បច្ចុប្បន្នសម្រាប់យុវវ័យនៅក្នុងទីក្រុងភាគច្រើន ដែលប្រើប្រាស់ទូរស័ព្ទ(smart phone)ទំនើបៗ ហើយយើងឃើញមានការប្រើប្រាស់របស់ពួកគេ មានគោលបំណងធំសឹងតែគ្រប់ៗគ្នា គឺមានតែមួយប៉ុណ្ណោះគឺផ្តល់ភាពងាយស្រួលក្នុងការលេងFacebook។
វាជាការពិតណាស់ដែលយុវវ័យខ្មែរភាគច្រើនកំពុងតែប្រើប្រាស់បណ្ដាញសង្គមដ៏ពេញនិយមមួយនេះ ទោះបីជាអ្នកខ្លះមានគណនី(Account)ប្រើប្រាស់ដល់ទៅលើសពី២ក៏ដោយ។ តែអ្នករាល់គ្នាដឹងថាបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ (Facebook)វាប្រៀបបានដូចជាសង្គមមួយទៅហើយ ដោយសារតែមានបណ្ដុំអ្នកប្រើប្រាស់ច្រើនដូចនេះវាតែងតែមានបញ្ហាអវិជ្ជមានមួយចំនួនក្នុងការប្រើប្រាស់ដូចជា ការចែកចាយរូបអាសអាភាស ហើយមាននារីស្អាតក្មេងៗ ថតរូបបង្អួតដើមទ្រូង គល់ភ្លៅ និងអាចទៅដល់ថ្នាក់ស្រាតថតដើម្បីបង្អួតមនុស្សគ្រប់គ្នាក្នុង Facebook ទៀតផង។ បញ្ហានេះកំពុងតែទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់យុវវ័យខ្មែរមួយចំនួនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ។
ចំពោះបញ្ហានេះយុវនិស្សិត ហេង ពិសិដ្ឋ បានលើកឡើងឲ្យសារព័ត៌មានកំណើតថ្មីដឹងថា "ការពិតទៅទាំងអស់គ្នាដឹង ខ្ញុំក៏ដឹងថា សង្គមខ្មែរយើងមានបរិបទនៃការរស់នៅមួយ ដែលគេនិយាយប្រកាន់ហើយរាល់ការបង្ហោះរូបស៊ិចស៊ីស្រើបស្រាលពេញបណ្តាញសង្គមនេះ ខ្ញុំក៏ប្រកាន់ដូចគ្នា ព្រោះខ្ញុំក៏ជាអ្នកប្រើប្រាស់ម្នាក់ដែរ ប៉ុន្តែបើយើងសង្កេតមើលឲ្យបានច្បាស់លាស់ យុវវ័យដែលនាំគ្នាប្រើ facebook មានច្រើនណាស់ហើយ នារីៗដែលចូលចិត្តបង្ហោះរូបភាពស្រើបស្រាលទាំងនោះគឺមានតិចណាស់ ប្រសិនបើយើងធៀបទៅអ្នកដែលជាយុវវ័យខ្មែរប្រើប្រាស់ facebook គឺពួកគាត់គ្រាន់ តែជាមួយផ្នែកតូចតែប៉ុណ្ណោះ។
យុវវ័យសព្វថ្ងៃនេះតាមគំនិតខ្ញុំ មាន៣ប្រភេទខុសៗគ្នាទី១ជាមនុស្សដែលពួកគាត់ធ្វើល្អ ទី២ជាមនុស្សដែលធ្វើអ្វីដែលមនុស្សភាគច្រើនមើលមកថា ពួកគាត់អាក្រក់ ហើយនិងទី៣គឺមនុស្សដែលនៅកណ្ដាលពួកគាត់ល្អក៏គាត់មិនធ្វើហើយអាក្រក់ក៏គាត់មិនខ្វល់ហើយយុវវ័យដែលនៅក្នុងប្រភេទទី៣នេះ គឺមានច្រើនដូចនេះហើយបើសិនជាយើងប្រៀបធៀបទៅ គឺចំពោះនារីៗដែលចូលចិត្តថតរូបស៊ិចស៊ី ស្រើបស្រាលបង្ហោះក្នុង Facebook នេះក៏មិនច្រើនណាស់ណានោះទេ។
ចំណុចខាងលើដែលខ្ញុំលើកមកនេះខ្ញុំគ្រាន់តែចង់បញ្ជាក់ ថានារីបែបនោះមិនមែនជាអ្នកតំណាងឱ្យយុវវ័យទាំងអស់នោះទេខ្ញុំ និយាយបែបនេះ ព្រោះខ្មែរយើងមានបរិបទនៃការគិតមួយ ដែលអ្នកទាំងអស់គ្នាដឹងថា ត្រីមួយកន្ត្រកស្អុយអស់មួយគឺស្អុយទាំងអស់! ហើយសម្រាប់ខ្ញុំ ក្នុងនាមជានិស្សិតជាយុវជនខ្មែរមួយរូបខ្ញុំសុំចិត្តស្រីៗដែលប្រើប្រាស់ Facebook មួយចំនួនប្រសិនបើអាច កាត់បន្ថយបានគួរណា តែកាត់បន្ថយការថតរូបស៊ិចស៊ីស្រើបស្រាលនេះខ្លះ ផងទៅព្រោះសម័យនេះក្មេងៗភាគច្រើនចាប់ប្រើប្រាស់ Facebook ច្រើនណាស់ តាមខ្ញុំដឹង មានខ្លះត្រឹមរៀនអនុវិទ្យាល័យទេតែមានទូរស័ព្ទទំនើបអាចចេញចល័តគ្រប់កន្លែងជាមួយ Facebook បានហើយ។ នេះបើតាមខ្ញុំមើលឃើញមួយផ្នែកតូចហើយរូបភាពស្រើបស្រាលទាំងនោះ វាប៉ះពាល់ដល់ក្មេងៗជាខ្លាំងហើយដដែលបើតាម ខ្ញុំសង្កេតមើលក្មេងៗ ស្រីៗមួយចំនួនតូចនៅអនុវិទ្យាល័យ ជាពិសេសអ្នកភ្នំពេញមានសិស្សស្រីខ្លះចេះលេងម៉ូដស៊ិចស៊ីផាត់មុខលេង Style តាំងពីនៅក្មេងបែបនេះទៅហើយ។
ម្យ៉ាងវិញទៀតពួកគាត់អាចនឹងប្រឈមមុខជាមួយ នឹងការប្រលូកក្នុងការរួមភេទទាំងនៅក្មេង ព្រោះតែការផ្លាស់ប្ដូរបរិបទក្នុងការរស់នៅរបស់គាត់ហើយ Facebook នេះក៏បានក្លាយជាដើមទងមួយនៃការរស់នៅរបស់យុវវ័យមួយចំនួនរួចទៅហើយ។ ជាចុងក្រោយសុំចិត្តនារីៗដែលប្រើប្រាស់ Facebook គួរណាតែកាត់បន្ថយការបង្ហោះរូបថតបែបនោះទៅបើអាចធ្វើបាន"នេះ គឺជាសម្ដីយុវជនខ្មែរម្នាក់ជុំវិញបញ្ហាការបង្ហោះរូបភាពអាសអាភាសស្រើបស្រាលលើបណ្ដាញសង្គម Facebook ចុះអ្នកទាំងអស់គ្នាគិតថា រូបកាត់តប៉ុន្មានភាគរយ និងរូបឥតកាត់តប៉ុន្មានភាគរយដែរហើយអ្នកមានមតិយោបល់ យ៉ាងណាដែរចំពោះបញ្ហានេះ?