រាជធានីភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះថា បន្ទាប់ពីតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបាននឹង កំពុងទទួលឥទ្ធិពលពី ខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រទីភ្នាក់ងារ AKP។
សេចក្តីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និងឧតុនិយមបានឱ្យដឹងថា តាមការព្យាករណ៍ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ជ្រលងសម្ពាធខ្ពស់នេះនឹងបង្កើនឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រ កម្ពុជា ជាពិសេស នៅតំបន់ខ្ពង់រាប និងទំនាបកណ្តាលភាគពាយ័ព្យនៃប្រទេស។ កត្តាទាំងនេះនឹង ធ្វើឱ្យសីតុណ្ហភាពចុះត្រជាក់នៅបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមា មានពី១៨-២០អង្សា និងអតិបរមា មានពី ២៥-២៧ អង្សា។ រីឯខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី១៧-១៨ អង្សា និងអតិបរមា មានពី ២៣-២៤ អង្សា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនជ្រាបជាព័ត៌មាន និងសូមឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពអាកាសធាតុត្រជាក់នេះ និងត្រូវបង្កើននូវការយកចិត្តទុកដាក់ ដើម្បីចៀស វាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕