រាជធានីភ្នំពេញ : ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ គឺប៉ូលិសចរាចរណ៍ នឹងចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដូចការគ្រោងទុក។ ប៉ុន្តែការអនុវត្តនោះ នៅមានបញ្ហាមួយចំនួនដែលមិនទាន់រៀបចំចប់សព្វគ្រប់ និងនៅមានបញ្ហាមួយចំនួននៅសេសសល់។
ជាមួយនឹងប្រសាសន៍ខាងលើនេះសម្តេចសខេង ក៏បានបញ្ជាក់ថា ទាក់ទងប័ណ្ណបើកបរ ប្រជាពលរដ្ឋ បានចោទប្រកាន់ថា មានតម្លៃថ្លៃ ( ប័ណ្ណបើកបរម៉ូតូ និងប័ណ្ណបើកបរឡាន)។ ករណីនេះការត្រួតពិនិត្យលើប័ណ្ណបើកបរត្រូវព្យួរទុកសិន។ ពោលគឺសមត្ថកិច្ចប៉ូលិសមិនទាន់ឆែកឆេររកប័ណ្ណបើកបរនៅឡើយទេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ។
សម្តេច សខេង ក៏បានលើកឡើងថា "ជាឆន្ទៈនយោបាយ គឺត្រូវតែរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ ធ្វើអីក៏ដោយ វាមិនដែលអត់បញ្ហាទេ"៕