តើ​លោ​កលី​ខ្វាន់​យូ ដឹកនាំ​ប្រទេស​តាមរបៀប​ណា ទើប​ធ្វើ​ឲ្យ​សិង្ហ​បុរី​ក្លាយជា​កូន​នាគ​អាស៊ី​ដូច​សព្វថ្ងៃ​?

, , Leave a comment

​នៅពេលដែល​គេ​និយាយ​អំពី​ប្រទេស​សិង្ហ​បុរី ដែល​រីកចម្រើន​មកទល់​សព្វថ្ងៃ គេ​មិនអាច​មិន​និយាយ​អំពី​ឈ្មោះ​លោក លី​ខ្វាន់​យូ ទេ ព្រោះ​លោក​លី​ខ្វាន់​យូ (Lee Kuan Yew) ជា​បិតា​ស្ថាបនិក (Founding Father) នៃ​ប្រទេស​សិង្ហ​បុរី​សម័យ​ទំនើប (modern Singapore) និង​ជា​រដ្ឋបុរស (statesman) ដ៏​ឆ្នើម​របស់​ប្រទេស​សិង្ហ​បុរី​។ លោក​ត្រូវគេ​ផ្ដល់​គោរមងារ​ជា «​គរុ​គណ -mentor» ដែល​មានន័យថា​ជា «​គ្រូធំ​» ឬ «​សម្ដេចព្រះគ្រូ​» សម្រាប់​ផ្ដល់​ដំបូន្មាន​ល្អៗ ដល់​រដ្ឋមន្ត្រី​សិង្ហ​បុរី ពី​ឆ្នាំ​២០០៤ ដល់ ឆ្នាំ​២០១១​។​

 

​អត្ថបទ នេះ​ផ្ដោតជាសំខាន់​លើ​របៀប​ដឹកនាំ (leadership) របស់លោក​លី​ខ្វាន់​យូ ពោលគឺ​គោលនយោបាយ​សំខាន់ៗ​ដែល​លោក​លី​ខ្វាន់​យូ​ធ្លាប់​អនុវត្ត ចាប់ពី​ពេល​លោក​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ​១៩៥៩ ទៅ​ទល់នឹង​ឆ្នាំ​១៩៩០ (​កាន់អំណាច ៣១​ឆ្នាំ​)​។​

 

​ចំណុច​សំខាន់ៗ ដែល​គេ​គួរស្វែងយល់​អំពី​ប្រទេស​សិង្ហ​បុរី​៖

 

១-​ជា ប្រទេស​តូច មាន​ផ្ទៃដី​មិន​ដល់ ២៥ គីឡូម៉ែត្រ គុណ​នឹង​២៥​គីឡូម៉ែត្រ​(​ផ្ទៃដី​ជាង ៧០០​គីឡូម៉ែត្រ​ការ៉េ​) ផង ប៉ុន្តែ​មាន​អាកាសយានដ្ឋាន​ធំ​លំដាប់​កំពូល​របស់​ពិភពលោក​។

 

២-​ជា ប្រទេស​ដែល​ស្ទើរតែ​គ្មាន​ធនធានធម្មជាតិ រហូតដល់​សូម្បីតែ​ទឹកស្អាត ក៏ត្រូវ​ទិញ​ពី​ប្រទេស​ម៉ាឡេស៊ី​ដែរ​។ រហូតមក​ទល់នឹង​ពេលនេះ ក៏​សិង្ហ​បុរី​នៅតែ​ទិញ​ទឹកស្អាត​ពី​ម៉ាឡេស៊ី​ដដែល ព្រោះ​ការផលិត​ទឹកស្អាត​ដោយ​ចម្រាញ់​ពី​ទឹកសមុទ្រ បង្ក​ហានិភ័យ​ខ្ពស់ ព្រោះ​ម្យ៉ាង ទឹក​មាន​សារធាតុ​វិទ្យុ​ុ​សកម្ម​ដែល​ប្រើ​វិធី​ណា ក៏​មិនអាច​ជម្រុះ​ចោល​បាន និង​ម្យ៉ាងទៀត ចម្រាញ់​ទឹកស្អាត​ខ្លួនឯង សិង្ហ​បុរី​ចំណាយ​ថ្លៃដើម​ខ្ពស់ជាង​ទិញ​ពី​គេ​ស្រាប់​។​

 

៣-​ជា​ប្រទេស​ដែលមាន​កំពង់ផែ​អន្តរជាតិ​ខ្នាត​ធំ លំដាប់​អន្តរជាតិ​។

 

៤-​ក្រោយពេល​ក្លាយជា​រដ្ឋ​ឯករាជ្យ សិង្ហ​បុរី​ខ្សត់ខ្សោយ​ធនធាន​គ្រប់សព្វ​បែបយ៉ាង​ទាំងអស់ ទាំង​ធនធានមនុស្ស និង​ធនធានធម្មជាតិ​។​

 

៥-​សិង្ហ​បុរី ជា​ប្រទេស​ដែលមាន​សុខ​សុវត្ថិភាព​បំផុត​នៅក្នុង​ពិភពលោក ទោះបី​មនុស្ស​ចង់​ធ្វើដំណើរ​កណ្ដាល​អា​ធ្រា​ត្រ ម៉ោង​ប៉ុន្មាន ទៅដល់​កន្លែង​ស្ងាត់ជ្រងំ ដើរ​ដាច់​សង្វែង​យ៉ាងណា ក៏​គ្មាន​បញ្ហា​អ្វី​កើតឡើង​ចំពោះ​គេ​ដែរ​។​

 

៦-​សិង្ហ​បុរី ជា​ប្រទេស​តែមួយគត់​នៅក្នុង​ពិភពលោក ដែល​អនុវត្ត​វិន័យ និង​ច្បាប់​យ៉ាង​ហ្មត់ចត់​បំផុត គ្រប់​ជ្រុងជ្រោយ គ្មាន​ការលើកលែង សូម្បីតែ​វិន័យ​តូច​កំប៉ិកកំប៉ុក​ប៉ុណ្ណា​ក៏ដោយ ត្រូវតែ​អនុវត្ត​ឲ្យ​ខាងតែបាន​។​

 

​អាស្រ័យ ដោយសារ​នយោបាយ​គេ​ដើរ​ត្រូវ គេ​អាច​ក្លាយជា​ប្រទេស​ដែលមាន​ខឿនសេដ្ឋកិច្ច​រុងរឿង រហូត​មានឈ្មោះ​ជា «​កូន​នាគ​អាស៊ី​» (​ជប៉ុន​ជាប់​ឈ្មោះ​ជានា​គ​អាស៊ី​)​។​

 

​នយោបាយ​សំខាន់ៗ​របស់លោក​លី​ខ្វាន់​យូ មានដូចជា​៖

 

-​មាន គណបក្ស​តែមួយ គឺ​គណបក្ស People's Action Party ដែល​លោក​ជា​អ្នកបង្កើត​។ អ្នកណា​ហ៊ាន​ប្រឆាំងនឹង​នយោបាយ​លោក​លី​ខ្វាន់​យូ ឬ​បង្កើត​គណបក្ស​ថ្មី ត្រូវ​លោក​លី​ខ្វាន់​យូ​ចាប់​ដាក់ពន្ធនាគារ និង​រំលាយ​គណបក្ស​ចោល​ទាំងអស់​។ លោក​យល់ថា​សិង្ហ​បុរី​មិន​អាចមាន​និន្នាការ​នយោបាយ​ច្រើន​បានទេ ពោលគឺ​ត្រូវ​ដើរ​តាម​បន្ទាត់នយោបាយ​តែមួយ​ដែល​លោក​បាន​ត្រួសត្រាយ​ផ្លូវ រួចហើយ​។​

 

-​ធ្វើ កំណែទម្រង់​លើ​វិស័យ​អប់រំ ព្រោះ​ប្រទេស​មាន​ផ្ទៃដី​តូច បើ​គ្មាន​តម្រិះវិជ្ជា​ជ្រៅជ្រះ មុខតែ​ប្រឈម​នឹង​បញ្ហា​ពិបាក​ច្រើន ដូចនេះ​ការពង្រឹង​វិស័យ​អប់រំ និង​ធនធានមនុស្ស ស្ថិតនៅក្នុង​កម្មវិធី​ជា​អាទិភាព​របស់លោក​លី​ខ្វាន់​យូ​។ វិស័យ​អប់រំ​នៅ​សិង្ហ​បុរី​ត្រូវគេ​ចាត់ទុកថា​មាន​ស្តង់ដារ​ខ្ពស់ កម្រិត​កំពូល​នៅក្នុង​ពិភពលោក​។​

 

-​សណ្ដាប់ធ្នាប់ ទាំង​សណ្ដាប់ធ្នាប់​សង្គម និង​បរិស្ថាន​ស្អាត ចរាចរ​ល្អ សង្គម​គ្មាន​ភាពអនាធិបតេយ្យ គ្មាន​អំពើ​ឆក់​ប្លន់ ឬ​អំពើ​ពាលា​អាវាសែ​អ្វី​ទាំងអស់​។ ការបំបាត់​អំពើពុករលួយ ដោយ​ផ្ដល់​ប្រាក់ខែ ឬ​ប្រាក់បៀវត្ស​ខ្ពស់​សម្រាប់​មន្ត្រី​រដ្ឋការ​។​

 

-​លើក ស្ទួយ «​សមភាព​បុរស​-​ស្ត្រី gender equality» ធ្វើកំណែទម្រង់​លើ​វិស័យ​អប់រំ និង​ឧស្សាហូបនីយកម្ម (industrialization) មានន័យថា​កែប្រែ​ប្រទេស​ឲ្យ​ក្លាយជា​ប្រទេស​ឧស្សាហកម្ម (​នយោបាយ​នេះ​នៅតែ​ត្រូវ​យកមកអនុវត្ត រហូតដល់​សព្វថ្ងៃ​)​។​

 

-​ប្រឈម នឹង​ការខ្វះខាត​ធនធានធម្មជាតិ លោក​លី​ខ្វាន់​យូ ធ្វើកំណែទម្រង់​លើ​វិស័យសេដ្ឋកិច្ច ដោយ​កែប្រែ​ប្រទេស​ជា​តំបន់​នាំចេញ «​ផលិតផល​សម្រេច -finished goods» និង​ដើរ​កៀងគរ​វិនិយោគិន​បរ​ទេស ឲ្យ​ទៅ​បណ្ដាក់ទុន​សិង្ហ​បុរី (foreign investment)​។​

 

-​លោក លី​ខ្វាន់​យូ ជា​មេដឹកនាំ​ដែលមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់បំផុត (commitment) ក្នុងការ​សម្រេច​ឲ្យ​បាន​ផែន​ការដែល​លោក​ដាក់ចេញ ទោះបី​ត្រូវ​បង់​ក្នុងតម្លៃ​ណាក៏ដោយ (at all cost) មានន័យថា​អ្វីដែល​លោក​ដាក់​ចេញមក ត្រូវតែ​អនុវត្ត​ឲ្យ​បាន ដោយ​គ្មាន​ការលើកលែង គ្មានអ្វី​មករា​រាំង គ្មានអ្វី​មក​ហាមឃាត់​បាន ពោលគឺ «​លូកដៃ ដាច់​ដៃ លូក​ជើង ដាច់​ជើង​»​។​

 

-​អំពី វិស័យ​សិទ្ធិមនុស្ស មជ្ឈដ្ឋាន​អ្នក​សេរីនិយម ចាត់ទុកថា​លោក​លី​ខ្វាន់​យូ រឹតត្បិត​សេរីភាព​បុគ្គល​ច្រើនពេក​។ លោក​លី​ខ្វាន់​យូ បាន​ឆ្លើយតប​វិញ​ថា នយោបាយ​រឹតត្បិត​សេរីភាព​បែបនេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ ក្នុងនាម​ជា​កោសិកា​សង្គម ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ ថា​តើ​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ត្រូវធ្វើ​អ្វីខ្លះ​? ត្រូវមាន​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​កម្រិតណា​?

 

​មិន ថា​មជ្ឈដ្ឋាន​ខាងក្រៅ គេ​រិះគន់ ឬ​វាយតម្លៃ​លោក​លី​ខ្វាន់​យូ​ថា​ជា «​អ្នក​អត្តា​ធិ​ប​តយ្យ -autocrat» ឬ «​អ្នក​អាជ្ញានិយម -authoritarian» យ៉ាងណាទេ តែ​អ្វីដែល​គេ​មិនអាច​ប្រកែក​បាន គឺ​នយោបាយ​របស់លោក​លី​ខ្វាន់​យូ​នេះហើយ ដែល​នាំ​សិង្ហ​បុរី​ឲ្យ​រីកចម្រើន​ដូច​សព្វថ្ងៃ​។ ថ្វី​ត្បិត​ជា​មេដឹកនាំ​ផ្ដាច់ការ ក៏​លោក​មិនមែនជា​អ្នក​កុម្ម​យ​និ​ស្ត​និយម ហើយក៏​មិនមែនជា​មេដឹកនាំ​ឃោរឃៅ (dictator) ដែល​ដើរ​តែ​កាប់សម្លាប់​មនុស្ស ឬ​ធ្វើបាប​មនុស្ស​ដោយ​ឥត​មូលហេតុ ដើម្បី​រក្សា​អំណាច​របស់ខ្លួន​នោះ​ក៏​ទេ​ដែរ​។ នៅ​ក្នុង​នយោបាយ​ការបរទេស ក្នុងអំឡុង​សង្គ្រាមត្រជាក់ លោក​តែងតែ​គាំទ្រ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក ដែល​ប្រឆាំងនឹង​លទ្ធិ​កុ​ម្មុ​យ​និ​ស្ត​។​

 

​លោក លី​ខ្វាន់​យូ បង្ហាញ​ទស្សនៈ​នយោបាយ​របស់លោក​ថា​លទ្ធិ​នយោបាយ​មួយ មិនអាច​អនុវត្តបាន​គ្រប់​កាលៈទេសៈ​ទេ មានន័យថា​លទ្ធិប្រជាធិបតេយ្យ​ត្រូវមាន​បែបផែន​របស់​វា ដូចជា «​ប្រជាធិបតេយ្យ​តាមបែប​បស្ចិមប្រទេស​» និង «​ប្រជាធិបតេយ្យ​តាមបែប​អាស៊ី​» ដោយ​លោក​សង្កត់ធ្ងន់​អំពី «​តម្លៃ​អាស៊ី -Asian value» ព្រោះ​ទ្វីបអាស៊ី​មាន​លក្ខណៈ​ស្មគ​ស្មាញ ចម្រុះ​ដោយ​វប្បធម៌​ច្រើន ដែល​មិនអាច​យក​ស្តង់ដារ​ប្រជាធិបតេយ្យ​តាមបែប​បស្ចិមប្រទេស ទៅ​អនុវត្ត​ជោគជ័យ ដោយ​គ្មាន​ការកែច្នៃ​នោះទេ​។ នេះ​ជា​ទស្សនៈ​របស់លោក​លី​ខ្វាន់​យូ​៕

22-1-2019

 

Leave a Reply

(*) Required, Your email will not be published