សម្តេច​តេ​ជោ ហ៊ុន សែន ចេញទៅ​ពិនិត្យ​សុខភាព ស្របពេល​មានការ​រិះគន់​សេវា​សុខាភិបាល​នៅ​កម្ពុជា​

, , Leave a comment

19-1-2016

រាជធានី​ភ្នំពេញ : ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​។ ការចេញ​ទៅពិនិត្យ​សុខភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គាប់​ជួន​នឹង​ការរិះគន់​ចំពោះ​សេវា​សុខាភិបាល​នៅ​កម្ពុជា កំពុង​តែមាន​ភាព​ក្តៅគគុក​នៅក្នុង​បណ្តាញ​សង្គម តែ​ទោះជា​យ៉ាងណា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជាក់ដែរថា ការដែល​ខ្ញុំ​មក​ពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី មិន​មានន័យថា ខ្ញុំ​មិន​ទុកចិត្ត​គ្រូពេទ្យ​កម្ពុជា​យើង​នោះទេ​។​

 

​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញ​រូបថត​ប្រមាណ​៥​សន្លឹក ស្ថិតនៅលើ​យន្តហោះ​ពិសេស​មួយគ្រឿង​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​សាំង​កាពួរ ប្រទេស​សឹង្ហ​បុរី​។ អម​ជាមួយ​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា​៖ “​ពេលនេះ​ខ្ញុំ​កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​សិង្ហ​បុរី​។ ពុំមាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល​នោះទេ តែ​នេះ​ជាការ​តម្រូវ​របស់​គ្រូពេទ្យ​ដែល​កំណត់​ឲ្យ​ត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​មួយឆ្នាំ​ម្តង​។​

 

​ម្យ៉ាងទៀត​ការងារ​ចុងឆ្នាំ​២០១៥ និង​ដើមឆ្នាំ ២០១៦​នេះ​ពិតជា​ច្រើន​ដែល​ខ្ញុំ​ខិតខំ​ដោះស្រាយ​ទាំងយប់​ទាំង​ថ្ងៃ​រក​ពេល​សម្រាក​ស្ទើរ​មិនបាន​។ សម្តេច​តេ​ជោ​ឆ្លៀត​បញ្ជាក់ប្រាប់​ផងដែរ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាត់​ជំនឿ​ទៅលើ​សេវា​សុខាភិបាល​នៅក្នុង​ប្រទេស​ដោយបាន​បញ្ជាក់​ថា​៖ “​ការដែល​ខ្ញុំ​មក​ពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី​មិន​មានន័យថា ខ្ញុំ​មិន​ទុកចិត្ត​គ្រូពេទ្យ​កម្ពុជា​យើង​នោះទេ​។ ខ្ញុំ​ពិនិត្យ​សុខ​ភាពជា​ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និង​ព្យាបាល​ជំងឺ​កម្ពុជា​ដោយ​គ្រូពេទ្យ​ខ្មែរ​យើង​។​

 

​សម្តេច​តេ​ជោ​បន្តថា​៖“​ដោយមាន​ការណែនាំ​រប​ស់​គ្រូពេទ្យ​កម្ពុជា​បានស្នើ​ឲ្យ​ខ្ញុំ​ពិនិត្យ​នៅក្រៅ​ប្រទេស ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លះ​ដែល​យើង​ខ្វះ​ឧបករណ៍​។ វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ព្យាបាល​ខ្ញុំ​បានរួម​ដំណើរ​មកជា​មួយ​ខ្ញុំ​ដើម្បី​សហការ​ជាមួយ​ពេទ្យ​សិង្ហ​បុរី​ធ្វើការ​ពិនិត្យ​ដែល​នេះ​ជា​រឿង​ធម្មតា​នៃ​កិច្ចសហការ​ខាង​វេជ្ជសាស្ត្រ​។ ខ្ញុំ​នឹង​វិលត្រឡប់​ទៅ​ប្រទេស​វិញ​នៅ​ថ្ងៃទី​២១ មករា​ប្រសិនបើ​គ្រូពេទ្យ​អនុញ្ញាត​។​

 

​ការអញ្ជើញ​ទៅពិនិត្យ​សុខភាព​នៅក្រៅ​ប្រទេស​វា​ជួន​គ្នា​ជាមួយនឹង​សកម្មភាព​រិះគន់​ទៅលើ​សេវា​សុខាភិបាល​នៅ​កម្ពុជា​កំពុង​កើនឡើង ហើយ​បាន​ក្លាយជា​ប្រធានបទ​មួយ​ដ៏​ក្តៅគគុក​កំពុង​ត្រូវបាន​ជជែក​វែកញែក​គ្នា​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​កើតឡើង​ពី​ការរិះគន់​របស់លោក​វេ​ជ្ជ​បណ្ឌិត គួច ម៉េង​លី ដែល​បាន​លើកឡើងថា​គ្រូពេទ្យ​នៅ​កម្ពុជា ក្នុងចំណោម​១០​នាក់​គឺ​ខូច​៩​នាក់​ហើយ​។ នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​គាំទ្រ​ការលើកឡើង​របស់លោក​វេជ្ជបណ្ឌិត គួច​ម៉េង​លី មាន​ដោយបាន​ផូស​សេចក្តី​គាំទ្រ​ការរិះគន់​របស់​វេជ្ជបណ្ឌិត គួច ម៉េង​លី ដោយ​និយាយថា «​ការពិត​ជាក់ស្តែង​វា​មាន​លើស​នោះ​ទៅទៀត​រឿង​អី​ត្រូវ​សុំទោស​»​។ មាន​មិត្ត​ខ្លះ​បាន​បង្កើតជា​មតិ​ឲ្យ​មិត្ត​ហ្វេ​ស​ប៊ុ​ក​ចូលរួម​ធ្វើ​ស្ទង់​មតិ​មើលថា “​តើ​ឧកញ៉ា គួច ម៉េង​លី និយាយ​រិះគន់​នោះ​ត្រូវ ឬ​ខុស សូមជួយ​ឆ្លើយ​ទាំងអស់គ្នា​។ មិត្ត​អ្នកកាសែត​ម្នាក់​បាន​សរ​សេរ​ដែរ​ថា​«​ចងដឹង​នរណា​ខុស ឬ​ត្រូវ ក្រសួងសុខាភិបាល​គួរ​ធ្វើ​ស្ទង់​មតិ ឬ​បើ​វេទិកាសាធារណៈ​ទៅ​ដឹង​ហើយ​។​

 

​ទោះយ៉ាងណា​ក៏ដោយ​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦​ខាង​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​បានទាមទារ​ឲ្យ​វេជ្ជបណ្ឌិត​គួច ម៉េង​លី ធ្វើការ​សុំទោស​ជា​សាធារណៈ​ដដែល​ដើម្បី​ឲ្យ​សមជា​គ្រូពេទ្យ​មាន​វិជ្ជាជីវៈ​។ នេះ​បើ​យោងតាម​លិខិត​ថ្មី​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ផ្ញើរ​ជូន​វេជ្ជបណ្ឌិត គួច ម៉េង​លី​។ ចំនួន​អ្នកគាំទ្រ​គាត់​មិន​ឲ្យ​សុំទោស​ក៏មាន​ច្រើន​គួរសម​ដែរ​។ រឿងនេះ​អ្នកខ្លះ​រហូត​និយាយថា នេះ​គឺជា​រឿង​ធ្លាយ​បូស​ដែល​ទុំ​ជោរ​យូរ​មកហើយ​ទើប​គាត់​ហ៊ាន​ខ្វេះ​ឲ្យ​បែក​បូស​។​

 

​យ៉ាងណាក៏ដោយ​ភាព​ខ្សោយ​នៃ​សេវា​សុខភាព​នៅ​កម្ពុជា​ត្រូវបាន​រង​ការរិះគន់​ជា​បន្តបន្ទាប់ ហើយ​ពលរដ្ឋ​ខ្មែរ​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ច្រើនតែ​ទៅ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​៕

19-1-2016 (1)

 

Leave a Reply

(*) Required, Your email will not be published