អត់​លុយ​ទិញ​កាំភ្លើង ហៅ​ម៉ូតូឌុប​ដឹក​ទៅ​កន្លែង​ស្ងាត់ ទាញ​កាំភ្លើង​ជ័រ ភ្ជង់​ប្លន់​យក​ម៉ូតូ​ ត្រូវ​វាយ​ខ្នោះ

, , Leave a comment

21-1-2016 (2)

​រាជធានី​ភ្នំពេញ : កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង ក្នុងខណៈ​ពេលដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព ដោយ​ដក​កាំភ្លើង​ជ័រ​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​មិន​សម្រេច​កាលពី​រាត្រី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​២២​និង​១៥​នាទី​នៅ​ចំណុច​មុខផ្ទះ​លេខ​១៣ ផ្លូវ​លេខ​២២៣ ក្រុមទី​២៤ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​មន្ត្រីប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សម្បត្តិ សុខ​គា ហៅ អា​ត្រងោល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​ផ្ទះជួល ផ្លូវ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ឃុ​ត ម៉ាញ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ត្រើយ​អូរ ឃុំ​សូរ្យ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ហៅ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញពី​ចំណុច​ម្តុំ​មុខ​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់ ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឲ្យ​ឌុប​មក​ម្តុំ​ស្តុ​ប​ទេព​ផន ដោយ​ឲ្យ​តម្លៃ​៦០០០​រៀល​។ ជនរងគ្រោះ​បាន​ឌុប​ជនសង្ស័យ​ដល់​ចំណុច​ស្តុ​ប​ទេព​ផន ជនសង្ស័យ​បាន​ឲ្យ​ជនរងគ្រោះ​ឌុប​ទៅមុខទៀត រហូតដល់​ចំណុចកើតហេតុ ដោយមាន​សភាព​ងងឹត​ស្ងាត់ ជនសង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ឈប់​ម៉ូតូ រួច​ដក​លុយ​ក្រដាស ១០០០០​រៀល មក​ឲ្យ​ជនរងគ្រោះ​អាប់ ពេលនោះ​ជនសង្ស័យ​បាន​វាយ​ជនរងគ្រោះ​មួយ​ដៃ​ត្រូវចំ​បំពង់ក ជនរងគ្រោះ​បាន​តដៃ​វិញ ទើប​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ជ័រ​មក​ភ្ជង់​គំរាម ពេលនោះ​ជនរងគ្រោះ​មានការ​ភ័យខ្លាច បាន​រត់ចោល​ម៉ូតូ ព្រមទាំង​ស្រែក​ចោរៗ ស្របពេល​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​១ ដែល​កំពុង​ល្បាត ការពារ​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន បានឮ​សម្រែក​ជនរងគ្រោះ បានមក​អន្តរាគមន៍​ទាន់ពេលវេលា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាក់ស្តែង​តែម្តង​។​

 

​ក្នុងការ​ឃាត់ខ្លួន​នេះ ប៉ូលិស​ដកហូត​បាន​កាំភ្លើងខ្លី​ជ័រ ម៉ាក​Huahu toy៣១៩ ចំនួន​០១ ដើម ជា​ឧបករណ៍ ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​ការធ្វើសកម្មភាព​។

 

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

21-1-2016

 

Leave a Reply

(*) Required, Your email will not be published