រាជធានីភ្នំពេញ : រថយន្តស៊េរីទំនើបៗចំនួន៤គ្រឿងអត់មានពន្ធនាំចូលតែមានស្លាកលេខ ត្រូវបានកម្លាំងគយចល័តចាប់តាមផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌ ចំនួន៤ផ្សេងគ្នានៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ។ ប្រតិបត្តិការបង្ក្រាបរថយន្តស៊េរីទំនើបអត់មានពន្ធនាំចូលតែមានស្លាកលេខនេះដឹកនាំផ្ទាល់ដោយ លោកលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវបទល្មើសគេចពន្ធ ហៅគយចល័ត រួមជាមួយលោក ស្រី សុធី អនុប្រធាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមសម្របសម្រួលដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ។
លោក ព្រាប គារ៉ាត់ ដែលដឹកនាំកម្លាំងគយចល័តចុះចាប់រថយន្តស៊េរីទំនើបទាំង៤គ្រឿងអត់ពន្ធនេះបានប្រាប់ឲ្យសារព័ត៌មានកំណើតថ្មីដឹងថា រថយន្តស៊េរីទំនើបទាំង៤គ្រឿង ដែលចាប់បាននៅពេលនេះមាន ទី១-រថយន្តម៉ាក ឡិចស៊ីស ៣៥០ ពណ៌ស ស៊េរីឆ្នាំ២០១០ ចាប់បាននៅភោជនីដ្ឋានដើមចំប៉ា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ, ទី២-រថយន្តម៉ាក កាមរី ស៊េរីឆ្នាំ២០១៤ ចាប់បាននៅម្តុំវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី៣-រថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស ចាប់បាននៅភោជនីដ្ឋានសមុទ្រខៀវ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងទី៤-រថយន្តម៉ាក ហាយលែនឌ័រ ចាប់នៅម្តុំផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
ប្រភពដដែលបានបន្តទៀតថា បច្ចុប្បន្ននេះកម្លាំងគយចល័តបានដឹងថានៅមានរថយន្តជាច្រើនគ្រឿង ទៀតបាននឹងកំពុងលាក់ទុកនៅក្នុងផ្ទះ ឬភូមិគ្រឹះ ហើយកម្លាំងគយចល័តនឹងបន្តចុះចាប់ទៅដល់គេហដ្ឋាន ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តមិនព្រមយករថយន្តមកបង់ពន្ធតាមផ្លូវច្បាប់ទេនោះ។
ទោះបីជាយ៉ាងណានាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់មេត្តារួសរាន់មកធ្វើការ បង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីចៀសវាងការចុះចាប់ដល់គេហដ្ឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយស។ ក្រោយពេលចាប់បាន រថយន្តស៊េរីទំនើបអត់ពន្ធទាំង៤គ្រឿងត្រូវបានយកទៅរក្សាទុកនៅមជ្ឈមណ្ឌលឃ្លាំងគយចល័ត។
ជុំវិញករណីនេះ មានមតិជាច្រើនបានលើកឡើងថា តើអង្គភាពប្រឆាំងអំពើពុករលួយ អាចរកឃើញមន្ត្រីគយ ដែលស៊ីលុយឡាន រត់ពន្ធទាំងនោះ បានដែរទេ ? តើលោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ នឹកមិនឃើញ ពីកំហុសរបស់មន្ត្រីគយ នៅតាមច្រកដែលឃុបឃិត ឲ្យឡានរត់ពន្ធហូរចូល ឬបែបណា ? ដើម្បីអោយច្បាប់របស់យើង អាចមានតម្លាភាព លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវតែវែកមុខ និងចាប់មន្ត្រីគយ ដែលឃុបឃិត ស៊ីលុយឈ្មួញរត់ពន្ធឡាន ទាំងនោះ ហើយបង្ហោះព័ត៌មាន ចេញមកផង៕