reply

(*) Required, Your email will not be published