រាជធានីភ្នំពេញ : កូឡាបមួយទងដែលមានដើមកំណើតពីខេត្តបាត់ដំបង និងពេញវ័យនៅទីក្រុងភ្នំពេញ បានតស៊ូអស់រយៈពេលជាង២ឆ្នាំ តាមរយៈទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ត្រកាល បានធ្វើឲ្យតារាសម្តែង និងបង្ហាញម៉ូដ កញ្ញា គឹម ស៊ីវឡាម ហៅ កាកា ដណ្តើមបាននូវទីផ្សារការងារកាន់តែច្រើននាចុងឆ្នាំ២០១៥ប្រៀបដូចបុប្ផាដែលកំពុងត្រូវទឹកសន្សើម។
ក្រោយប្រឡូកចូលវិថីសិល្បៈនាចុងឆ្នាំ២០១៣ តារាវ័យ១៨ ឆ្នាំ កាកា ហាក់មានទីផ្សារការងារសិល្បៈកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ គួរឲ្យកត់សម្គាល់នេះ ក៏ដោយសារតែរូបសម្ជស្សដ៏ស្រស់សោភា ប្រកបដោយមានមន្តស្នេហ៍ពីធម្មជាតិ រួមផ្សំជាមួយទេពសល្យដ៏ប៉ិនប្រសប់មិនចាញ់តារាជើងចាស់ និងការតស៊ូដោយក្តីស្រឡាញ់ដ៏ឥតគណនាលើវិស័យមួយនេះជាហេតុធ្វើឲ្យ ស៊ីវឡាម ទទួលបាននូវការគាំទ្រដ៏លើសលុប និងការចាប់អារម្មណ៍មិនអាចរំលងបានពីបណ្តាផលិតករនានា បើធៀបទៅនឹងមិត្តរួមអាជីពស្រករនាង។
រាល់ភាពជោគជ័យទាំងនេះហើយ ដែលធ្វើឲ្យនាងមានកម្លាំងចិត្តយ៉ាងមុតមាំ ឈរលើសង្វៀនសិល្បៈដែលប្រកបដោយការប្រកួតប្រជែងមួយនេះ ដោយនាងបានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទើបញ៉ាំងចិត្តនាងឲ្យកាន់តែស្រឡាញ់សិល្បៈជាពិសេសនៅចុងឆ្នាំ២០១៥ នេះតែម្តង។
សមិទ្ធិផលផលសិល្បៈរបស់នាងរួមមាន ការសម្តែងកាយវិកាខារ៉ាអូខេជាច្រើនបទឱ្យបណ្តាផលិតកម្មធំៗ រួមមាន ផលិតកម្មថោន ផលិតកម្ម M ជាដើម ដូចជា ក្នុងនោះ មានដូចជាបទ “ អូនទេជាអ្នកឈឺខ្លាំង” ច្រៀងដោយយ៉ាងដា បទ “ លង់ស្នេហ៍សុភាពបុរស “ ច្រៀងដោយ អែមមី -ល-។ រីឯការដើរម៉ូដវិញ ស្ទើរតែគ្រប់កម្មវិធីតូចធំ តែងតែមានមុខកញ្ញាជានិច្ច។ លើសពីនេះ គឺម ស៊ីវឡាម ក៏លេចមុខក្នុងស្ពតពាណិជម្មផ្សេងៗដូចជា ស្ពតទឹកផ្លែឈើ យ៉ូស ជាដើម។
ចំណែករឿងបេះដូងវិញ របស់ កញ្ញា គឹមស៊ីវឡាមវិញ តារាដែលសម្រស់ដ៏ផូផង់រូបនេះ នាងបានបញ្ជាក់ថា ពុំទាន់មានសង្សារនៅឡើយទេ តែផ្ទុយវិញ អ្នកដែលតាមស្រឡាញ់តារាដ៏មានមន្តស្នេហ៍រូបនេះ ក៏ប្រហែលជាមិនតិចនាក់ដែរ។ ចំពោះគោលបំណងទៅអនាគតនាងចង់បើកភោជនីយដ្ឋាន និងហាងលក់សំលៀកបំពាក់៕