រាជធានីភ្នំពេញ : បុរស២នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យលោក ដើម្បីសង្គ្រោះបន្ទាប់ពីបើកបរម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកុងតឺន័របើក កៀរនៅចំណុចរោងចក្រប៊ឺរី។ ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវអូរដឹមកប់ស្រូវ មុខរោងចក្រប៊ឺរី ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ក្រោយហេតុការណ៍គ្រោះថ្នាក់នេះភ្លាមៗ ផងដែរ គេបានប្រទះឃើញកូនក្រកមួយ(មាននៅប្រឡាក់ឈាម) ស្ថិតនៅក្បែរបុរសរងគ្រោះដែលសមត្ថកិច្ចសង្ស័យថា ជារបស់បុរសរងគ្រោះទាំងពីរនាក់នោះ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានសារព័ត៌មានកំណើតថ្មីដឹងថា នៅមុនពេលកើតគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់វីរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1G-0130 ជិះតាម បណ្តោយផ្លូវអូរដឹមស្រូវ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះជិះមកដល់ចំណុចកើតហេតុក៏មានរថយន្តកុងតឺន័រម៉ាក ហ៊ីយាន់ដាយក្បាលពណ៌ទឹកប៊ិច១គ្រឿងពាក់ស្លាកលេខភ្នំពេញ3B-4156 បើកចេញពីផ្លូវលំ ទល់មុខរោងចក្រប៊ឺរី ឆ្លងផ្លូវបេតុងបានបន្តិចក៏ទៅបុកចំម៉ូតូ បុរសទាំង២នាក់ បណ្តាលឲ្យដួលបោកក្បាលទៅថ្នល់ហូរឈាមសន្លប់ស្តូកស្តឹង ហើយនៅក្បែរខ្លួនបុរសរងគ្រោះទាំង២នាក់គេឃើញមានទារិកា អាយុប្រហែល៣ខែ ខ្ចប់កន្សែងសច្រកក្នុងថង់ធ្វើឲ្យប្រជាពលរដ្ឋដែលចោមរោមមើលហេតុមានការងើយឆ្ងល់គ្រប់ៗគ្នា។ ជនរងគ្រោះទាំង២នាក់នៅមិនទាន់គេស្គាល់អត្តសញ្ញាណនៅឡើយទេ។
បើតាមសម្តីស្ត្រី២នាក់ដែលស្គាល់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះម្នាក់មានប្រពន្ធហើយមានផ្ទៃពោះ៦ខែ និងជនរងគ្រោះម្នាក់ទៀតមានសង្សារជានារីបម្រើការក្នុងក្លឹបកម្សាន្តម្នាក់ហើយសង្ស័យ ថាមានផ្ទៃពោះ៣ទៅ៤ខែ ហើយទារិកានេះប្រហែលជាកូនរបស់ជនរងគ្រោះជាមួយសង្សារ ដែលទើបនិងលេបថ្នាំទម្លាក់ ហើយប្រហែលជាចង់យកទៅបោះចោល ពីព្រោះជនរងគ្រោះ និងសង្សាររួម និងស្ត្រីនាក់ដែលរៀបរាប់ប្រាប់ជាអ្នកជួលបន្ទប់ក្បែរគ្នា។ តែពេលជិះម៉ូតូមកដល់ទីនេះក៏ជួបគ្រោះថ្នាក់ចរចរបែបនេះតែម្តង។ ភ្លាមរថយន្តបង្ករនិងតៃកុងត្រូវបានសន្តិសុខនៅក្បែរនោះដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុរថយន្តក្លីនិកឯកជន គីម សុង ដែលតែងលោតឆ័ត្រចេញទៅដឹកជនរងគ្រោះយកទៅសង្គ្រោះ ហើយសមត្ថកិច្ចជំនាញចរាចរក្រុង បានធ្វើការវាស់វេងនាំយកម៉ូតូ និងរថយន្តបង្ករទៅទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយ៕
អត្ថបទ និងរូបភាព ៖ បណ្តាញសង្គម TVFB