ពេល​ផឹក​ស្រវឹង ផ្ទុះ​កំហឹង មន្ត្រីប៉ូលិស​បេតិកភណ្ឌ​ទាញ​កាំភ្លើង​បាញ់​គូកន​សម្លាប់ចោល​

, , Leave a comment

26-1-2016

​ខេត្តសៀមរាប : មន្ត្រីនគរបាល​បេតិកភណ្ឌ​ម្នាក់​បាន​ទាញ​កាំភ្លើង​អាកា​ស្វ័យ​បត់​បាញ់រះ​ចំនួន​២​គ្រាប់​ទៅលើ​មិត្តភក្តិ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម ក្នុង​វង់​ផឹកស៊ី ព្រោះតែ​ពាក្យសម្ដី​គ្នា​កាលពី​វេលា​ម៉ោង​៣​និង​៣៨​នាទី ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ប៉ុស្តិ៍​យាម​លេខ​p12​ក្បែរ​ប្រាសាទព្រះខ័ន ស្ថិតក្នុង​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។​

 

​លោក​វរសេនីយ៍ត្រី ទូច ប៊ុនធឿន អធិការនគរបាល​ស្រុក​អង្គរធំ​បាន​ថ្លែងប្រាប់​សារព័ត៌​មានកំណើត​ថ្មី​ថា ពិតជា​មានការ​បាញ់សម្លាប់​ពលរដ្ឋ​ម្នាក់​ពី​សំណាក់​ប៉ូលិស​បេតិកភណ្ឌ​មែន គឺ​ដោយសារ​ផឹកស៊ី​ស្រវឹង​ទាស់សម្ដី​គ្នា​ទាញ​កាំភ្លើង​អាកា​ស្វ័យ​បត់​បាញ់​ទៅលើ​អ្នក​ផឹក​ជាមួយគ្នា​ចំនួន​២​គ្រាប់​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ត្រង់ចំណុច​រោង​យាម​ប៉ុស្តិ៍​( P12)​ស្ថិតនៅ​ខាងជើង​ប្រាសាទព្រះខ័ន ឯ​ជនបង្ក​បាន​រត់​គេចខ្លួនបាត់ ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនល្មើស​។​

 

​លោក​បាន​បន្តថា ៖ សព​ជនរងគ្រោះ​មានឈ្មោះ​ជា ភា​រុន (​ហៅ​ឡោះ​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។ ឯ​ជនសង្ស័យ ឈ្មោះ​សួរ គឹម​សាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប និង​ជា​សមត្ថកិច្ច​នគរបាល​បេតិកភណ្ឌ​ប៉ុស្តិ៍​(P12) ហើយ​ក្រោយពី​ធ្វើ​សកម្មភាព​បានគេច​ខ្លួន​បាត់​ភ្លាមៗ​។​

 

​លោក​វរសេនីយ៍ទោ ដួង សុខា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន ថ្លែង​ប្រាប់ថា ៖ ពិតជា​មានការ​បាញ់សម្លាប់​មនុស្ស​ម្នាក់​នៅក្នុង​វង់​ផឹកស៊ី​ប្រាកដ​មែន ហើយ​បច្ចុប្បន្ននេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ស្វែងរក​ចាប់ខ្លួន​ហើយ​។ លោក​បន្តថា ជនល្មើស ដែល​បាញ់សម្លាប់​គ្នា​នេះ​គឺជា​មន្ត្រីនគរបាល​បេតិកភណ្ឌ​ប៉ុស្តិ៍​(P12)​។​

 

​ទាក់ទិន​នឹង​ករណី​នេះដែរ​លោក​ឧត្ដមសេនីយ៍ត្រី ម៉ាន់ ឈឿន អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​ទទួលបន្ទុក​ក្នុង​រមណីយដ្ឋាន​អង្គរ មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ហៅ​ចូលទៅ​លោក​ជា​ច្រើនដង​តែ​គ្មាន​អ្នកទទួល​។​

 

​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​នៃ​សព​ធ្វើបុណ្យ​តាម ប្រពៃណី​ហើយ បន្ទាប់ពី​មានការ​ធ្វើ​កោសល្យវិច័យ​រួចរាល់​៕

26-1-2016 (1)

 

Leave a Reply

(*) Required, Your email will not be published