ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង​នៅ​ពញាឮ រកឃើញ​ថ្នាំញៀន​១​កញ្ចប់​ធំ​

, , Leave a comment

​ខេត្តកណ្ដាល : ជនសង្ស័យ និង​វត្ថុតាង​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​ធំ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ស្រុក​ពញាឮ និង​ខេត្តកណ្តាល ធ្វើការ​ឆែកឆេរ និង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

 

​ការឆែកឆេរ​ផ្ទះ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​ធ្វើឡើង បន្ទាប់ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រសួងមហាផ្ទៃ​ចេញ​ប្រតិបត្តិ​ការបង្ក្រាប និង​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់​នៅ​ផ្លូវ​ជា​សុផារ៉ា ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ ហើយ​ជនសង្ស័យ​នោះបាន​សារភាព​អំពី​មេខ្លោង​របស់ខ្លួន​មាន​ទីលំនៅ​ស្រុក ពញាឮ​ខេត្តកណ្ដាល​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​រួមមាន ១-​ឈ្មោះ ជិន ប៊ុន​ណា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ប្តី ២-​ឈ្មោះ ដែង សុភា​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ប្រពន្ធ និង​៣-​ឈ្មោះ​ជិន ស្រី​នាង ភេទ​ស្រី អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​។​

 

​លោក​វរសេនីយ៍​ដួង តេង អធិការនគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​នគរបាល​ស្រុក​ពញាឮ​សហ​ការចុះ​ឆែកឆេរ​ផ្ទះ​មុខសញ្ញា ជួញដូរ​គ្រឿងញៀន រកឃើញ ថ្នាំញៀន​១​កញ្ចប់​ធំ​នោះ​រួចមក ជំនាញ​បាន​យក​ថ្នាំញៀន​នោះ​ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍​ហើយ តែ​មិនទាន់​ដឹង​ទម្ងន់​ប៉ុន្មាន​ទេ​។ វត្ថុតាង​ដកហូត​បានរួម​មាន ម្ស៉ៅ​ក្រាម​ព​ណ៍ស​១​កញ្ចប់​ធំ រថយន្ត​២​គ្រឿង​ម៉ាក​តូយ៉ូតា កា​ម៉ា​រី ពាក់​ស្លាក​លេខ ភ្នំពេញ 2I-2021​និង​ម៉ាក​ឡិច​ស៊ី​ស ពាក់​ស្លាក​លេខ​2K-5247 និង​ទូដែក​ចំនួន​១​គ្រឿង ម៉ាក​AIKO​។​

 

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុននឹង​ឈានដល់​ការចុះ​ឆែកឆេរ​នោះ កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ គ្រឿងញៀន​បាន​១​នាក់​នៅ​ចំណុច​ផ្លូវ​ជា​សុផារ៉ា​ក្រុងភ្នំពេញ និង​បន្ត​មក​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​នៅ​ចំណុច​ភូមិ ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ហើយ​បាន​ដកហូត​គ្រឿងញៀន ១​កញ្ចប់​ធំ និង​វត្ថុតាង​មួយចំនួនទៀត​ព្រមទាំង​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​៕

14-1-2016

 

Leave a Reply

(*) Required, Your email will not be published