រយៈពេលប៉ុន្មានខែកន្លងមកនេះគេសង្កេតឃើញថា យុវវ័យកម្ពុជាកំពុងតែមានភាពលេចធ្លោនូវរឿងរ៉ាវគ្រោះថ្នាក់ចម្លែកៗ ដែលនេះវាបានសបញ្ជាក់ និងបង្ហាញឲ្យឃើញតាមអាកប្បកិរិយា របស់បណ្តាយុវជនទាំងនោះ។ នេះសរបញ្ជាក់ឲ្យឃើញពីបញ្ហានាំមកនូវភាពស្រុតចុះនៃសីលធម៌សង្គមនិងកិត្តិយសរបស់ប្រទេសជាតិ។ បញ្ហាទាំងនោះមានដូចជា អំពើកាប់ចាក់ បាញ់ប្រហារ ចាប់ចង កាប់សម្លាប់គ្នា ការធ្វើអត្តឃាតខ្លួនឯង ការវាយតប់គ្នាតាមទីសាធារណៈ ឬតាមសាលា ដោយសាររឿងសេ្នហា អំពើផិតក្បត់ អំពើលួចប្លន់ និងអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងនិងអ្នកដទៃជាដើម។
រាល់អំពើ និងភាពសកម្មភាពទាំងឡាយដែលបានបង្ហាញជូនប្រិយមិត្តអ្នកអានខាងលើនេះសុទ្ធសឹងតែជាសកម្មភាពមួយដែលគេបានឃើញនិងបាន ឮជារៀងរាល់ថ្ងៃតាមរយៈបណ្តាទំព័រកាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រសារព័ត៌មាន និងជាពិសេសតាមបណ្តាញអេឡិចត្រូនិចសង្គមហ្វេសប៊ុក(Facebook)ផងដែរ។គ្រប់បញ្ហាអស់ទាំងនេះ វាក៏អាចបង្ហាញឱ្យយើងដឹងពីវិបត្តនៃសីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរដែលទាមទារឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាជាពិសេសយុវជនចូលរួមកែប្រែស្ថានការណ៍ជាបន្ទាន់ដើម្បីបញ្ចៀសសង្គមចេញពីគ្រោះថ្នាក់។
គ្រប់ពេលដែលគេបើកទំព័រកាសែតឡើង គ្រប់កាសែតក្នុងស្រុក និងបណ្តាញផ្សាយព័ត៌មានផ្សេងៗ តែងតែលើកយកបញ្ហាដែលគេឃើញ និងឮជាញឹកញាប់នឹងមុនគេនោះ គឺបញ្ហាសន្តិសុខសង្គមនេះតែម្តង។ មានរឿងចម្លែកៗ ជាច្រើនប្រភេទដែលរឿងខ្លះវាហាក់បីដូចជាមិនគួរធ្វើឲ្យយើងគ្រប់គ្នា ជឿតែបែរជាបានកើតឡើងជារៀងរាល់ថ្ងៃ។ ឪពុករំលោភកូន បងសម្លាប់ប្អូន កូនវាយឪពុកម្តាយ ប្តីវាយធ្វើបាប ឬសម្លាប់ប្រពន្ធ ការលោតទឹកសម្លាប់ខ្លួន ដោយសារស្នេហាស្មោះស្ម័គ្រ ឬដោយសារស្នេហាត្រីកោណ គ្រោះថ្នាក់ចរាចរណ៍ ការស្លៀកបំពាក់ខ្លីនិយមតាមស្ទាយអរិយប្រទេស ឬដែលគេស្គាល់ និងល្បីក្នុងស្រុកខ្មែរជាងគេ គឺយកស្ទាយតាមកូរ៉េជាដើម ដែលបញ្ហាទាំងនេះសុទ្ធតែជារឿងលែងចម្លែកទៀតហើយនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ។
ក្រៅពីនេះការអួតអាងអំណាច ដោយវាយធ្វើបាបអ្នកទន់ខ្សោយ ពីសំណាក់មន្ត្រីមានបុណ្យស័ក្តិមួយចំនួនក៏កំពុងតែ បន្ថែមទម្ងន់ទៅលើបញ្ហារាប់រយជំពូកដូចជា អំពើលួចប្លន់ កាប់សម្លាប់គ្នាតាមផ្លូវ និងការបើកបរមិនទទួលខុសត្រូវក្រោមឥទ្ធិពលជាតិស្រវឹង ដែលសម្លាប់មនុស្សជារៀងរាល់ដែលថ្ងៃកំពុងតែធ្វើឲ្យបរិយាកាសសង្គមបាត់ភាពផូរផង់ និងសីលធម៌ សង្គមរស់នៅរបស់ប្រជាជននៅក្នុងប្រទេសមួយនេះកាន់តែធ្លាក់ចុះដុនដាបទៅៗផងដែរ។
ជាមួយគ្នានេះមានយុវនារី និងស្ត្រីខ្មែរមួយចំនួនប្រព្រឹត្តខ្លួនដូចជាមនុស្សប្រុសដើរលេងដល់យប់ជ្រៅ ឬជួនកាលមិនចូលដេកផ្ទះក៏មាន។ ស្ថិតក្នុងស្ថានភាពបែបនេះគេមិនគួរឱបដៃមើលនោះទេ។ក្រុមអ្នកវិភាគស្ថានការណ៍សង្គមកម្ពុជាបានមើលឃើញថា ការលើកកម្ពស់តម្លៃសីលធម៌សង្គម គឺជាការងារចាំបាច់មួយដែលមិនអាចមើលរំលងបានឡើយនៅក្នុងប្រទេសកម្ពុជា។ នៅពេលនេះគឺត្រូវដល់ពេលដែលយើងជាជនជាតិខ្មែរនាំគ្នាតម្រង់ទិសសង្គមរួមគ្នានិងត្រូវចាប់ផ្តើមធ្វើសកម្មភាពឡើងហើយ។
ការបង្ហាញគំរូល្អៗ ពីសំណាក់អ្នកមានឥទ្ធិពលក្នុងសង្គមរាប់ទាំងអ្នកមានអំណាច និងមានប្រាក់ គឺជាប្រការទី១ដែលត្រូវធ្វើតាមរយៈការគោរពច្បាប់និងការអនុវត្តច្បាប់និងការបង្ហាញសីលធម៌ឥរិយាបថថ្លៃថ្នូរដល់ប្រជាពលរដ្ឋសាមញ្ញ។ ក្រៅពីនោះអ្នកមានឥទ្ធិពលនិងមានលទ្ធភាពទាំងឡាយគួររួមសហការគ្នាបង្កើតយុទ្ធនាការលើកស្ទួយសីលធម៌សង្គមតាមគ្រប់រូបភាពដែលអាចធ្វើបានដូចជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយឬតាមរយៈសិល្បៈជាដើម។ មិនត្រឹមតែអ្នកមានឥទ្ធិពលនោះទេប្រជាជនទូទៅក៏ត្រូវនាំគ្នាចូលរួមឲ្យបានសកម្មខ្លាំងផងដែរក្នុងបញ្ហាដូចគ្នាខាងលើនេះ។ ការសាបព្រោះវប្បធម៌អហិង្សានិងសន្តិភាពក្នុងចំណោមអ្នកមានអំណាចនៅក្នុងសង្គមរាប់ដល់ប្រជាពលរដ្ឋសាមញ្ញក៏ជារឿងសំខាន់មួយទៀតផងដែរក្នុងការបណ្តុះផ្តត់ផ្នត់គំនិតសន្តិភាពសង្គមនិងសន្តិភាពផ្លូវចិត្តជូនចំពោះគ្នាទៅវិញទៅមក។
ចុះចំពោះអ្នក គឺជាយុវជន យុវតីជាសសរទ្រូងរបស់ជាតិនិងជាប្រជាពលរដ្ឋរបស់ប្រទេសអច្ឆរិយៈកម្ពុជា តើអ្នកគួររៀបចំខ្លួនបែបណាដើម្បីជៀសវាងនៃអំពើខាងលើនេះ? ឬក៏អ្នកចង់ឃើញសង្គមរបស់ប្រទេសអច្ឆរិយៈមួយនេះមានការស្រុតចុះនៃសីលធម៌សង្គមបន្តទៀតឬ? (គឺវាមានតែចាប់ផ្តើមពីខ្លួនអ្នកតែប៉ុណ្ណោះ)