ខេត្តសៀមរាប : តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែនត្រូវបានក្រុមហ៊ុននគរគោកធ្លករបស់អ្នកឧកញ៉ា សៀង ណាំ ដែលទទួលបានសិទ្ធិវិនិយោគសម្រេចបញ្ចប់ការវិនិយោគរបស់ខ្លួន និងស្ម័គ្រចិត្តប្រគល់ជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បន្ទាប់ពីមានការសម្របសម្រួល និងឯកភាពគ្នារវាងក្រសួងបរិស្ថាន និងក្រុមហ៊ុននគរគោកធ្លកកាលពីពេលថ្មីៗ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងតំបន់ឧទ្យានជាតិនេះ ហើយស្ថាប័នពាក់ព័ន្ធនានាក្នុងនោះមានអាជ្ញាធរអប្សរានឹងទទួលភារកិច្ចក្នុងការពង្រឹងការងារគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌ និងទេសចរណ៍រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិនៅភ្នំគូលែននេះ។ ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងចុះរបស់ប្រជាជនអ្នកអភិរក្សអ្នកស្រាវជ្រាវនិងភ្ញៀវទេសចរ អាជ្ញាធរ អប្សរានឹងធ្វើការសាង់សង់ផ្លូវចុះពីចំណុចព្រះអង្គធំនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។
នៅចំពោះមុខនេះ ដោយធ្វើកិច្ចសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចក្នុងនោះរួមទាំងសាលាខេត្តសៀមរាបយោធភូមិភាគ៤ និងអាជ្ញាធរមូលដ្ឋានផងនោះក្រសួងបរិស្ថាននឹងដឹកនាំគណៈកម្មការវាយតម្លៃ និងដោះស្រាយការផ្ទេរចុះពីលើភ្នំនូវកងទ័ព គ្រួសារកងទ័ព និងប្រជាជនទាំងអស់ ដែលបានចូលទៅតាំងទីលំនៅលើភ្នំជាលក្ខណៈអនាធិបតេយ្យនាពេលកន្លងទៅ។
សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC Angkor) បានកោតសរសើរនិងលើកទឹកចិត្តដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តគម្រោងក្នុងការអភិវឌ្ឍផែនការមេក្នុងការគ្រប់គ្រងនិងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរប្រកបដោយចីរភាពក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន នៅក្នុងពេលបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៥និងប្រជុំពេញអង្គលើកទី២២រ បស់ខ្លួនកាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១៥ នាសាលសន្និសីទអង្គរមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា៕