ខេត្តកំពង់ចាម : ប្រភពពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានរាយការណ៍មកថា ៖ នៅខេត្តកំពង់ចាមត្រីបានចាប់ផ្តើមត្រូវបណ្តើរៗហើយ ពិសេសត្រីសម្រាប់ធ្វើ ប្រហុក ផ្អក ចាប់ ផ្តើមត្រូវក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
គេហទំព័រដដែលនោះបានបញ្ជាក់ទៀតថា ៖ «ឆ្នាំនេះត្រីមិនសម្បូណ៌ និងមានលក្ខណៈតូចៗទៀតផង ហើយតម្លៃក៏ថ្លៃជាងឆ្នាំមុនទៀត។ តាមការប៉ាន់ស្មានរបស់មន្ត្រីជំនាញ ក៏ដូចជាប្រជានេសាទបាន អះអាងថា ទិន្នផលត្រីឆ្នាំនេះមានការថយចុះ ដោយសារទឹកទន្លេឡើងមានកម្រិតទាប ទឹកមិនបានចូលព្រែក និងបឹង ពិសេសមិនបានជន់លិចតំបន់ព្រៃលិចទឹកដែលជាជម្រក សម្រាប់ត្រីពងកូនញាស់»។
រយៈពេលពីរបីថ្ងៃនេះ នៅត្រង់ចំណុចមាត់ទន្លេជិតគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ប្រជាពលរដ្ឋជាច្រើនទាំងមកពីទីជិតឆ្ងាយនោះបាននាំគ្នាមកទិញត្រីយកទៅធ្វើប្រហុក ផ្អក និងត្រីឆ្អើរ សម្រាប់បម្រុងទុកផ្គត់ផ្គង់ក្នុងជីវភាពគ្រួសាររបស់ពួកគេដែល ខ្លះទិញធ្វើនៅកន្លែង និងខ្លះយកទៅផ្ទះ និងមានឈ្មួញទិញយកទៅលក់បន្ត។
ប្រជាពលរដ្ឋមកពីឃុំមហាលាភ ស្រុកកោះសូទិន ដៃកំពុងកាត់ត្រីប្រហុកបាន និយាយថា ត្រីឆ្នាំនេះខ្សត់ហើយថ្លៃណាស់បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ត្រីឆ្នាំនេះល្អិតណាស់ស្ទើរ តែពេលកាត់ក្បាលចេញជាន់លេចតាមប្រហោងកន្ត្រក។
ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ថា គាត់បានទិញត្រីមួយគីឡូក្រាមក្នុងតម្លៃ២០០០រៀលចំពោះត្រីប្រហុកតូចៗ។ បើត្រីរាងធំបន្តិចមួយគីឡូក្រាមថ្លៃ៣០០០ រៀលសម្រាប់យកធ្វើផ្អក។
ជាមួយគ្នានេះការធ្វើប្រហុកផ្អកពីមួយឆ្នាំទៅមួយឆ្នាំ ត្រីកាន់តែខ្សត់ទៅៗហើយតូចៗទៀត បើថ្លៃបែបនេះពួកគាត់ធ្វើត្រីប្រហុក ផ្អក បានតិចតាមលទ្ធភាពដែលគាត់មានហើយទោះបីជាថ្លៃយ៉ាងណាក្តីបើមិនធ្វើអ្នកស្រែមានតែសង្ឃឹមលើប្រហុក ផ្អកនឹងហើយ ក្នុងការទុកដោះស្រាយជីវភាពនៅពេលចុះដកស្ទូង និងច្រូតកាត់។
មន្ត្រីជំនាញជលផលបានឲ្យដឹងថា មូលហេតុឆ្នាំនេះបានជាត្រីមិនសូវសម្បូណ៌ ហើយថែមទាំងតូចៗទៀតនោះគឺបណ្តាលមកពីទឹកទន្លេឆ្នាំនេះតូចណាស់តូចជាងបណ្តាឆ្នាំមុនៗ។ ត្រីអាចចាប់ផ្តើមត្រូវនៅចន្លោះពីថ្ងៃ១១ រហូតដល់ថ្ងៃ១៥កើតខែមិគសិរ បើមិនអញ្ចឹងទេគឺដល់ខ្នើតខែក្រោយគឺខែបុស្សអាចនឹងអាចសម្បូណ៌ជាងនេះ។
មន្ត្រីជំនាញផ្នែកជលផលបានឲ្យដឹងថា ការចាប់ផ្ដើមនេសាទត្រូវបានធ្វើជាបណ្ដើរៗដែរ ប៉ុន្តែជាធម្មតាត្រីនឹងចាប់ផ្ដើមត្រូវខ្លាំងគឺពីពាក់កណ្ដាលខែធ្នូឆ្នាំ២០១៥ ទៅដល់ពាក់កណ្ដាល ខែមករា ឆ្នាំ២០១៦ បើចន្លោះខែនេះត្រីមិនត្រូវខ្លាំងទេនោះត្រីនឹងខ្សត់ហើយ៕