រាជធានីភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា សម្តេចនឹងកាត់ដៃស្តាំរបស់សម្តេចចោល ប្រសិនបើសម្តេចចុះហត្ថលេខាលើកលែងទោសឲ្យនរណាម្នាក់នោះ។ ទោះជាសម្តេចមិនបានបញ្ចេញឈ្មោះក៏គេអាចសន្និដ្ឋានបានថា ជាលោក សម រង្ស៊ី ។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឡើងស្របពេលដែលប្រធានគណបក្សប្រឆាំងបានបង្ហាញនូវភាពទន់ភ្លន់ចង់ដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ ដោយមិនចាំបាច់ពឹងបរទេសដែលលោកថា៖ «ប្រវត្តិសាស្ត្របង្ហាញថានៅទីបំផុតបានធ្វើឲ្យខ្មែរបាត់បង់ទឹកដី»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ឥឡូវកុំសង្ឃឹម ខ្ញុំប្រកាស បើខ្ញុំចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណាខ្ញុំកាត់ដៃស្តាំរបស់ខ្ញុំក្រវ៉ាត់ចោលតែម្តង អ្នកឯងចាំទៅ… មានឯងអត់អញ មានអញអត់ឯង គឺអ្នកឯងជាអ្នកដាក់អ្នកឯងធ្វើអីចំពោះខ្ញុំ ហួសពេលហើយអូន ដល់ត្រូវប៉ុន្មានកំភ្លៀងទៅទើបនិយាយបង្រួបបង្រួមជាតិ មានតែខ្មែរទេទើបអាចនិយាយគ្នាបានតែទើបតែទៅពឹងអឺរ៉ុបឲ្យកាត់ជំនួយ“»។
សម្តេចតេជោបន្តថា ខ្ញុំប្រកាសជូនឲ្យហើយ បើលើកទី៣ ហ៊ុន សែន នឹងកាត់ដៃខ្លួនឯងចោល។ នេះជាសារចុងឆ្នាំប្រាប់ឲ្យហើយ។ អីក៏ខូចម្ល៉េះបើលេងកុំខឹងបើខឹងកុំលេង។ សម្តេចបន្តថាខ្ញុំមិនត្រូវការធ្វើភាពច្រំដែលៗនោះទេ ខ្ញុំចង់បង្រួបបង្រួមតែអ្នកឯងធ្វើអីចឹង។
សម្តេចតេជោបានលើកឡើងថាមូលហេតុដែលសម្តេចប្រកាសថា និងកាត់ដៃរបស់សម្តេចចោលដោយមានមនុស្សចុះទៅឃោសនាគាត់ថា ៖ “មេយើងជាប់គុកម្តងឡើងសន្លឹកឆ្នោតបន្តិច ជាប់គុកពីរដងឡើងសន្លឹកឆ្នោតបន្តិច អីចឹងទេជាប់គុក៣ដង និងចូលកាន់អំណាចតែម្តង។ ខ្ញុំសូមផ្តាំត្រឡប់ទៅវិញបើខ្ញុំចុះហត្ថលេខាលើកទី៣ខ្ញុំកាត់ដៃស្តាំខ្ញុំបោះចោលតែម្តង ដើម្បីកុំឲ្យអ្នកឯងដើរភូតកុហកគេទៀត។ ហើយបរទេសណាដែលដាក់ការគាបសង្កត់ស្រុកខ្មែរ សារចុងឆ្នាំប្រាប់ឲ្យហើយកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់អ្នកណាម្នាក់ឬពីរនាក់នោះទេបក្សនយោបាយច្រើនណាស់នៅកម្ពុជាសូម្បីបក្សរបស់មនុស្សហ្នឹងក៏កំពុងធ្វើសកម្មភាពដែរអញ្ចឹងអ្នកជាប់គុកម្នាក់ពីរនាក់ឲ្យជាប់ទៅចូលមកទទួលទោសទៅ ជាប់គុកទៅកុំខ្លាចព្រោះយើងអ្នកហានទៅហើយ។
នៅក្នុងសារនយោបាយចុងឆ្នាំ នេះដែរ សម្តេចតេជោបានស្នើឲ្យក្រុមការងារដែលនឹងពិភាក្សាពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបញ្ចូលចំណុចមួយដែលចែងថាប្រធានគណបក្សនយោបាយត្រូវមានសញ្ជាតិតែមួយប៉ុណ្ណោះគឺសញ្ជាតិកម្ពុជារួមទាំងរួមបញ្ចូលវប្បធម៌សន្ទនាទៅក្នុងច្បាប់គណបក្សនយោបាយផងដែរដើម្បីដាក់ទោសទណ្ឌចំពោះអ្នកណាដែលល្មើសចំពោះវប្បធម៌សន្ទនា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្រោយពីសម្តេចបានថ្លែងពាក់ព័ន្ធទៅការចុះហត្ថលេខាលើកលែងទោសនឹងកាត់ដៃខ្លួនឯងចោលប្រសិនបើលោកលើកលែងទោសលោកសម រង្ស៊ី ជាលើកទីបី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “ខាងផ្នែកគណបក្សប្រជាជនកំពុងតែគិតគូដោយសារយើងមានច្បាប់មួយរួចទៅហើយប្រធាននិងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែជាសញ្ជាតិខ្មែរ ដូច្នេះពេលខាងមុខច្បាប់ស្តីពីបក្សនយោបាយចាំបាច់ត្រូវកំណត់ប្រធានបក្សនយោបាយត្រូវជាសញ្ជាតិខ្មែរតែមួយទេដើម្បីចៀស វាងមានរឿងអីកាន់ប៉ាស្ព័របរទេសរត់ហើយរកបរទេសមកអន្តរាគមន៍។ សម្តេចតេជោបានបន្តថា៖សម្តេចក៏បានស្នើឲ្យបញ្ចូលវប្បធម៌សន្ទនាក្នុងច្បាប់នោះដោយចែងពីការដាក់ទោសទណ្ឌប្រសិនបើអ្នកនយោបាយបំពានវប្បធម៌សន្ទនាតាមរយៈការជេរប្រមាថ។ សម្តេចតេជោ បន្ថែមថា៖ "ខ្ញុំសូមគូសបញ្ជាក់គឺវប្បធម៌សន្ទនានឹងលើកដាក់ចូលក្នុងច្បាប់ដាក់ចូលក្នុងច្បាប់បើអ្នកឯងជេរគេអ្នកឯងជាប់គុកម៉េច មិនមែនជាប់ទោសក្នុងតែរង្វង់យុទ្ធនាការ(បោះឆ្នោត)មួយខែទេត្រូវឲ្យជាប់ទោសតាំងពីឥឡូវ។ សម្តេចតេជោ ហ៊ុន សែន ក៏ស្នើឲ្យមានការចែងថាប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភាប្រធានក្រុមប្រឹក្សាធម្មនុញ្ញប្រធានតុលាការកំពូលអគ្គព្រះរាជអាជ្ញា អគ្គសវនករនិងប្រធានក្រុមប្រឹក្សាភិបាលប្រឆាំងអំពើពុករលួយត្រូវមានសញ្ជាតិ តែមួយផងដែរ។ លោកបញ្ជាក់ថាការមានសញ្ជាតិតែមួយដើម្បីកុំឲ្យមានការជ្រៀតជ្រែកពីបរទេសពេលមានបញ្ហាអ្វីមួយ។
គួរបញ្ជាក់ថាថ្មីៗនេះរដ្ឋាភិបាលប្រកាសបង្កើតគណៈកម្មការមួយដើម្បីសិក្សាស្រាវជ្រាវរៀបចំសំណើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលមាន។
អ្នកនាំពាក្យគណបក្សសង្រោះ្គជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថាប្រទេសកម្ពុជាត្រូវការធនធានមនុស្សហើយដោយសារសង្គ្រាមស៊ីវិលប្រជាពលរដ្ឋកម្ពុជាជាច្រើនត្រូវភៀសខ្លួនទៅប្រទេសទីបី។ លោក បន្តថា អ្នកនៅក្រៅប្រទេសជាមនុស្សមានឆន្ទៈសមត្ថភាពនិងចំណេះដឹងហើយពួកគាត់ចង់ចូលមកប្រទេសដើម្បីជួយជាតិ។
លោក យឹម សុវណ្ណ មានប្រសាសន៍ថានយោបាយតែងផ្លាស់ប្តូរតាមកាលៈទេសៈនិងពេលវេលាដែលមិនអាចកំណត់បាន។ លោកបញ្ជាក់ថា៖ "អ្វីៗវាផ្លាស់ប្តូរទៅតាមស្ថានការណ៍នយោបាយទៅតាមពេលវេលាទៅតាមលក្ខខណ្ឌនៃកត្តាខាងក្រៅផ្សេងៗទៀត។ រឿងនយោបាយយើងថាថ្ងៃនេះតែវាមិនមែនថ្ងៃនេះស្រាប់តែថ្ងៃស្អែកវាយ៉ាងម៉េចផ្សេងយើងមិនអាចទាយទុកបានទេសំខាន់បំផុតគឺខ្ញុំយល់ឃើញថាស្ថានការណ៍នយោបាយវាចេះតែវិវត្តទៅតាមពេលវេលាទៅតាមបរិយាកាសនយោបាយ"។
នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលលោក គល់ បញ្ញា មានប្រសាសន៍ថាគួរតែមានការជជែកគ្នាគ្រប់គណបក្សនយោបាយដើម្បីចៀសវាងទំនាស់ណាមួយ។ លោកបន្តប្រជាជនខ្មែរភាគច្រើននៅក្រៅប្រទេសដោយសារប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម។ លោកបញ្ជាក់ថា៖“វាគួរតែមានការជជែកគ្នា ស្រុះស្រួលគ្នាតើវាដល់ពេលនៅក្នុងការជជែកពីបញ្ហានេះ។
គួរបញ្ជាក់ថាច្បាប់គណបក្សនយោបាយនេះត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៧ដែលមាន១១ជំពូក និង៤៥មាត្រា។
គួររំលឹកថា៖ នៅក្នុងអាជីពនយោបាយតាំងពីពេលនោះមកលោក សម រង្ស៊ី ស្ថិត ក្នុងប្រទេសបានតិចតួចបំផុតគឺលោកតែងតែនិទេសខ្លួនឯងជាបន្តបន្ទាប់ជាក់ស្តែងករណីកាលពីខែកុម្ភៈឆ្នាំ២០០៥ទាក់ទងនឹងបទចោទប្រកាន់អំពីករណី បង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីគណបក្សប្រជាជននិងគណបក្សហ្វ៊ុនស៊ិនប៉ិច ជុំវិញបញ្ហាពុករលួយនឹងករណីនៃការធ្វើឃាតប្រធានសហជីពកម្មករ លោក ជា វិជ្ជា។ ដោយខ្លាចការចាប់ខ្លួន លោក សម រង្ស៊ី បានរត់គេទៅនៅប្រទេស បារាំង ដែលជាប្រទេសសញ្ជាតិទី២ របស់ លោកដោយមិនហ៊ានតស៊ូក្រាញននៀលជាមួយសមាជិករបស់ខ្លួននោះទេ៕ ប៉ុន្តែ ក្រោយការសម្របសម្រួលនយោបាយលោកបានវិលត្រឡប់មកវិញហើយបានចូលរួមការបោះឆ្នោតនៅឆ្នាំ២០០៨ ក៏ប៉ុន្តែ លោក សម រង្ស៊ី បាននិរទេសខ្លួនម្តងទៀតនៅឆ្នាំ ២០០៩ ក្រោយដកហូតអភ័យឯកសិទ្ធិ និង ត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ ការ ចោទប្រកាន់ទីមួយ ទៅកាន់លោក សម រង្ស៊ី ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តស្វាយរៀង ជាប់ពន្ធនាគារពីរឆ្នាំ។
លោក សម រង្ស៊ី ត្រូវបានតុលាការរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនលោកសមរង្ស៊ី មេដឹកនាំគណបក្សប្រឆាំងចំពោះការផ្សព្វផ្សាយផែនទីព្រំដែន ក្លែងក្លាយរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម នៅលើគេហទំព័រគណបក្សរបស់លោកនៅដើមឆ្នាំ ២០១។ រដ្ឋាភិបាលបានប្តឹងលោកសមរង្ស៊ីទៅតុលាការរាជធានីភ្នំពេញអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនិងការក្លែងឯកសារសាធារណៈដែលមានទោសជាប់ពន្ធនាគារជាង១៥ឆ្នាំ។ នៅ ពេលនោះគេនៅចាំបានថាលោក សម រង្ស៊ី បានថ្លែងដូចលោកថ្លែងនៅពេលនេះដែរ លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្មតបទៅនឹងដីកាតាមចាប់ខ្លួនលោកពាក់ព័ន្ធនឹងពាក្យបណ្តឹងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមថាលោកយល់ព្រមប្រគល់ខ្លួនឲ្យតុលាការបានលុះត្រាណាតែរដ្ឋអំណាចសុខចិត្តដោះលែងប្រជាកសិករខ្មែរដែលកំពុងជាប់ឃុំឃាំងជាមុនសិន។ លោក បន្តថា លោកសុខចិត្តស្លាប់ឲ្យតែជាតិបានរស់ឲ្យតែរាស្ត្រខ្មែរបានសុខមានដីធ្លីសមរម្យ។ ក៏ប៉ុន្តែពេលនោះលោក សម រង្ស៊ី ពុំបានវិលត្រឡប់មកកម្ពុជាដើម្បីបង្ហាញភាពក្លាហានក្នុងការចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីការពារប្រជាជននិងដោះលែងប្រជាជននោះទេ លោកបាននិរទេសខ្លួនរហូតដល់ខែកក្កដា ឆ្នាំ២០១៣មុនពេលបោះឆ្នោត នៅពេលមានដីកាលើកលែងទោសពីព្រះមហាក្សត្រដែលស្នើឡើងដោយសម្តេចទើបលោកហ៊ានចូលស្រុកវិញ។
គួរបញ្ជាក់ផងដែរថា លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើងដែលប្តឹងដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីត មេគុកបឹងត្របែកសម័យខ្មែរក្រហម។
លោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញ ដីកាឲ្យចូលខ្លួនមកមកតុលាការនៅថ្ងៃទី៤ខែធ្នូ ពាក់ព័ន្ធនឹងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ ទាក់ទងនឹងបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានវឹងកវរធ្ងន់ដល់សន្តិសុខសង្គមប្រព្រឹត្តទៅកាលពីថ្ងៃទី១២និង១៣ ខែសីហា ឆ្នាំ២០១៥។
ចំណែកកាលពីពេលថ្មីៗនេះតុលាការបានអញ្ជើញលោក សម រង្ស៊ី ចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក សាកសួរពីរឿងបរិហារកេរ្តិ៍ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវី លោក ហេង សំរិន៕