រាជធានីភ្នំពេញ : កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន ចោរម្នាក់ដែលបានលួចរថយន្តម៉ាក Range Rover នៅខាងក្រោយណាហ្គា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួច កាលពីថ្ងៃទី២៤ ខែវិច្ចកា ឆ្នាំ២០១៥ កន្លងទៅនៅចំណុច ហាងម៉ាស្សាឡាក់គី សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងជនសង្ស័យឈ្មោះ ហេង ថៃ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩៨ ខណ្ឌ៧មករា ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ខែធ្នូ។ ក្រោយចាប់ខ្លួនកម្លាំងអាវុធហត្ថបានដកហូតរថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AD-2622 របស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានយកទៅ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ថែមចាត់វិធានការតាមនីតិវិធីច្បាប់៕