រាជធានីភ្នំពេញ : លោកញ៉ែម អេន អតីតអ្នកថតរូបក្នុងគុកទួលស្លែង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងសមាជិកសកម្មរបស់គណបក្សសង្គ្រោះជាតិប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រកាសលាលែងពីគណបក្សរបស់ខ្លួនហើយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយការចាកចេញនេះបានធ្វើឡើងនៅក្នុងធ្វើសន្និសីទកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារ ភ្នំពេញ ក្នុងរាជធានីភ្នំពេញ។
ការប្រកាសផ្តាច់ខ្លួនចេញពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដោយ លោក ញ៉ែម អេន មើលឃើញថា គណបក្សសង្គ្រោះជាតិ មិនទាន់កាន់អំណាច គិតតែអាត្មានិយម បក្ខនិយម និងពុករលួយទៅហើយ ពោលគឺគណបក្សសង្គ្រោះជាតិកែមិនឡើងទេ។
ថ្លែងនៅក្នុងសន្និសីទកាសែតនោះ លោក ញ៉ែម អេន បានបញ្ជាក់ពីមូលហេតុដែលលោកបានសម្រេចចាកចេញពីគណបក្សសង្គ្រោះជាតិមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺដោយសារតែលោកអស់ជំនឿ លើលោកសម រង្ស៊ី និងលោកកឹម សុខា ដឹកនាំគណបក្សប្រកាន់បក្ខពួកគ្រួសារនិយម ហើយសម្រាប់គណបក្សសង្គ្រោះជាតិនៅ ខេត្តឧត្តរមានជ័យមានការច្របូលច្របល់ គិតតែពីតួនាទីបុណ្យសក្តិប្រកាន់បក្ខពួកខាងលោក សម រង្ស៊ី និងខាងលោក កឹមសុខា អាត្មានិយមដែលទង្វើនេះហើយធ្វើ ឲ្យលោកមិនអាចទទួលយកបានហើយមិនមែនមានតែខេត្តឧត្តរមានជ័យច្របូកច្របល់ទេគឺនៅតាមបណ្តាខេត្តមួយទៀតក៏ច្របូកច្របល់ដែរមិនទាន់បានកាន់អំណាចផង ប៉ុណ្ណឹងហើយចុះទម្រាំបានកាន់អំណាចទៀតម៉េចទៅ។ លោកបន្តថា ការដែលលោកលាឈប់ពីគណបក្សសង្គ្រោះជាតិ គឺជាជម្រើសចុងក្រោយដែលលោកបានមើលឃើញពីទង្វើដឹកនាំរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនអត់មានតម្លាភាពអត់មានតុល្យភាព។
លោក ញ៉ែម អេន បានលើកឡើងទៀត ថា “គណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី ឲ្យតែមានបញ្ហាអ្វីបន្តិចបន្តួចរត់ទៅក្រៅប្រទេសបាត់មិនហ៊ានប្រឈមមុខជាមួយច្បាប់ហើយខ្ញុំសូមថ្លែងអំណរគុណគណបក្សប្រជាជនកម្ពុជាដែលបានទទួលរូបខ្ញុំ ឲ្យបានចូលបម្រើការងារនៅគណបក្សប្រជាជន និងជាពិសេសក្នុងជួររាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍនិងស្ថាបនាជាតិ សំខាន់ បំផុត គឺវិស័យទេសចរណ៍ខ្ញុំនឹងខិតខំរៀបចំតំបន់អន្លង់វែងនេះ ឲ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយទាក់ទងរូបថត ប៉ុល ពត, អៀង សារី, ខៀវ សំផន ដើម្បីឲ្យពិភពលោកគេមកសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាហើយខ្ញុំសហការជាមួយរដ្ឋាភិបាលដើម្បីបំបាត់ភាពក្រីក្រ។ លោក ញ៉ែម អេន បានបញ្ជាក់ទៀត ថា លោកបានចូលរួមជាមួយគណបក្សប្រ ជាជនកម្ពុជា គឺលោកប្តេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីឲ្យមានកំណើនវិស័យទេសចរណ៍នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សូមបញ្ជាក់ថា លោក ញ៉ែម អេន គឺជាអតីតអ្នកថតរូបម្នាក់នៅទទួលស្លែង(ស-២១) នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលមានកាំងហ្គេចអ៊ាវ ហៅឌុច ជាប្រធាន។
លោកញ៉ែម អេន បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ ហើយមុនចូលរួមនយោបាយជាមួយគណបក្សសង្គ្រោះជាតិ លោក ញ៉ែម អេន មានតួនាទីជាអភិបាលរងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ លោក កឹម សុខា ប្រធានគណបក្សស្តីទីបានចុះហត្ថលេខាលើសេចក្តីសម្រេចតែងតាំងលោក ញ៉ែម អេនជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តឧត្តរមានជ័យ៕