គួរយល់ដឹង : មិនថា តែនៅក្នុងប្រទេសកម្ពុជាទេ នៅបណ្តាប្រទេសជឿនលឿននានា ក្តីការធ្វើអត្តឃាតតែងតែកើតមាន។ សម្រាប់ប្រទេសកម្ពុជា វិញ សារព័ត៌មានមួយចំនួនបានចុះផ្សាយយ៉ាងច្រើនអំពីការធ្វើអត្តឃាតនេះ។ មានមនុស្ស មួយចំនួនសម្រេចបញ្ចប់ជីវិតរបស់ខ្លួនដោយ ការធ្វើអត្តឃាត អ្នកខ្លះក៏ធ្វើបានសម្រេច អ្នកខ្លះទៀតត្រូវបានសង្គ្រោះទាន់ពេលវេលា ។ តើមូលហេតុអ្វី ទើបជំរុញឲ្យមានការធ្វើអត្តឃាត? ថ្ងៃនេះសារព័ត៌មានកំណើតថ្មី នឹងបង្ហាញលោកអ្នកដែលជាប្រិយមិត្តតាមដាន និងស្វែងយល់ទាំងអស់គ្នា ដូចខាងក្រោម ៖
+មូលហេតុធ្វើអត្តឃាត
១-ជំងឺផ្លូវចិត្ត : គេច្រើនឃើញបុគ្គល ជំងឺផ្លូវចិត្តមួយចំនួនធ្វើអត្តឃាត ដូចជាអ្នក មានជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរិតជាដើម។ លោកអ្នកអាចឈ្វេងយល់ពីជំងឺផ្លូវចិត្តទាំងនេះ។
២-ជំងឺផ្លូវកាយរ៉ាំរ៉ៃ : បុគ្គលដែលមាន ជំងឺផ្លូវកាយរ៉ាំរ៉ៃ ដូចជាអ្នកជំងឺរបេង អ្នកជំងឺអេដស៍ អ្នកជំងឺមហារីកជាដើម។ អ្នកជំងឺទាំង នោះអាចប៉ុនប៉ងធ្វើអត្តឃាតដោយសារគាត់ មិនអាចទ្រាំបាននឹងសភាពជំងឺដែលធ្ងន់ធ្ងរ។
៣-ការប្រើគ្រឿងញៀន ឬគ្រឿងស្រវឹង : ការសេពគ្រឿងញៀន និងគ្រឿងស្រវឹងនានាក៏ អាចជាកត្តាងាយធ្វើឲ្យបុគ្គលនោះឈានទៅរកការធ្វើអត្តឃាតផងដែរ។ កត្តាសេពគ្រឿងញៀនខ្លះអាចបណ្តាលមកពីបុគ្គលនោះ មានជំងឺផ្លូវចិត្តរួចស្រេចទៅហើយដូចជាជំងឺធ្លាក់ទឹកចិត្ត ជាដើមដែលធ្វើឲ្យគាត់ងាយទៅរកការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង។
៤-ការមានប្រតិកម្មជាមួយព្រឹត្តិការណ៍ជុំវិញខ្លួន : ការរស់នៅមិនចុះសម្រុងគ្នា ការបង្ខិតបង្ខំ ការខកចិត្តខាតបង់ប្រាក់កាស ក្នុងកិច្ចការ រកស៊ី បាត់បង់តំណែង និងបាត់បង់មនុស្សជា ទីស្រឡាញ់ជាកត្តាដែលនាំឲ្យបុគ្គលមិនសប្បាយចិត្ត និងជំរុញឲ្យមានការធ្វើអត្តឃាត។ តាមការប៉ាន់ស្មានអ្នកធ្វើអត្តឃាតច្រើនតែជាវ័យជំទង់ ស្ត្រីធ្វើអត្តឃាតច្រើនជាងបុរស។
ផ្ទុយទៅវិញចំពោះមនុស្សវ័យចំណាស់ គេសង្កេតឃើញមានបុរសធ្វើអត្តឃាតច្រើនជាងស្ត្រី។ ប៉ុន្តែការប៉ុនប៉ងរបស់មនុស្សប្រុសច្រើនមានលក្ខណៈសាហាវ និងច្រើនតែធ្វើអត្តឃាតបានសម្រេចជាងមនុស្សស្រីក្រោមរូបភាពជា ការអារកបាញ់សម្លាប់ខ្លួនឯងជាដើម។
+ផលវិបាកនៃការធ្វើអត្តឃាត
សម្រាប់បុគ្គលដែលធ្វើអត្តឃាតមិនបានសម្រេចនោះ មិនមែនជាបញ្ហាចោទឡើយ ។ ប៉ុន្តែប្រសិនបើបុគ្គលនោះធ្វើអត្តឃាតបានសម្រេចវិញ ផលវិបាកយ៉ាងធំធេងនឹងកើតមានឡើង ជាពិសេសលើក្រុមគ្រួសាររបស់បុគ្គលនោះផ្ទាល់តែម្តង។ ព្រោះថា ការបាត់បង់សមាជិកគ្រួសារណាម្នាក់នឹងធ្វើឲ្យមានការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង។
អ្នកទាំងនោះអាចឈានទៅកើតជំងឺធ្លាក់ទឹកចិត្ត ការសម្លាប់ខ្លួន ដូចដែលមានអ្នកនោះជាគំរូស្រាប់។ ម្យ៉ាងវិញទៀត ប្រសិនបើបុគ្គលដែលធ្វើអត្តឃាតនោះជាបុគ្គលជំហរនៅក្នុងគ្រួសារទៀតនោះ នាំឲ្យបញ្ហា រឹតតែធ្ងន់ធ្ងរឡើង។ កូនៗអាចកំព្រារស់នៅមិនមានភាពកក់ក្តៅរងនូវបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរប៉ះពាល់ដល់សតិបញ្ញាស្មារតីរបស់គេ។ លើសពីនេះទៅទៀត កូនកំព្រាក្លាយជាបញ្ហាដ៏ធំសម្រាប់សង្គមជាតិ និងកិត្យានុភាពរបស់ប្រទេសជាតិផងដែរ។ តើសង្គមជាតិត្រូវដោះ ស្រាយយ៉ាងណា?
+វិធានការដោះស្រាយទប់ទល់ការធ្វើអត្តឃាត
ប្រសិនបើមានបញ្ហាដែលជាមូលហេតុ និងផលវិបាកនៃការធ្វើអត្តឃាត គួរដោះស្រាយ ទៅតាមបញ្ហានីមួយៗដែលកើតមានឡើង។ ប្រសិនបើមានការមិនសប្បាយចិត្ត ឬខកចិត្តនឹង បញ្ហាអ្វីមួយដែលនៅជុំវិញខ្លួន ត្រូវពិគ្រោះ យោបល់ជាមួយអ្នកដែលមានបទពិសោធច្រើននៅក្នុងជីវិត។ អ្នកទាំងនោះអាចជាឪពុក ម្តាយមិត្តភ័ក្តិជាដើម ដើម្បីលើកយកបញ្ហាមកដោះស្រាយ។ ប្រសិនបើមានការប៉ុនប៉ង ធ្វើអត្តឃាតដោយសារមានជំងឺជាអាណាព្យា បាលត្រូវបញ្ជូនអ្នកជំងឺទៅជួបគ្រូពេទ្យឯកទេស ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា ព្រមទាំងត្រូវមានការលើកទឹកចិត្តពីសំណាក់គ្រូពេទ្យ ឯកទេស និងញាតិសន្តានផងដែរ៕
រូបតំណាង